រាជធានីភ្នំពេញ ៖ អាហារបំប៉នដែលផ្ទុកសារធាតុគីមីពុល (Heavy Metal) លើសកម្រិតអនុញ្ញាតមួយចំនួន ត្រូវបានគេរកឃើញកំពុងចរាចរលក់លើទីផ្សារក្នុងប្រទេសកម្ពុជា ។ ក្នុងចំណោមអាហារបំប៉នទាំងនោះ ឈ្មោះថា «Angung Uhwang Hwan» , «Uhwang Cheongsim Hwan» និង«Yang Chun Samrok» ជាផលិតផលរបស់ប្រទេសកូរ៉េខាងជើង ដែលបាននិងកំពុងដាក់លក់នៅតាមភោជនីយដ្ឋានរបស់កូរ៉េខាងជើងក្នុងរាជធានីភ្នំពេញចំនួន៥កន្លែង និង២កន្លែងទៀតនៅខេត្តសៀមរាប ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ ។ នេះបើតាមប្រភពដែលជិតស្និទបានបង្ហើបប្រាប់ ។
តាមសម្ដីអ្នកលក់អាហារបំប៉ននេះនៅក្នុងភោជនីយដ្ឋានកូរ៉េខាងជើងមួយកន្លែង បាននិយាយថា ៖ « Angung Uhwang Hwan ជាផលិតផលមួយប្រភេទដែលអាចព្យាបាលអាការឈឺក្បាល ក្ដៅខ្លួន គ្រុន ហើយកូនក្មេងក៏អាចញ៉ាំបានដែរ » ។
អ្វីដែលជាក្ដីបារម្ភនោះគឺថា ប្រសិនបើជាអាហារបំប៉នសុខភាពដែលគោរពតាមបទដ្ឋានត្រឹមត្រូវ ហេតុអ្វីបានជាបណ្ដាប្រទេសមួយចំនួនមិនអនុញ្ញាតឲ្យមានការនាំចូលប្រទេសគេ ?
ពុំទាន់មានសេចក្ដីរាយការណ៍ណាមួយនៅឡើយពីក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ខណៈអ្នកយកព័ត៌មានកោះសន្ដិភាពបានព្យាយាមទាក់ទងសុំការបញ្ជាក់ពីមន្ត្រីក្រសួងសុខាភិបាលដែរ តែត្រូវបានតម្រូវឲ្យសរសេរលិខិតរដ្ឋបាលដើម្បីស្នើសុំ ។
ទោះបីយ៉ាងណា បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap ចេញផ្សាយកាលពីថ្ងៃទី២៨ មិថុនា បានឲ្យដឹងថា អាជ្ញាធរសុខភាពកូរ៉េខាងត្បូងបានប្រមូលអាហារបំប៉នសុខភាពដែលជាផលិតផលរបស់កូរ៉េខាងជើងចំនួន១៣ប្រភេទខុសៗគ្នាដែលបានចរាចរលើទីផ្សារ ក្រៅប្រទេស ដោយបានរកឃើញសំណាកផលិតផល១០ប្រភេទនៃអាហារបំប៉នសុខភាពទាំងនោះមានផ្ទុកសារធាតុគីមីពុល(Heavy Matel) លើសកម្រិតអនុញ្ញាត ដូចជាសារធាតុបារត និងសំណ ។ កម្រិតលើសដែលបានរកឃើញនេះ គឺលើសដល់ទៅ២០ម៉ឺនដង ខ្ពស់ជាងកម្រិតដែលអនុញ្ញាតសម្រាប់ម្ហូបអាហារ ដែលអាចនាំឱ្យមានបញ្ហាដល់សុខភាពធ្ងន់ធ្ងរ ហើយនេះវាមិនមែនជាលើកទីមួយទេ ដែលគេបានរកឃើញថា មានគ្រឿងផ្សំគ្រោះថ្នាក់ជាច្រើននៅក្នុងផលិតផលអាហារបំប៉នសុខភាពរបស់កូរ៉េខាងជើងទាំងនោះ ។ កាលពីឆ្នាំ២០១៤ អាជ្ញាធរវៀតណាមក៏បានប្រមូលមកវិញនូវផលិតផលអាហារបំប៉នសុខភាព ដែលមានឈ្មោះថា « Angung Uhwang Hwan » ផងដែរ ហើយបញ្ឈប់លែងឲ្យមានដាក់លក់លើទីផ្សារ ដោយលើកឡើងពីហេតុផលហានិភ័យសម្រាប់សុខភាព ។
