ខេត្តពោធិ៍សាត់ ៖ នាឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ប្រមាណជិតមួយពាន់នាក់ នៅឃុំត្រពាំងជង ស្រុកបាកាន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោករដ្ឋមន្ត្រី ស៊ុយ សែម ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា ប្រទេសកម្ពុជាជាប្រទេសមានសន្តិភាពក្នុងចំណោមប្រទេសអាស៊ាន ហើយសន្តិភាពនេះគឺបានមកពីគណបក្សប្រជាជនកម្ពុជា ។
ម្យ៉ាងវិញទៀត ដោយសារយើងជ្រើសរើសអ្នកដឹកនាំត្រូវ គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។ បើយើងជ្រើសរើសខុសដូចកាល លន់ នល់ និងប៉ុល ពត នោះប្រទេសកម្ពុជាយើងប្រាកដជាវិលទៅរកភាពអន្តរាយទៀតជាមិនខាន ។ ដោយសារប្រទេសមានសុខសន្តិភាពបែបនេះហើយ ទើបយើងអាចកសាងបានអ្វីៗគ្រប់បែបយ៉ាងលើគ្រប់វិស័យ និងធ្វើឲ្យបណ្ដាប្រទេសនានាលើសកលលោកស្ងើចសរសើរទៀតផង ។
លោករដ្ឋមន្ត្រីមានប្រសាសន៍ថា សព្វថ្ងៃនេះប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាងហើយក៏ដោយសារតែសេរីភាពខ្លាំងពេកនេះហើយ ទើបធ្វើឲ្យជននិងក្រុមជ្រុលនិយមមួយចំនួនធ្វើអ្វីៗស្រេចតែនឹងចិត្ត មិនគោរពច្បាប់ បង្កភាពអនាធិបតេយ្យចលាចលដល់សង្គម ។ ពីមុន យើងមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ជាអ្នកសង្គ្រោះប្រជាជនឲ្យរួចផុតពីរបបប៉ុល ពត និងស្ដារប្រទេសពីបាតដៃទទេ ឲ្យមានអ្វីៗឡើងវិញទាំងអស់ ។ ផ្លូវកៅស៊ូ និងអគ្គិសនីមានដល់ជនបទ ដែលតាំងពីដូនតាយើងមកមិនដែលមានទេ ។
ចំណែកគណបក្សនយោបាយវិញ កាលប្រទេសមានសង្គ្រាមមិនដឹងសម្ងំសុខនៅទីណាទេ លុះពេលចប់សង្គ្រាម ស្រាប់តែមានគណបក្សជាច្រើនចូលមកប្រកួតប្រជែង ចង់ដឹកនាំប្រទេសបែបប្រជាធិបតេយ្យ ហើយបានឃោសនាទាំងភូតកុហកបោកប្រាស់ប្រជាជនឲ្យប្រជាជនបោះឆ្នោតឲ្យ លុះពេលចាញ់ឆ្នោតបាត់មុខអស់រលីង។
ចែករំលែកព័តមាននេះ