ខេត្តស្ទឹងត្រែង ៖ មនុស្សចំនួន០៤នាក់ទៀត ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែង ធ្វើការឃាត់ខ្លួនបន្តបន្ទាប់ ដោយសារពួកគេបានបញ្ចុះបញ្ចូល និងកៀងគរប្រជាពលរដ្ឋឲ្យចូលទៅកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ នៅចំណុចក្រឡាពុះ ស្ថិតក្នុងសេសាន ។
ពួកគេពាក់ព័ន្ធ នឹងការជួយរត់ការដោះស្រាយ និងសន្យាអោយប្រជាពលរដ្ឋបានចូលទៅបន្តកាប់ទន្ទ្រានដីធ្លី ដែលអាជ្ញាធរខេត្តស្ទឹងត្រែង និងក្រុមការងារ ក្រុមអន្តរាគមន៍ពិសេស ដឹកនាំដោយលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យរបស់សម្ដេចបវរធិបតី កំពុងចុះបង្ក្រាប និងទប់ស្កាត់ ។
លោកនាយករងខុទ្ទកាល័យរបស់សម្ដេចបវរធិបតី បានឲ្យដឹងថា បុគ្គលចំនួន០៤រូប ត្រូវបានឃាត់ខ្លួន រួមមាន ៖
លោក ស្លេះ សារី រស់នៅខេត្តកំពង់ចាម ជាមេខ្លោងក្នុងការរៀបចំផែនការ ប្រមូលមនុស្ស រៃអង្គាសថវិកាពីបងប្អូនទាំងអស់ ពិសេសបងប្អូនខ្មែរឥស្លាម ដើម្បីចូលទៅទន្ទ្រានព្រៃ ចាប់ដី និងបែងចែកដី ។ ដោយឡែក ចំនួន៣នាក់ផ្សេងទៀតកំពុងស្ថិតនៅក្នុងការសាកសួរបស់ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង និងសមត្ថកិច្ច និងបន្តតាមនីតិវិធីច្បាប់ ។
លោក ប៉ាន់ខែម ប៊ុនថន បានបន្តថា នេះគឺអនុវត្តបញ្ជាដ៍៏ម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសូមអោយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់ស្រទាប់វណ្ណៈ ឈប់ជឿ និងឈប់ចាញ់បោកជនខិលខួចទៀតទៅ ព្រោះទីតាំង ដែលអាជ្ញាធរយកមកវិញបាន គឺយើងបានប្រគល់ទៅឲ្យសាមីក្រសួង មន្ទីរ ដែលជាម្ចាស់បណ្តឹង មាន ក្រសួងបរិស្ថាន ឬក៏ក្រសួងកសិកម្មទទួលយក ដោយឡែកសម្រាប់ទីតាំង ដែលត្រូវដកហូតយកមកវិញនោះ គឺក្រុមការងារបានដកកម្លាំង ដោយបន្សល់ទុកតែកម្លាំងយោធា ដើម្បីការពារកុំឲ្យមានការវិលត្រឡប់ពីសំណាក់ជនខិលខូច ។
ទន្ទឹមនឹងនេះ ប្រធានក្រុមការងារ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសខ្មែរឥស្លាមនៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តព្រះវិហ៊ា ខេត្តកំពង់ធំ ឬបណ្តាខេត្តផ្សេងទៀត ដែលធ្លាប់បានទាក់ទងមកបុគ្គល ស្លេះ សារី នេះសូមបងប្អូនមកដាក់ពាក្យបណ្តឹង ដើម្បីទាមទារនូវការខាតបង់របស់បងប្អូនវិញ យើងខ្ញុំជាក្រុមការងារ រួមជាមួយ និងស្ថាប័នច្បាប់ នឹងកម្លាំងប្រដាប់អាវុធនៅទីនេះ រង់ចាំទទួលបណ្តឹងបងប្អូន និងជួយបងប្អូនគ្រប់ពេល ។
សូមបញ្ជាក់ផងដែរថា មេខ្លោង រួមអ្នកពាក់ព័ន្ធទាំងនេះ បានលួងលោម ឆបោកអោយប្រជាពលរដ្ឋចំនួន ១៥០នាក់ អោយបង់ថវិកា មួយគ្រួសារចាប់ពី២០០,០០០រៀល ដល់ ៨,០០០,០០០រៀល (តម្លៃពេញសិទ្ធិអាចក្លាយជាម្ចាស់ដី គឺ៨,០០០,០០០៛) ជាការដោះដូរ និងសន្យាអោយចូលទៅបន្តកាប់ទន្ទ្រានដីនោះ បន្តទៀត ៕
ចែករំលែកព័តមាននេះ