ទីភ្នាក់ងារដដែលបានបន្ដថា ប្រទេសកូរ៉េខាងជើងបានអះអាងថា ផលិតផលនេះមានប្រសិទ្ធភាពក្នុងការព្យាបាលបញ្ហាក្រពះ និងបញ្ហាសម្ពាធឈាម ។ កូរ៉េខាងជើងបាននាំចេញអាហារបំប៉នសុខភាពភាគច្រើនទៅប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលពួកគេធានាថា ផលិតផលទាំងនេះផ្តល់នូវប្រាក់ចំណេញខ្ពស់ ហើយការលក់អាហារបំប៉ននេះ គឺជាវិធីមួយដែលកូរ៉េខាងជើងអាចរកប្រាក់ដុល្លារបានរួមជាមួយការបញ្ជូនពលករទៅក្រៅប្រទេស ។
អ្នកឃ្លាំមើលកូរ៉េខាងជើងម្នាក់បាននិយាយថា ទីក្រុងព្យុងយ៉ាងបានបញ្ជាពលករនៅក្រៅប្រទេសលក់អាហារបំប៉នទាំងនេះ ដែលភាគច្រើនត្រូវបានដាក់លក់តាមភោជនីយដ្ឋានកូរ៉េខាងជើងនៅក្រៅប្រទេស ហើយអាជ្ញាធររបស់កូរ៉េខាងជើង ត្រូវបានគេជឿថា បានចូលរួមយ៉ាងសកម្មក្នុងការផលិតអាហារបំប៉នទាំងនេះ ក្នុងគោលបំណងដើម្បីធានាបញ្ហារូបិយប័ណ្ណ។ កាលពីខែមេសា ឆ្នាំ២០១១ អតីតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអុីល បានធ្វើទស្សនកិច្ចនៅរោងចក្រថ្នាំ Kanggye Koryo ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតអាហារបំប៉ន ។ នេះបើតាមប្រភពបានបញ្ជាក់ ។
ដោយឡែក កាលពីពេលថ្មីៗ ភោជនីយដ្ឋានកូរ៉េខាងជើងចំនួន៣០ត្រូវបានបិទនៅបរទេស ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap ដដែល ចេញផ្សាយថ្ងៃទី១២ កក្កដា បានឲ្យដឹងថា ភោជនីយដ្ឋានកូរ៉េខាងជើងជាង៣០ នៅក្រៅប្រទេសត្រូវបានបិទ ។ តាមរដ្ឋាភិបាលកូរ៉េខាងត្បូងបានប៉ាន់ប្រមាណថា កូរ៉េខាងជើងកំពុងដំណើរការភោជនីយដ្ឋានប្រមាណ១៣០នៅប្រទេសចំនួន១២ រួមមាន ចិន វៀតណាម និងកម្ពុជា ហើយអាចរកប្រាក់ចំណូលបាន១០លានដុល្លារអាមេរិកប្រចាំឆ្នាំ ។
ភោជនីយដ្ឋានកូរ៉េខាងជើងនៅឯបរទេស ត្រូវបានគេចាប់អារម្មណ៍តាំងពីខែមេសាមក នៅគ្រាដែលពលករជនជាតិកូរ៉េខាងជើងចំនួន១៣នាក់ធ្វើការនៅភោជនីយដ្ឋានព្យុងយ៉ាងក្នុងប្រទេសចិន រត់ទៅកូរ៉េខាងត្បូង ។ ពលករចំនួន៥ម៉ឺននាក់ត្រូវបានគេបញ្ជូនទៅធ្វើការនៅក្នុងភោជនីយដ្ឋានកូរ៉េខាងជើងនៅក្រៅប្រទេស ដើម្បីរកប្រាក់ដុល្លារឲ្យបានច្រើនក្នុងការជួយបញ្ចៀសការលំបាកផ្នែកសេដ្ឋកិច្ច នៅក្រោមការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដោយអង្គការសហប្រជាជាតិ កន្លងមក ។
