ខេត្តកំពង់ឆ្នាំង ៖ ដោយសារអត់ទ្រាំនឹងការជេរបញ្ចោររបស់ប្តីជារៀងរាល់ថ្ងៃដែលតែងតែចោទប្រកាន់ថា លួចមានសហាយស្មន់ជាមួយកូនប្រសា បានធ្វើឱ្យប្រពន្ធយកភ្លើងដុតផ្ទះបណ្តាលឱ្យឆេះម៉ដ្ឋ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១១ មិថុនា កន្លងមក នៅភូមិត្រពាំងក្រប៉ៅ ឃុំខ្ជងពពក ស្រុកទឹកផុស ។
លោកជួប ថាត អនុភូមិត្រពាំងក្រប៉ៅ បាននិយាយថា គ្រួសារនេះមានប្រពន្ធឈ្មោះឌុន ណុន អាយុ៤២ឆ្នាំ ដែលជាអ្នកយកភ្លើងដុតផ្ទះ និងមានប្តីឈ្មោះជា សារិន អាយុ៤៨ឆ្នាំ មានកូន៦នាក់ បែកមានគ្រួសារ២នាក់ សល់៤នាក់ ។
តាមការរៀបរាប់របស់ស្ត្រីជាប្រពន្ធថា ជារៀងរាល់ថ្ងៃឱ្យតែប្តីគាត់ផឹកស៊ីស្រវឹងពេលមកដល់ផ្ទះតែងតែជេរបញ្ចោររាល់ថ្ងៃ និងបានចោទប្រកាន់ថា លួចសហាយស្មន់ជាមួយកូនប្រសាប្រុសទៀតផង ដោយទ្រាំពុំបាន ណាខ្មាសគេផង ទើបនៅល្ងាចថ្ងៃទី១១ មិថុនា គាត់ក៏យកធាងត្នោតងាប់មកឆួលដុតផ្ទះតែម្តង។
ទោះបីជាបែបណា បុរសជាប្តីឈ្មោះជា សារិន បានបដិសេធថា គាត់មិនដែលចោទប្រពន្ធថា សហាយស្មន់ជាមួយកូនប្រសានោះទេ ប៉ុន្តែរឿងផឹកស្រវឹងគឺធ្លាប់មែន ។ បុរសជាប្តីបានដឹកដៃអ្នកកាសែតទៅចង្អុលប្រាប់ឆ្អឹងផ្ទះដែលបានឆេះនោះថា គាត់មានការសោកស្តាយខ្លាំងណាស់ ថ្វីដ្បិតតែផ្ទះតូចមែន ប៉ុន្តែទម្រាំធ្វើបានប៉ុណ្ណេះគឺប្រើពេលយូរណាស់ ឥឡូវមានអីនៅទៀត។
លោកជួប ថាត អនុប្រធានភូមិបានបន្តថា ផ្ទះនោះមានទំហំ៤ម៉ែត្រគុណ៦ម៉ែត្រ ធ្វើពីឈើប្រក់ស្លឹក និងបាំងជញ្ជាំងស្លឹកក្រាលក្តារ។ អ្នករស់នៅក្នុងផ្ទះនេះមានសមាជិក៧នាក់ រួមទាំងកូនប្រសាប្រុសម្នាក់ផង ។ ក្រោយពេលឆេះផ្ទះអស់ ប្រពន្ធ និងកូនបានរត់ទៅដេកផ្ទះអ្នកជិតខាង ចំណែកបុរសជាប្តីដេកនៅរោងគោម្នាក់ឯង ។
លោកអនុប្រធានភូមិបានបន្ថែមថា គ្រួសារនេះទាស់គ្នាស្ទើររាល់ថ្ងៃ មិនខំធ្វើស្រែចំការទេ ហើយលោកធ្លាប់ទៅសម្របសម្រួល និងអប់រំនៅស្នាក់ការភូមិញឹកញាប់ ប៉ុន្តែបុរសជាប្តីមិនរៀងចាលធ្វើឱ្យប្រពន្ធទ្រាំពុំបានក៏យកភ្លើងដុតផ្ទះឆេះខ្ទេចតែម្តង ។ ទោះជាយ៉ាងណា មិនគួរស្ត្រីជាប្រពន្ធមានចិត្តក្តៅក្រហាយ រហូតដល់ដុតបំផ្លាញទ្រព្យសម្បត្តិគ្រួសារទេ កន្លងមកគេធ្លាប់តែឮ ប្តីប្រើហិង្សាក្នុងគ្រួសារមានដុតនេះ ដុតនោះ ឥឡូវបែរជាស្ត្រីម្នាក់នេះប្រើអំពើមិនគប្បីធ្វើឱ្យបាត់បង់ភាពកក់ក្តៅទៅវិញ៕
ចែករំលែកព័តមាននេះ