អ្នកជំនាញបរទេសផ្នែកទំនាក់ទំនងសាធារណ: និងអ្នកជំនាញផ្នែកសារព័ត៌មាន នឹងរួមគ្នាបង្ហាញអំពីគន្លឹះសំខាន់ៗនៅក្នុងការទំនាក់ទំនង និងឃោសនាប្រកបដោយប្រសិទ្ធភាពអំពីសេវាកម្ម ក៏ដូចជាផលិតផលរបស់ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន។
ក្លិបអ្នកកាសែតកម្ពុជា នឹងអញ្ជើញអ្នកជំនាញបរទេស និងមេដឹកនាំសារព័ត៌មានសំខាន់ៗនៅកម្ពុជាដើម្បីធ្វើការបណ្តុះបណ្តាលមួយដែលនឹងធ្វើឱ្យអ្នកចូលរួមយល់ដឹងច្បាស់អំពីវិធីសាស្ត្រនៃការទំនាក់ទំនង របៀបដោះស្រាយជាមួយសារព័ត៌មានពេលមានវិបត្តិ និងគន្លឹះនៅក្នុងការសរសេរសេចក្តីប្រកាសព័ត៌មានដែលមានភាពទាក់ទាញ ព្រមទាំងរបៀបប្រើប្រាស់ហ្វេសប៊ុក ដើម្បីឃោសនាយ៉ាងមានប្រសិទ្ធភាព។
លោក ងួន សេរ័ត្ន នាយកប្រតិបត្តិក្លិបអ្នកកាសែតម្ពុជា បាននិយាយថា ជំនាញទាំងបួនខាងលើនេះនឹងត្រូវលើកយកមកពិភាក្សាលម្អិតនៅក្នុងវគ្គបណ្តុះបណ្តាលរយ:ពេលមួយថ្ងៃពេញ នាថ្ងៃទី២៥ មិថុនា ខាងមុខនេះ។ វាគ្មិនសំខាន់ៗនៅក្នុងវគ្គបណ្តុះបណ្តាលនេះ រួមមានលោក ALASTAIR CARTHEW ជនជាតិញូវស៊ីលែន ដែលមានបទពិសោធន៍ប្រមាណជា៤០ឆ្នាំ ខាងផ្នែកទំនាក់ទំនងសាធារណ: និងមេដឹកនាំសារព័ត៌មាននៅកម្ពុជា ដូចជាលោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជានិពន្ធនាយកទូរទស្សន៍ PNN លោក ពុយ គា អគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា និងជា អ្នកឆ្លើយឆ្លងព័ត៌មានក្យូដូ ជប៉ុន លោក ឆាយ សុផល សាស្ត្រាចារ្យផ្នែកសារព័ត៌មាន និងលោក លាង ដឺលុច នាយករងវេបសាយព័ត៌មានថ្មីៗ ដើម្បីធ្វើបទបង្ហាញនៅក្នុងការបណ្តុះ បណ្តាលនេះ។
សិក្ខាកាមចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនេះ យល់ដឹងអំពីគន្លឹះសំខាន់ៗនៅក្នុងការធ្វើទំនាក់ទំនងអោយមានប្រសិទ្ធភាព វិធីប្រើប្រាស់ហ្វេសប៊ុកអោយមានប្រសិទ្ធភាព វិធីដោះស្រាយបញ្ហាជាមួយសារព័ត៌មានពេលមានវិបត្តិ និងវិធីសរសេរសេចក្តីប្រកាសព័ត៌មានអោយបានត្រឹមត្រូវ និងមានភាពទាក់ទាញ។ ដូច្នេះគេនឹងយល់ច្បាស់អំពីរបៀបឃោសនាសេវាកម្ម និងផលិតផលទៅកាន់ក្រុមគោលដៅ។
លោក ងួន សេរ័ត្ន និយាយថា ដោយបានចូលរួមវគ្គបណ្តុះបណ្តាលនេះ មានសារសំខាន់ណាស់សម្រាប់មន្ត្រីទំនាក់ទំនង ឬក៏អ្នកដែលចង់ក្លាយខ្លួនជាមន្ត្រីទំនាក់ទំនងរបស់ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុន។
វគ្គសិក្សានេះ មានតម្លៃ៦០ដុល្លារក្នុងម្នាក់ ហើយនឹងមានការចេញលិខិតបញ្ជាក់ការសិក្សាផងដែរ។ សម្រាប់ការចុះឈ្មោះជាក្រុមនឹងមានតម្លៃត្រឹម៥០ដុល្លារប៉ុណ្ណោះសម្រាប់ម្នាក់។
ដោយសារកន្លែងមានកំណត់ លោកនិងលោកស្រី ដែលចាប់អារម្មណ៍នឹងវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះ សូមរួសរាន់ចុះឈ្មោះតាមទូរស័ព្ទលេខ ០១១ ៥១៧៤៥៩ ឬតាមទូរស័ព្ទលេខ ០១២ ២៦៧ ២៧៧ អោយបានមុនថ្ងៃទី២០ មិថុនា ៕
ចែករំលែកព័តមាននេះ