ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា​ពង្រឹង​សុវត្ថិភាព​ភ្ញៀវ​ទស្សនា​ថ្ងៃ​រះ​ចំ​កំពូល​ប្រាសាទ​អង្គរ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ ព្រះអាទិត្យ​នឹង​រះ​ចំ​ពីលើ​កំពូល​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត ចាប់ពី​ម៉ោង​៥​ទៅ​ម៉ោង​៦​ព្រឹក​។ ព្រឹត្តិការណ៍​នេះ​តែង​កើត​មាន​ឡើងជា​ទៀងទាត់​ក្នុង​មួយ​ឆ្នាំ​ពីរ​ដង​នៅ​ពេល​ដែល​យប់

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ ព្រះអាទិត្យ​នឹង​រះ​ចំ​ពីលើ​កំពូល​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត ចាប់ពី​ម៉ោង​៥​ទៅ​ម៉ោង​៦​ព្រឹក​។ ព្រឹត្តិការណ៍​នេះ​តែង​កើត​មាន​ឡើងជា​ទៀងទាត់​ក្នុង​មួយ​ឆ្នាំ​ពីរ​ដង​នៅ​ពេល​ដែល​យប់ និង​ថ្ងៃ​មាន​រយៈពេល​ស្មើគ្នា គឺ​នៅ​ថ្ងៃ​ទី​២០​និង​២១ ខែមីនា និង​ថ្ងៃ​ទី​២១ និង​២២ ខែកញ្ញា ។ សម្រាប់​ខែកញ្ញា ឆ្នាំ​២០១៦​នេះ ដោយសារ​សម​រាត្រី​នឹង​ត្រូវ​កើត​មាន​ឡើង​នៅ​ម៉ោង​៩​និង​២១​នាទី​យប់​ថ្ងៃ​ទី​២២ ខែកញ្ញា ដូច្នេះ​គេ​អាច​ទស្សនា​ព្រះអាទិត្យ​រះ​ចំ​ពីលើ​កំពូល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ។

កន្លង​មក​រៀង​រាល់ពេល​នៃ​ព្រឹត្តិការណ៍​នេះ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន តែងតែ​រូតរះ​ក្រោក​ពី​ព្រលឹម​ធ្វើ​ដំណើរ​ទៅ​ប្រាសាទអង្គរវត្ត​ដើម្បី​ត្រៀម​មើល​ទិដ្ឋភាព​ថ្ងៃ​រះ​ដំបូង​ដ៏​អស្ចារ្យ ដែល​ចំ​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត ដែល​ជា​ទិដ្ឋភាព​ដ៏​កម្រ​នឹង​ជួប​ប្រទះ​ប្រចាំឆ្នាំ ។  ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​នឹង​ដាក់​បន្ថែម​ភ្នាក់ងារ​ទេសចរ​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ និង​ជួយ​សម្រួលការ​កកស្ទះ ចាប់ពី​ម៉ោង​៤​ទៀប​ភ្លឺ​ព្រឹក​ថ្ងៃ​ទី​២៣​ខែកញ្ញា​តទៅ ។

លោក​សុខ សង្វារ អគ្គនាយករង​ទទួល​បន្ទុក​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បញ្ជាក់​ថា ដើម្បី​សម្រួលការ​កកស្ទះ​មនុស្ស​ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា ផ្សេង​ៗ ក្នុងអំឡុងពេល​ទស្សនា​ថ្ងៃ​រះ​ចំ​ពីលើ​កំពូល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​លំហូរ​ភ្ញៀវ ដោយ​ដាក់​ខ្សែ​ដើរ​ទស្សនា ហើយនឹង​បន្ថែម​កម្លាំង​ភ្នាក់ងារទេសចរណ៍​ឲ្យ​បាន​ច្រើន ដើម្បី​អាច​រៀបចំ​សណ្តាប់ធ្នាប់ និង​ការពារ​ប្រាសាទ ពី​ការ​ឡើង​ជាន់ ឬ​អង្គុយ​លើ​បង្កាន់ដៃ​នាគ​ជាដើម​។

លោក​សុខ សង្វារ បញ្ជាក់​ថា «​យើង​ស្វាគមន៍​ចំពោះ​ការ​ចូល​មក​ទស្សនា​ព្រឹត្តិការណ៍​ដ៏​កម្រ​នេះ ហើយ​យើង​ក៏​ត្រៀមខ្លួន​ដើម្បី​បញ្ចៀស​បញ្ហា​នានា​ដែរ ព្រោះថា បើ​មនុស្ស​ច្រើន​សម្រុក​មក​តែ​មួយ​ផ្លូវ ហើយ​យើង​រៀបចំ​ទីធ្លា​ខាងក្រៅ​មិន​ទាន់​ច្បាស់​ជា​កកស្ទះ​ហើយ​អាច​មាន​បញ្ហា ។ តាម​ការ​គណនា ស្ពាន​ហាល​ដែល​អាច​ឈរ​មើល​ព្រះអាទិត្យ​រះ​បាន គឺ​អាច​ផ្ទុក​មនុស្ស​មិន​លើស​ពី​៤​ពាន់​នាក់​ទេ ។ ដូច្នេះ​បើ​មនុស្ស​សម្រុក​មក​មើល​ច្រើន យើង​ត្រូវ​តែ​រៀបចំ​ទីធ្លា​ខាងក្រៅ​លើ​វាលស្មៅ​បន្ថែម​ទៀត​ទើប​ធានា​សុវត្ថិភាព​» ។

ទន្ទឹម​នឹង​កិច្ច​ស្វាគមន៍​ភ្ញៀវ​ទេសចរ​នៅ​ពេល​នេះ លោក​សុខ សង្វារ បាន​សំណូមពរ​ឲ្យ​ភ្ញៀវ​ទេសចរ​យោគយល់ និង​ចូលរួម​ជាមួយ​ការ​រៀបចំ​របស់​ភ្នាក់ងារទេសចរណ៍​ដើម្បី​បញ្ជៀ​ស​បញ្ហា ។ ម្យ៉ាងទៀត​កា​រប​ង្ហាះ​យន្តហោះ​ដែល​គ្មាន​មនុស្ស​បើក (Drone) ដើម្បី​ផ្តិត​យក​រូបភាព​ពីលើ​អាកាស​ក៏​មិន​អនុញ្ញាត​ដែរ ដើម្បី​បញ្ចៀស​ការ​រំខាន​អារម្មណ៍​អ្នក​ទស្សនា​ផង និង​ដើម្បី​បញ្ជៀ​ស​ហានិភ័យ​ពី​ការ​ធ្លាក់​ផង ។  ជាមួយ​គ្នា​នេះ អ្នកទេសចរ​ដែល​ទៅ​ទស្សនា ហើយ​បាន​ផ្តិត​យក​រូបភាព​ក្នុង​ព្រឹត្តិការណ៍​នោះ អាច​ចែករំលែក​រូបភាព​ដ៏​ទាក់ទាញ​នេះ តាម​រយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម ផ្សេង​ៗ​មាន facebook ជាដើម សូម​ភ្ជាប់​នឹង​និមិត្តសញ្ញា #angkorequinox ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​អំពី​អង្គរ​ទៅ​កាន់​ពិភពលោក​ឲ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត ៕