ស្ថានភាពនយោបាយនៅកម្ពុជាបានកាន់តែធ្ងន់ធ្ងរទៅ នៅពេលដែលសភាបានបើកផ្លូវឱ្យតុលាការចាត់ការលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ។ នៅពេលដែលសភាចាត់ទុកការសម្រេចចិត្ត គឺជាភាពត្រឹមត្រូវតាមផ្លួវច្បាប់នោះ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិចាត់ទុកថា គឺជាការធ្វើបាបមេដឹកនាំរបស់ពួកគេ ។
ភាពធ្ងន់ធ្ងរនយោបាយ ជម្រុញឱ្យមានការចេញសេចក្តីថ្លែងការណ៍មួយចំនួន ដែលជម្រុញឱ្យមានការចរចារវាងគណបក្សនយោបាយទាំងពីរ ដើម្បីសម្រាលស្ថានភាពនយោបាយនេះ ។ ស្ថានភាព ក៏បានធ្វើឱ្យប្រជាជនកម្ពុជាបន្តតាមដានយ៉ាងយកចិត្តទុកដាក់ដោយភ័យខ្លាចថា ស្ថានភាពអាចធ្ងន់ធ្ងរហួសពីការគ្រប់គ្រងបាន ។
បញ្ហាវិលវល់ជុំវិញ ទៅលើបញ្ហាស្រីញី និងនីតិវិធីជាជាងខ្លឹមសារនៃការប្រកួតនយោបាយទាំងមូល ។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកំពុងតែបែរខ្នងដាក់គ្នា ប៉ុន្តែម្នាក់ៗសុទ្ធតែអះអាងពីការចង់បានភាពស្ងប់ស្ងាត់នយោបាយមួយ ដើម្បីជាប្រយោជន៍ជាតិ ។ ប៉ុន្តែពួកគេនៅតែមិនអាចរកច្រកចេញបាន ។
គណបក្សនយោបាយទាំងពីរ ប្រៀបបីដូចជាកីឡាករប្រដាល់ ។ ពួកគេត្រូវតែប្រមូលកម្លាំងទៅលើការកសាងសមត្ថភាពរៀងៗខ្លួនដើម្បីឡើងប្រកួតនៅឆ្នាំ២០១៧ និង២០១៨ ។ ការប្រណាំងប្រជែងគ្នា នៅក្នុងការពង្រឹងសមត្ថភាពជំនួសឱ្យការឈ្លោះគ្នា ទៅលើរឿងផ្សេងនឹងធ្វើឱ្យគណបក្សនយោបាយទាំងពីរឆ្លើយតបកាន់តែបានច្រើននឹងផលប្រយោជន៍ប្រជាជន។ គេមិនត្រូវងាករេចេញពីតួនាទីស្នូល ដែលត្រូវបង្កើតកម្មវិធីនយោបាយ និងអនុវត្តកម្មវិធីនយោបាយ ដើម្បីបម្រើផលប្រយោជន៍ប្រជាជនឡើយ។
នៅពេលដែលពួកគេប្រកួតគ្នាតាមផ្លូវនេះ ប្រជាជននឹងចាត់ទុកថា ពួកគេកំពុងតែជាកីឡាករនយោបាយដ៏ល្អ និងអាចទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនបាន ។ ប៉ុន្តែបើសិនជាពួកគេរវល់ឈ្លោះគ្នាក្រៅឆាកនោះ ពួកគេកំពុងតែធ្វើឱ្យសាធារណជនធុញទ្រាន់ហើយ ដោយសារពួកគេមិនបានប្រកួតគ្នាពេញសមត្ថភាព ដើម្បីទាក់ទាញសាធារណជន។
ប្រជាជនកម្ពុជាត្រូវការកីឡាករនយោបាយដែលខ្លាំង និងទទួលខុសត្រូវចំពោះសាធារណជន ៕
ចែករំលែកព័តមាននេះ