ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន ជន​ប្រមឹក​ប្រើ​ហិ.ង្សា​កា.ប់​ប្រពន្ធ

8 ឆ្នាំ មុន

ខេត្តកំពត ៖ បុរស​ម្នាក់​បាន​ផឹក​ជាមួយ​មិត្តភក្តិ​របស់​ខ្លួន​នៅ​ក្រៅ​ផ្ទះ​រហូត​ដល់​ស្រវឹង​ទើប​មក​ផ្ទះ​រៀង​ៗ​ខ្លួន​។ ពេល​មក​ដល់​ផ្ទះ​បាន​រករឿង​ឈ្លោះប្រកែក​ជាមួយ​ប្រពន្

ខេត្តកំពត ៖ បុរស​ម្នាក់​បាន​ផឹក​ជាមួយ​មិត្តភក្តិ​របស់​ខ្លួន​នៅ​ក្រៅ​ផ្ទះ​រហូត​ដល់​ស្រវឹង​ទើប​មក​ផ្ទះ​រៀង​ៗ​ខ្លួន​។ ពេល​មក​ដល់​ផ្ទះ​បាន​រករឿង​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​ហើយ​បាន​យក​កាំបិត​កាប់​ប្រពន្ធ​បណ្តាល​ឲ្យ​រយះ​បី​កន្លែង​រង​របួសធ្ងន់ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​ភ្លាម​ៗ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុងភូមិ​បុះ​ត្របែក ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ​។ លោក​វរៈសេនីយត្រី ណុ​ប ចាន់​ភាព អធិការរង​ស្រុក​ទឹកឈូ​បាន​ប្រាប់​កោះសន្តិភាព​ថា ជុំវិញ​ករណី​អំពើ​ហិង្សា​រវាង​ប្តី និង​ប្រពន្ធ​ពីរ​នាក់​នេះ មាន​អង្គហេតុ​ដូច​ខាងក្រោម ៖ មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៤ ខែមិថុនា ប្តី​ឈ្មោះ ពើយ ពិ អាយុ​៣៣​ឆ្នាំជា​អ្នកនេសាទ ពេល​ត្រឡប់​មក​ពី​សមុទ្រ​មានការ​ហេវ​ហត់​យ៉ាង​ខ្លាំង លុះ​មក​ដល់​ផ្ទះ​ប្រពន្ធ​មិន​ទាន់​ដាំបាយ​ឲ្យ​កូន និង​ប្តី​ហូប ពេល​នោះ​ប្តី​ហេវ​ពេក​ក៏​ចេញ​ដក​មេ ដើម្បី​បំបាត់​ការ​ហេវ​បាយ លុះ​មាន​ដើមទុន​ស្រា​ចូល​ពោះ​ហើយ​ក៏​មក​ផ្ទះ​វិញ​។

ក្រោយមក​បាន​ទាស់សម្ដី​គ្នា​ជាមួយ​ប្រពន្ធ​រួច​ប្តី​បាន​វាយ​ប្រពន្ធ​នឹង​កាំបិត ពេល​នោះ​ប្រពន្ធ​គេច​ក៏​បណ្តាល​ឲ្យ​ត្រូវ​ក្បាល​នឹង​ជ្រុង​ជញ្ជាំង​ឥដ្ឋ​រង​របួស​រយះ​បី​កន្លែង ហើយ​ត្រូវ​បងប្អូន​ជួយ​ដឹក​ទៅ​មណ្ឌល​សុខភាព​ដើម្បី​រុំ​របួស​។ រីឯ​ជន​បង្កហេតុ​ជា​ប្តី ក្រោយ​ពី​កើតហេតុ​ក៏​ត្រូវ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នាំ​ខ្លួន​ទៅ​កាន់​អធិការ​នគរបាល​ស្រុក​ភ្លាម​ៗ​ដើម្បី​ធ្វើការ​សាកសួរ​។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​៥ ខែមិថុនា​នេះ ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​មានឈ្មោះ ហ៊ុយ ហ៊ី​ម អាយុ​៣៧​ឆ្នាំ បាន​ឡើង​មក​អធិការ​ស្រុក ដើម្បី​សុំ​ឲ្យ​សមត្ថកិច្ច​លើកលែងទោស​ប្តី សុំ​ឲ្យ​ត្រឹមតែ​អប់រំ​ណែនាំ​ប្តី​ហើយ​ឲ្យ​ចុះ​កិច្ចសន្យា​កុំ​ឲ្យ​ប្រើ​អំពើ​ហិង្សា​មក​លើ​ប្រពន្ធ​ដូច​ថ្ងៃនេះ​ទៀត​។

លោក​អធិការរង​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយ​ប្រពន្ធ​អង្វរ​សុំ​ឲ្យ​សមត្ថកិច្ច​លើកលែងទោស​ប្តី ហើយ​ក្រុម​គ្រួសារ​នេះ​មាន​ជីវភាព​ក្រីក្រ រក​ព្រឹក​ខ្វះ​ល្ងាច ហើយ​មានកូន​នៅ​ក្នុង​បន្ទុក​ដល់​ទៅ​ពីរ​នាក់​ផង​នោះ លោក​ក៏​បាន​សុំ​យោបល់​ទៅ​លោក​ស្នងការ​ខេត្ត​ដើម្បី​សុំ​អប់រំ និង​ចុះ​កិច្ចសន្យា​ឲ្យ​ឈប់​ប្រើ​អំ​ហិង្សា​លើ​ក្រុម​គ្រួសារ​ប្រពន្ធ​តទៅ​ទៀត​ហើយ​ក៏​ឲ្យ​វិល​ទៅ​ផ្ទះ​វិញ​តាម​សំណូមពរ​របស់​ប្រពន្ធ​ទៅ​៕