ប្រទេសកូរ៉េខាងជើងកំពុងប្រឈមនឹងការលំបាកក្នុងការរកប្រាក់ចំណូលជាដុល្លារ ដោយសារការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើក្រុងព្យុងយ៉ាង ក្នុងន័យទប់ស្កាត់ប្រភពនៃរូបិយប័ណ្ណរឹងដែលគេសង្ស័យថា ប្រាក់ចំណូលនេះគាំទ្រកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល របស់កូរ៉េខាងជើង ។
ផលប៉ះពាល់នៃបារត និងសំណ
យោងតាមឯកសារអាជ្ញាធរសុវត្ថិភាពចំណីអាហាររបស់ប្រទេសអៀរឡង់ បានឱ្យដឹងថា ជាតិពុលនៃបារត និងសំណមានពីរចំណុច ៖
១-យើងមិនដឹងច្បាស់ពីមុខងាររបស់វាក្នុងការរំលាយអាហារទេ ប៉ុន្តែនៅពេលដែលវាបានជ្រាបចូលក្នុងរាងកាយនោះ វាធ្វើឱ្យរំខានដល់ដំណើរការកោសិកា ដែលនាំឱ្យជាតិពុលទាំងនោះជ្រាបចូលសរីរាង្គជាច្រើនរបស់យើង ។
២-ការប្រមូលផ្ដុំនៃសារធាតុ (Bioaccumulation) ជាវដ្តនៃភាពកកកុញជាតិបារត និងសំណនៅក្នុងជាលិការបស់យើង ។
អ្វីៗទាំងនេះកើតឡើងនៅពេលដែលសារធាតុទាំងនោះចូលក្នុងរាងកាយ វានឹងផ្តុំគ្នាជាពិសេសនៅក្នុងសរីរាង្គ ។ ឧទាហរណ៍ វាអាចផ្តុំគ្នានៅក្នុងថ្លើម ឬតម្រងនោម ហើយសារពាង្គកាយយើងបញ្ចេញសារធាតុនេះវិញ បានតិចតួច និងយឺតប៉ុណ្ណោះ មិនដូចពេលស្រូបចូលនោះទេ ដូច្នេះហើយយើងចាំបាច់គួរតែគ្រប់គ្រងកម្រិតសារធាតុពុលទាំងនេះនៅក្នុងម្ហូបអាហារ ដើម្បីរក្សាសុខភាពរបស់យើងឱ្យបានល្អ ។
ជាតិបារតបង្កផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរដូចជា ការប៉ះពាល់ដល់ប្រព័ន្ធប្រសាទផ្នែកកណ្តាល និងតម្រងនោម។ ទម្រង់ផ្សេងៗគ្នានៃបារត (ឧទាហរណ៍ លោហធាតុបារត អំបិលបារត ដូចជាបារតក្លរួ និងទម្រង់បារតសរីរាង្គ ដូចជា មេទីលបារត) បង្កើតជាទម្រង់សារធាតុពុលផ្សេងៗ ។
ដោយឡែក ផលប៉ះពាល់នៃសារធាតុសំណ ក៏ដូចនឹងបារតដែរ ។ កម្រិតខ្ពស់នៃជាតិសំណក្នុងសារពាង្គកាយ អាចផ្តល់ផលប៉ះពាល់ក្នុងរយៈពេលខ្លីដូចជា ការចុះខ្សោយនៃដំណើរការខួរក្បាល បណ្តាលឱ្យខ្វិន (ពិការ) កង្វះឈាមក្រហម និងចេញរោគសញ្ញានៃជំងឺក្រពះ និងពោះវៀនជាដើម ។ រីឯផលប៉ះពាល់រយៈពេលវែងវិញ គឺបណ្តាលឱ្យខូចតម្រងនោម ប៉ះពាល់ដល់ប្រព័ន្ធបន្តពូជ និងភាពស៊ាំផ្សេងៗ ហើយម្យ៉ាងទៀត វាជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធសរសៃប្រសាទ ៕
ចែករំលែកព័តមាននេះ