ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរចំនួន១៣៧នាក់ ស្រី ៦៣នាក់ បម្រុងឆ្លងដែនខុសច្បាប់ ទៅរកការងារធ្វើនៅប្រទេសថ្ងៃ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយអនុសេនីយ៍ឯក អោក សំណុក នាយរងការិយាល័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំអូរបីជាន់ និងកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនគោកលេខ៩១១ បានធ្វើការទប់ស្កាត់ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
បើតាមការរៀបរាប់ពីពលករទាំងនោះបាននិយាយថា ពួកគាត់ទៅរកការងារធ្វើនៅប្រទេសថៃនេះ គឺទៅដោយចិត្តខ្លួនឯង មិនមានមេខ្យល់នោះទេ។ ហើយការទៅនេះក៏ដោយសារតែពួកគាត់រួចពីធ្វើស្រែចម្ការ ហើយគ្មានការងារធ្វើក៏នាំគ្នាទៅធ្វើចំណាកស្រុកឆ្លងដែនទៅប្រទេសថៃ គឺដើម្បីទៅធ្វើកម្មករដាំដំឡូងមី ដាំពោត និងអំពៅ នៅខេត្តស្រះកែវ និងខេត្តត្រាត។ ពួកគាត់ ឆ្លងដែនតាមច្រកអូរបីជាន់ ច្រកក្តឹបថ្ម និងច្រកចម្ការគ ដោយបង់ឲ្យយោធាប្រចាំការនៅតាមនីមួយៗនោះ ពី៥ពាន់ទៅ១ម៉ឺនរៀល ទើបអនុញ្ញាតឲ្យពួកគាត់ទៅ។
លោកវរសេនីយ៍ត្រី ឡាយ គឹមលួន នាយការិយាល័យនគរបាលប្រឆាំងការជួញដូរ និងការពារអនីតិជន បានបញ្ជាក់ផងដែរថា ពលករទាំង១៣៧នាក់ មានស្រី៦៣នាក់ ក្នុងនោះគឺពួកគាត់មកពីខេត្តបន្ទាយមានជ័យ ចំនួន៦២នាក់ ស្រី២៩នាក់ ខេត្តកំពង់ធំចំនួន២៩នាក់ ស្រី១៣នាក់ និងខេត្តសៀមរាបចំនួនស្រី៤៦នាក់ ស្រី២១នាក់។ ពលករទាំងនេះត្រូវបានធ្វើការអប់រំណែនាំអំពីបញ្ហាប្រឈមនានា ចំពោះការធ្វើចំណាកស្រុកខុសច្បាប់ និងធ្វើកិច្ចសន្យាឲ្យគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញ ដើម្បីទៅធ្វើឯកសារត្រឹមត្រូវតាមច្បាប់៕
ចែករំលែកព័តមាននេះ