រាជធានីភ្នំពេញ ៖ បុរសនិស្សិតពេទ្យនៅសាលា IU ម្នាក់ ខណៈដឹកសង្សារចេញពីច្រៀងខារ៉ាអូខេត្រឡប់មកផ្ទះត្រូវចោរភ្ជង់ប្លន់យកម៉ូតូ តែមិនព្រមឱ្យ ក៏ត្រូវចោរដកកាំភ្លើងបាញ់៥គ្រាប់ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រថ្ងៃទី០១ កញ្ញា ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩២ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ក្រោយមក ជនរងគ្រោះត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយរបួសធ្ងន់ពេកនៅវេលាម៉ោង០៣ទៀបភ្លឺ បានស្លាប់ ។
នារីជាសង្សារមានឈ្មោះស្រីណុច អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ខ្លួននិងមិត្តប្រុស (ជនរងគ្រោះ) ឈ្មោះស្រី ផានិត អាយុ២៤ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី៥ ស្នាក់នៅសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ទើបតែចេញពីជួបជុំគ្នាជាមួយបងប្អូននៅខារ៉ាអូនខេម្តុំស្ពានអាកាស៥មករា រហូតដល់ម៉ោង១រំលងអធ្រាត្រ ក៏នាំគ្នាត្រឡប់ទៅផ្ទះវិញ ។
ដោយខ្លួន និងសង្សារ(ជនរងគ្រោះ) ជិះម៉ូតូមួយគ្រឿងម៉ាក Zoomer X ពណ៌ខៀវ ពាក់លេខភ្នំពេញ1642 មិនចាំលេខនៅខាងក្រោយ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៩២ ក្នុងទិសដៅពីកើតទៅលិច គោលបំណងជូននាងទៅផ្ទះនៅភ្នំពេញថ្មី ។ ខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានចោរពីរនាក់ជិះម៉ូតូមួយគ្រឿង ម៉ាកស្គូពី ពណ៌.ស មិនចាំស្លាកលេខ បានព្យាយាមជិះតាមកៀរម៉ូតូពីក្រោយ រហូតមកដល់មុខហាង «ម៉េងលី» ក៏ធ្វើឱ្យសង្សារខ្លួនរេចង្កួតម៉ូតូទៅប៉ះជាមួយរ៉ឺម៉កម៉ូតូមួយគ្រឿង ដែលគេចតចោលនៅតាមចិញ្ចើមផ្លូវ បណ្តាលឱ្យដួល ។
ភ្លាមៗនោះ បក្សពួកជនល្មើស បានដកកាំភ្លើងខ្លីភ្ជង់ប្លន់យកម៉ូតូ តែត្រូវយុវជនជាសង្សារមិនព្រមឱ្យបានប្រទាញប្រទង់មកវិញ ក៏ត្រូវជនល្មើសស្រែកថា «បាញ់វាឱ្យងាប់ទៅ» ហើយត្រូវនាងលុតជង្គង់ព្យាយាមអង្វរ កុំឱ្យបាញ់សម្លាប់យកម៉ូតូទៅចុះ តែកុំយកជីវិតអី ។
ភ្លាមៗនោះ ជនសង្ស័យមិនព្រមស្តាប់ទេ បានដកកាំភ្លើងអាមេបាញ់៥គ្រាប់ជាប់ៗគ្នា សំដៅលើជនរងគ្រោះជាអ្នកបើកម៉ូតូបណ្តាលឲ្យដេកដួលក្នុងថ្លុកឈាម ចំណែកនាង មិនត្រូវពួកវាបាញ់ទេ ។ បន្ទាប់ពីបាញ់ជនរងគ្រោះរងរបួសធ្ងន់ធ្ងរហើយ ជនសង្ស័យបានលើកយកម៉ូតូជនរងគ្រោះ ជិះចេញទៅបាត់ដោយសុវត្ថិភាព ។
ទោះជាយ៉ាងណា ជនរងគ្រោះត្រូវបានមិត្តភក្តិដឹកតាមរ៉ឺម៉កម៉ូតូយកទៅសង្គ្រោះនៅមន្ទីរព្រះកុសុមៈទាំងស្ថានភាពធ្ងន់ធ្ងរពេកគ្រូពេទ្យព្យាបាលរហូតជាងម៉ោង៣ភ្លឺ ក៏បានដាច់ស្លាប់ទៅហើយ ។
តាមការពិនិត្យរបស់សមត្ថកិច្ចថា ជនរងគ្រោះរងរបួស៥គ្រាប់ សុទ្ធតែចំណុចសំខាន់ (ចំឆ្អឹងជំនីរខាងឆ្វេង១គ្រាប់ ជើងឆ្វេង២គ្រាប់ ជើងស្ដាំ១គ្រាប់ និងប្រដាប់ភេទមួយគ្រាប់ ។
ចែករំលែកព័តមាននេះ