រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមេធាវីចេញពីផឹកស៊ីស្រវឹង បានបើករថយន្តម៉ាកឡង់គ្រីស្ស័ររេចង្កូតទៅបុករនាំងដែកពុះចែកផ្លូវ បណ្ដាលឱ្យបាក់អស់ចំនួន៦ផ្ទាំង រួចជ្រុលប៉ះម៉ូតូ៣គ្រឿង និងរ៉ឺម៉កម៉ូតូមួយគ្រឿងទៀត សំណាងល្អ ដែលមិនមានគ្រោះថ្នាក់ដល់មនុស្ស ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២៦ កក្កដា ជិតភោជនីយដ្ឋានប៉ោកី ផ្លូវព្រះមុនីវង្ស កែងផ្លូវ២៨៨ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ អាយុ៥០ឆ្នាំ ជាមេធាវី បើករថយន្តម៉ាកឡង់គ្រីស្ស័រ ពណ៌កណ្តុរល្មែសពាក់ស្លាកលេខភ្នំពេញ 2U-3989 ធ្វើដំណើរតាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង មានល្បឿនលឿន និងក្នុងស្ថានភាពស្រវឹងស្រាទៀត ។ លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុករនាំងដែកពុះចែកផ្លូវ បណ្ដាលឱ្យបាក់អស់ចំនួន៦ផ្ទាំង ពេលរថយន្តមិនទាន់អស់ល្បឿន ទៅជ្រុលទៅបុកនិងម៉ូតូចំនួន៣គ្រឿង និងរ៉ឺម៉កម៉ូតូមួយគ្រឿងទៀត ដែលឈប់រង់ចាំឌុបម៉ូយ
បណ្តាលឱ្យរងកាខូចខាត យ៉ាងដំណំផងដែរ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
ម៉ូតូ ដែលរថយន្តបុកមានម៉ាកវ៉េវ ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ1AP-6662 ម៉ូតូមួយគ្រឿងទៀតម៉ាក ZOOMER X ពណ៌.ស ពាក់ស្លាកលេខភ្នំពេញ 1FU-7199 និងម៉ូតូមួយទៀតម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1J-9912 ។ រ៉ឺម៉កម៉ូតូពណ៌ក្រហម អត់មានស្លាកលេខ បណ្តាលឲ្យខូចខាតធ្ងន់២គ្រឿងនិងស្រាល២គ្រឿង ។
ដោយឡែករថយន្តវិញ រងកាខូចខាតផ្នែកខាងមុខចំហៀងស្តាំ ចំណែកអ្នកបើកត្រូវសមត្ថកិច្ចដឹកតាមម៉ូតូយកទៅសាកសួរនៅប៉ុស្ត៍នគរបាលបឹងកេងកង២ ទាំងរថយន្ត និងម៉ូតូព្រមទាំងអ្នកបើក ត្រូវសមត្ថកិច្ចយកទៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីធ្វើការដោះស្រាយ ។
ចែករំលែកព័តមាននេះ