រាជធានីភ្នំពេញ ៖ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ជាតំបន់ដែលមានការវិនិយោគដ៏ធំមួយនៅព្រះរាជាណាចក្រកម្ពុជា ដែលភាគច្រើនសម្បូរដោយវិនិយោគិនក្រៅប្រទេសមកបណ្ដាក់ទុនក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ។ ជាមួយគ្នានេះ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក៏បានផ្ដល់ការងារជូនដល់កម្មករ-កម្មការិនីកម្ពុជារាប់ម៉ឺននាក់ផងដែរ និងទទួលបានប្រាក់ចំណូលតាមស្ដង់ដារាជរដ្ឋាភិបាលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។
តាមប្រសាសន៍របស់លោកជំទាវឧកញ៉ា លឹម ឈីវហូ ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកាក្រុមហ៊ុនភ្នំពេញ អេសអុីហ្សិត បានឲ្យដឹងថា ៖ « សព្វថ្ងៃនេះ ក្រុមហ៊ុនដែលបានចុះបញ្ជីវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានចំនួន៨៤ក្រុមហ៊ុន ហើយក្រុមហ៊ុនដែលកំពុងតែដំណើរការវិនិយោគរបស់ខ្លួន មានចំនួនប្រមាណ៧០ក្រុមហ៊ុន គឺនៅមានចំនួនតិចតួចប៉ុណ្ណោះដែលកំពុងរៀបចំដំណើរការអភិវឌ្ឍន៍បន្តបន្ទាប់ទៀត » ។
« ក្នុងចំណោមក្រុមហ៊ុនដែលវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ភាគច្រើនជាក្រុមហ៊ុនវិនិយោគមកពីបរទេស និងមានក្រុមហ៊ុនក្នុងស្រុកតិចតួចប៉ុណ្ណោះ » ។ នេះបើតាមលោកជំទាវឧកញ៉ាបានបញ្ជាក់ ។
លោកជំទាវឧកញ៉ាមានប្រសាសន៍យ៉ាងដូច្នេះថា ៖ « ក្រុមហ៊ុនវិនិយោគនៅក្នុងនោះ គឺបរទេសសឹងតែទាំងអស់ ។ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលមានទំហំដីប្រមាណ៣៥៣ហិកតាត្រូវបានអភិវឌ្ឍន៍ និងវិនិយោគដោយក្រុមហ៊ុនានាមកពីបរទេស និងកម្ពុជាផងនោះអស់ប្រមាណ៨០%ហើយ នៅសល់តែ២០%ទៀតប៉ុណ្ណោះ ដែលមិនទាន់បានវិនិយោគ តែក៏កំពុងរៀបចំការវិនិយោគជាបណ្ដើរៗផងដែរ » ។
បើតាមលោកជំទាវឧកញ៉ា ធ្លាប់បានមាន ប្រសាសន៍កន្លងមកថា ៖ « តំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ បានផ្ដល់ការងារជូនកម្មករ-កម្មការិនីខ្មែរយើងប្រមាណជិត ២ម៉ឺននាក់ ដោយម្នាក់ៗទទួលបានប្រាក់បៀវត្សទៅតាមស្តង់ដារបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសារតែក្រុមហ៊ុនដែលវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចភ្នំពេញ គឺជាក្រុមហ៊ុនអន្តរជាតិ។ ដូចនេះ ពួកគេវិនិយោគនៅប្រទេសណា តែងតែអនុវត្តទៅតាមច្បាប់ការងារ និងច្បាប់ផ្សេងៗទៀតរបស់ប្រទេសនោះ » ។
លោកជំទាវឧកញ៉ាលើកឡើងថា ៖ « នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានកម្មករ-កម្មការិនីកំពុងតែបំពេញការងារចំនួន១៩.៨៣៧នាក់ (តួលេខគិតនៅដើមខែមេសា ឆ្នាំ២០១៦) ហើយប្រាក់ខែដែលពួកគេទទួលបាន គឺទៅតាមស្តង់ដារបស់រាជរដ្ឋាភិបាល ដែលអប្បបរមាចំនួន១២៨ដុល្លារអាមេរិក បូករួមជាមួយប្រាក់បន្ថែមផ្សេងៗទៀត គឺក្នុងម្នាក់ៗអាចទទួលបាន២០០ដុល្លារអាមេរិក រហូតដល់៤០០ដុល្លារអាមេរិកឯណោះ » ។
គួរបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ដែលមានចម្ងាយប្រមាណ១៨គីឡូម៉ែត្រពីកណ្ដាលរាជធានីភ្នំពេញ និងប្រមាណ៨គីឡូម៉ែត្រពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ សព្វថ្ងៃនេះ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក៏បានបោះផ្សាយភាគហ៊ុនក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាផងដែរ ដើម្បីជំរុញឱ្យវិស័យមូលបត្រកម្ពុជា ដែលជាវិស័យក្មេងខ្ចីមួយឱ្យដំណើរការបានល្អប្រសើរ ដូចបណ្ដាប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន និងពិភពលោកជាដើម ៕
ចែករំលែកព័តមាននេះ