ខេត្តកោះកុង ៖ សហគមន៍ទេសចរណ៍ជីផាត ស្ថិតក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង កំពុងទទួលបានកំណើនភ្ញៀវទេសចរពី១ឆ្នាំទៅ១ឆ្នាំ ។ ជាងនេះទៅទៀត សមាជិកសហគមន៍ក៏បានកើនឡើងជាលំដាប់ ជាពិសេសអ្នកភូមិដែលធ្លាប់ប្រកបមុខរបរបរបាញ់សត្វព្រៃកាប់ឈើ បែរជាងាកមកប្រកបរបររកស៊ីជាមួយភ្ញៀវទេសចរ ធ្វើឱ្យជីវភាពរបស់ពួកគាត់រស់នៅបានយ៉ាងសមរម្យថែមទៀតផង។ នេះក៏ដោយសារការសហការ និងយកចិត្តទុកដាក់រវាងក្រសួងទេសចរណ៍ និងម្ចាស់គម្រោងសហគមន៍ទេសចរណ៍ ក្រោមការគ្រប់គ្រងដោយកញ្ញាស៊ូ វណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងលោកព្រំ ហឹង ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត ។
នៅថ្ងៃទី១ មិថុនា ឆ្នាំ២០១១ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំមន្ត្រីក្រោមឱវាទធ្វើដំណើរទៅកាន់តំបន់នោះ និងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ ដោយមានការចូលរួមពីអភិបាលរងខេត្តកោះកុង ប្រធានសហគមន៍អេកូទេសចរណ៍ និងនាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃផងដែរ ។ ពិធីនេះធ្វើឡើងនៅក្នុងសហគមន៍អេកូទេសចរណ៍ ស្ថិតនៅក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ក្នុងគោលបំណងពង្រឹងសហគមន៍ទេសចរណ៍ជីផាតឱ្យកាន់តែរឹងមាំថែមទៀត ។
លោកព្រំ ហឹង ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត បានមានប្រសាសន៍ក្នុងពិធីនេះថា គម្រោងសហគមន៍ទេសចរណ៍ត្រូវបានពង្រីកជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមជាមួយសមាជិក ចំនួន១៩៦គ្រួសារ ហើយបច្ចុប្បន្នសមាជិកគម្រោងបានកើនឡើងរហូតដល់២៥៥គ្រួសារដោយសារតែពួកគាត់យល់ដឹងអំពីផលប្រយោជន៍ដែលបានមកពីសហគមន៍ទេសចរណ៍ ។ លោកបន្តថា ចាប់តាំងពីឆ្នាំ២០០៨ សហគមន៍ជីផាតទទួលភ្ញៀវទេសចរបានជាង២.៧០០នាក់ ហើយបាននាំចំណូលសហគមន៍ជិត១០០.០០០ដុល្លារ មកទល់ខែឧសភា ឆ្នាំ២០១១ នេះ ។ គម្រោងសហគមន៍អេកូទេសចរណ៍ក៏បានបន្តអភិវឌ្ឍន៍ និងកែលំអសេវាកម្មទេសចរណ៍ជាច្រើន ស្របតាមតម្រូវការភ្ញៀវដូចជា ការចាប់បង្កងតាមបែបបុរាណ ដែលរំពឹងថា នឹងទទួលបានប្រជាប្រិយភាពពីសំណាក់ភ្ញៀវទេសចរអន្តរជាតិ ដែលស្វែងរកតំបន់ទេសចរណ៍ធម្មជាតិពិតៗ។ លោកប្រធានសហគមន៍បន្តទៀតថា ភ្ញៀវទេសចរបច្ចុប្បន្នអាចជ្រើសរើសសកម្មភាពផ្សេងៗ ដែលមានរយៈពេលខុសៗគ្នារួមមាន ការដើរព្រៃ ការជិះកង់កម្សាន្ត ការជិះទូកជ័រកាយ៉ាក ការទស្សនា សត្វស្លាប និងការមើលសត្វព្រៃជាដើម ។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា លោកសូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលុបចោលគម្រោងជីករករ៉ែរបស់ក្រុមហ៊ុនមួយនៅតំបន់ជីផាតនេះ ហើយបានប្រគល់តំបន់ជីផាតនេះឱ្យមកសហគមន៍អេកូទេសចរណ៍បានដំណើរការមកដល់សព្វថ្ងៃនេះ ។ នេះជាគំនិតដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានគិតគូរពីអនាគតប្រជាពលរដ្ឋ ។
លោករដ្ឋមន្ត្រីបានបន្តថា វិស័យអេកូទេសចរណ៍ជាវិស័យល្អមួយចំពោះសហគមន៍ និងអាចកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ហើយអេកូទេសចរណ៍ក៏បានជួយទប់ស្កាត់កំដៅផែនដីផងដែរ ។ ដូច្នេះប្រជាពលរដ្ឋត្រូវតែបន្តការពារធនធានធម្មជាតិឱ្យបានកាន់តែល្អប្រសើរឡើង ។ ចំពោះប្រជាពលរដ្ឋដែលធ្លាប់ប្រកបរបរប្រមាញ់សត្វព្រៃកាលពីមុននោះ ឥឡូវបានបោះបង់អាជីនោះដោយងាកមកប្រកបរបរជាមួយភ្ញៀវទេសចរ ហើយបានកែប្រែជីវភាពរបស់ខ្លួនបានយ៉ាងល្អទៀតផង ។ ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីក៏បានអំពាវនាវដល់អ្នកវិនិយោគនៅតំបន់ឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍ ត្រូវស្វែងរកដៃគូឱ្យបានច្រើន ដើម្បីធ្វើការអភិវឌ្ឍឱ្យបានកាន់តែច្រើន ដោយចៀសវាងកុំធ្វើឱ្យប៉ះពាល់បរិស្ថាន ។ ក្រសួងទេសចរណ៍ក៏មានបំណងចង់ឱ្យតំបន់អេកូទេសចរណ៍ជីផាតនេះ ដូចតំបន់ទេសចរណ៍នៅតាតៃដែរ ។
គួរបញ្ជាក់ថា តំបន់អេកូទេសចរណ៍ជីផាតខាងលើ បើធ្វើដំណើរពីភ្នំពេញត្រូវទៅតាមផ្លូវជាតិលេខ៤រួចបត់ទៅផ្លូវជាតិលេខ៤៨ (ផ្លូវស្រែអំបិល) ចម្ងាយប្រមាណ១៨០គីឡូម៉ែត្រ និងទៅដល់ផ្លូវលំចូលទៅតំបន់អេកូទេសចរណ៍ជីផាតចម្ងាយ១៧គីឡូម៉ែត្រទៀត ។ ទេសភាពនៃតំបន់ជីផាត គឺស្រស់ត្រកាលលាតសន្ធឹងតាមដងព្រែកដែលមានទឹកថ្លាឆ្វង់អមទៅដោយព្រៃធម្មជាតិគួរឱ្យគយគន់។
សម្រស់ធម្មជាតិនេះបានទាក់ទាញភ្ញៀវទេសចរឱ្យទៅកាន់ទីនោះមិនចេះជិនណាយ ។ ប្រជាពលរដ្ឋនៅតំបន់នោះក៏មានការរីករាយ ខណៈដែលបានទទួលផលប្រយោជន៍ពីតំបន់អេកូទេសចរណ៍នេះ ។ តំបន់ជីផាតមានដីសំបូរដោយជីជាតិធ្វើឱ្យរុក្ខជាតិស៊ីផ្លែដុះលូតលាស់ យ៉ាងល្អ ។ ជាក់ស្តែងដើមទុរេន សាវម៉ាវ បំពេញរាជ្យ និងខ្នុរមានផ្លែស្ទើរបាក់មែក ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺផ្លែខ្នុរត្រូវបានប្រជាពលរដ្ឋដាំសម្រាប់ជាចំណីគោ ឯផ្លែបំពេញរាជ្យ ធំៗជ្រុះគរចោលលើដី។ អ្វីៗពិតជាស្មានមិនដល់តែបានបង្ហាញថា នាអនាគតតំបន់អេកូទេសចរណ៍នេះនឹងក្លាយជាកន្លែងកម្សាន្ត តាមបែបធម្មជាតិសម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិ៕
ចែករំលែកព័តមាននេះ