រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ មិថុនា វេលាម៉ោង១១និង២៥នាទី លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំស្ត្រីទី១ ទូទាំងពិភពលោក ដែលជាផ្នែកមួយនៃកិច្ចប្រជុំជាន់ខ្ពស់របស់មហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំ២០១១ ស្តីអំពីអេដស៍ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៨-១០ មិថុនា ឆ្នាំ២០១១ នៅទីស្នាក់ការអង្គការសហប្រជាជាតិ បុរីញូវយ៉ក ។ កិច្ចប្រជុំជាន់ខ្ពស់នេះ ពិតជាមានសារសំខាន់ក្នុងការបង្កើនការប្តេជ្ញាចិត្តបន្ថែមទៀតពីសហគមន៍អន្តរជាតិ ដើម្បីលុបបំបាត់ការឆ្លងមេរោគអេដស៍ពីមាតាទៅទារកនៅឆ្នាំ២០១៥ ដោយមានការចូលរួមពីរដ្ឋាភិបាល សង្គមស៊ិវិល ដៃគូអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ និងស្ត្រីទី១ នៃបណ្តាប្រទេសនៅលើពិភពលោក ។
ការអញ្ជើញទៅចូលរួមកិច្ចប្រជុំរបស់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងគណៈប្រតិភូនៅពេលនេះ គឺឆ្លើយតបទៅនឹងការអញ្ជើញពីលោកជំទាវ បាន ស៊ូនតេក (BAN Soon-Taek) ភរិយាអគ្គលេខាធិការអង្គការសហប្រជាជាតិ រួមជាមួយនឹងលោកជំទាវ វ៉ោយ ហ្សេរ៉ូ អាហ្សិប ម៉េសហ្វីន (Woizero Azeb Mesfin) ស្ត្រីទី១ នៃប្រទេសអេត្យូពី និងជាប្រធានអង្គការស្ត្រីនៅបណ្តាប្រទេសអាហ្វ្រិក និងលោកមា៉យឃែល សាយឌីបេ (Michel Sidibé) នាយកប្រតិបត្តិនៃកម្មវិធីរួមរបស់អង្គការសហប្រជាជាតិស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ ។
កិច្ចប្រជុំស្ត្រីទី១ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ស្ត្រីទី១ លុបបំបាត់ការឆ្លងមេរោគអេដស៍ពីមាតាទៅទារក» ដែលនេះជាវេទិកាដ៏មានអត្ថន័យ ដើម្បីបង្ហាញអំពីតួនាទីដ៏សំខាន់របស់ស្ត្រីទី១ ក្នុងការលុបបំបាត់ការឆ្លងមេរោគអេដស៍ពីមាតាទៅទារក និងក្នុងការគិតគូរពីការសង្គ្រោះអាយុជីវិតមាតា និងទារកឱ្យចាកផុតពីមេរោគ អេដស៍ ។ ការចូលរួមពីសំណាក់ស្ត្រីទី១ នៅលើពិភពលោក គឺជាការប្តេជ្ញាចិត្តរួមគ្នាសំដៅលុបបំបាត់ការចម្លងមេរោគអេដស៍ពីមាតាទៅទារកឱ្យបាននៅឆ្នាំ២០១៥ ព្រោះថា បច្ចុប្បន្ននេះការឆ្លងមេរោគអេដស៍ពីមាតាទៅទារក គឺជាភាពអយុត្តិធម៌មួយក្នុងសាកលលោក ហើយជាការមួយដែលគេអាចនាំគ្នាទប់ស្កាត់បាន ។ ទោះបីជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ដែលបានធ្វើក្នុងរយៈពេលមួយទសវត្សកន្លងមកហើយក្តី ក៏នៅមានទារកជាង១.០០០នាក់ ។
នៅក្នុងកិច្ចប្រជុំនោះ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងត្រូវធ្វើបទអន្តរាគមន៍នៅរសៀលថ្ងៃពុធ ទី៨ មិថុនា ឆ្នាំ២០១១ ដោយផ្តោតជាសំខាន់អំពីមេរៀន និងបទពិសោធន៍ល្អៗ ដែលកម្ពុជាទទួលបានជោគជ័យក្នុងការកាត់បន្ថយអត្រាប្រេវ៉ាឡង់អេដស៍ពី០,៩% នៅឆ្នាំ២០០៦ មកនៅត្រឹម០,៦% នៅឆ្នាំ២០១១ បញ្ហាប្រឈមនឹងវិធានការនៃការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍ ជាពិសេសពីមាតាទៅទារក ។ បន្ថែមពីលើនេះទៅទៀត លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងគណៈប្រតិភូ នឹងត្រូវចូលជួបសវនាការជាមួយលោកបាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅរសៀលថ្ងៃអង្គារ ទី៧ មិថុនា ឆ្នាំ២០១១ វេលាម៉ោង១៧និង៤៥នាទី នៅការិយាល័យរបស់លោកអគ្គលេខាធិការ ហើយនឹងចូលរួមនៅក្នុងពិធីបើកយុទ្ធនាការផែនការសកម្មភាពសាកលស្តីពីការលុបបំបាត់ការចម្លងថ្មីមេរោគអេដស៍ក្នុងចំណោមកុមារ មុនឆ្នាំ២០១៥ និងការថែរក្សាជីវិតមាតាឱ្យនៅរស់រានមានជីវិត ។
នៅក្នុងដំណើរអញ្ជើញចូលរួមកិច្ចប្រជុំនេះ លោកតូនី លីស (Tony E.Lisle) ប្រធានអង្គ ការយូអិនអេដស៍ប្រចាំកម្ពុជាបានថ្លែងថា វត្តមានរបស់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ពិតជាមានកិត្តិយសធំធេងណាស់សម្រាប់កិច្ចប្រជុំជាន់ខ្ពស់លើកទី១ ស្តីពីការងារអេដស៍នៃបណ្តាស្ត្រីទី១ ទូទាំងពិភពលោក ដែលនេះនឹងបង្ហាញឱ្យឃើញពីឆន្ទះនយោបាយរបស់ថ្នាក់ដឹកនាំនៃប្រទេសនីមួយៗ ហើយការចូលរួមនិងការដឹកនាំធ្វើសកម្មភាពកន្លងមក ក៏ដូចជាទៅថ្ងៃអនាគតរបស់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ពិតជាមានអត្ថន័យ និងមានសារសំខាន់មិនមែនសម្រាប់តែព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល ។
ក្នុងការអញ្ជើញទៅចូលរួមកិច្ចប្រជុំជាន់ខ្ពស់នេះ គណៈប្រតិភូស្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា នឹងមានឱកាសធ្វើការផ្លាស់ប្តូរបទពិសោធន៍ និងបង្ហាញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រតិបត្តិករពាក់ព័ន្ធក្នុងការកាត់បន្ថយអត្រាប្រេវ៉ាឡង់អេដស៍ ការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ការលើកកម្ពស់ការមិនរើសអើងអ្នករស់នៅជាមួយមេរោគអេដស៍ ដែលលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត បាននិងកំពុងដឹកនាំចលនាក្នុងប្រទេសធ្វើសកម្មភាពជាច្រើន ក្នុងនាមជាប្រធានកាកបាទក្រហមកម្ពុជា ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ។ គណៈប្រតិភូស្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា នឹងត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ នៅថ្ងៃទី១២ មិថុនា ខាងមុខ ៕
ចែករំលែកព័តមាននេះ