ប៉ូលិសអាមេរិកនាថ្ងៃទី២៤ កញ្ញា តាមរកជនប្រដាប់អាវុធម្នាក់ដែលបាញ់សម្លាប់មនុស្ស៥នាក់ ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនៃរដ្ឋវ៉ាស៊ីនតោនភាគពាយ័ព្យសហរដ្ឋអាមេរិកមុនពេលរត់គេចខ្លួន ។
ក្នុងតុល្យការថ្មីនេះការបាញ់ប្រហារដែលកើតមាននាយប់ថ្ងៃទី២៣ កញ្ញា ប៉ូលិសបញ្ជាក់ថា នារី៤នាក់ និងបុរសម្នាក់ត្រូវស្លាប់ ។ តុល្យការមុននេះរៀបរាប់ពីមនុស្សស្លាប់៤នាក់ ក៏ប៉ុន្តែបុរសម្នាក់ដែលរងរបួសធ្ងន់បានស្លាប់នៅមន្ទីរពេទ្យ ។
អ្នកនាំពាក្យប៉ូលិសរដ្ឋវ៉ាស៊ីនតោន លោក MARK FRANCIS គូសបញ្ជាក់ថា ជនសង្ស័យជាបុរសម្នាក់ស្លៀកពាក់ពណ៌ប្រផេះ ។ ការបាញ់ប្រហារកើតមាននៅមជ្ឈមណ្ឌលពាណិជ្ជកម្ម CASCADE MALL នៃទីក្រុង BURLINGTON ចម្ងាយប្រមាណ១១០គីឡូម៉ែត្រភាគខាងជើងក្រុង SEATTLE ។ ប៉ូលិសទទួលសេចក្តីរាយការណ៍នាវេលាម៉ោង១៨និង៥៨នាទីម៉ោងក្នុងស្រុក រួចបានចេញធ្វើអន្តរាគមន៍ដោយរហ័ស រួចមជ្ឈមណ្ឌលពាណិជ្ជកម្មនេះត្រូវជម្លៀសមនុស្សចេញ ។
យោងតាមរូបភាពវីដេអូកាមេរ៉ាសុវត្ថិភាព ហើយចាក់ផ្សាយដោយបណ្តាសារព័ត៌មានក្នុងស្រុកគេឃើញជនសង្ស័យជាបុរសវ័យក្មេងម្នាក់កាន់កាំភ្លើងមួយដើម ។ ប៉ូលិសនិយាយថា ជនសង្ស័យតាមវីដេអូគេឃើញកំពុងដើរសំដៅផ្លូវថ្នល់មួយក្បែរមជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុង BURLINGTON ជាទីក្រុងស្ថិតនៅចន្លោះទីក្រុង SEATTLE និងព្រំដែនកាណាដា ។
សាក្សីទាំងឡាយអះអាងប្រាប់ទូរទស្សន៍ KOMO NEWS ថា ខ្មាន់កាំភ្លើងបានចូលក្នុងហាង MACY’S ជាហាងធំមួយហើយបាញ់ប្រហារ ។
រយៈពេលជាច្រើនម៉ោង ក្រុមតាមរកដល់ទៅ១១ក្រុម និងឆ្កែតាមដាន២ក្រុមបានត្រួតពិនិត្យអគារមជ្ឈមណ្ឌលពាណិជ្ជកម្មមានទំហំ៤០.៣២០ម៉ែត្រក្រឡានេះ ។ មជ្ឈមណ្ឌលពាណិជ្ជកម្មនោះនៅតែបិទទ្វារនាថ្ងៃទី២៤ កញ្ញា៕
ចែករំលែកព័តមាននេះ