ខេត្តបាត់ដំបង ៖ អាជ្ញាធរ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រួ រួមទាំងយុវសិស្ស រាប់រយនាក់ផង នៅព្រឹកថ្ងៃទី២៦ឧសភា បានរៀបចំពិធីជួបជុំមួយ នៅក្នុង«អនុវិទ្យល័យខ្នាចរមាស» ឃុំខ្នាចរមាស ស្រុកបវេល ដើម្បីថ្លែងអំណរគុណដល់ម្ចាស់គម្រោង ដែលបានជួយឧបត្ថម្ភ ជាថវិការជួយធ្វើអណ្ដូងទឹកសម្រាប់ប្រើប្រាស់ និងជួយកសាងនូវសមិទ្ធផលនានា នៅតាមបណ្ដាសាលារៀន ដែលផ្ដោតសំខាន់លើការជួយទ្រទ្រង់ផ្នែកសេវាសុខភាពដល់សិស្សានុសិស្សនៅក្នុងមូលដ្ឋាន ។
មេឃុំខ្នាចរមាស លោកឡាំ វណ្ណនី បានឲ្យដឹងថា ពិធីនេះបានធ្វើឡើង ដើម្បីជាការថ្លែងអំណរគុណដល់ម្ចាស់គម្រោង ដែលបានផ្ដល់ជាថវិកាមួយផ្នែកធំ សម្រាប់ជួយកសាងនូវសមិទ្ធផលនានា នៅតាមបណ្ដាសាលារៀនទាំងអស់នៅក្នុងឃុំខ្នាចរមាស ។
លោកមេឃុំបន្តថា គម្រោងនេះ បានផ្ដោតសំខាន់ទៅលើផ្នែកសេវាសុខភាពជូនដល់សិស្សានុសិស្សតាមសាលារៀន ដូចជាធ្វើអណ្ដូងទឹក រៀបចំប្រព័ន្ធទឹកតាមបន្ទប់ទឹក ធ្វើបង្គន់អនាម័យ និងរៀបចំទីកន្លែងសំរាប់លាងសំអាតដៃ។ល។និង។ល។
យោងតាមរបាយការណ៍បានឲ្យដឹងថា អង្គការ «Peace Corps និង Water Charity» បានផ្ដល់នូវគម្រោងនេះ តាមរយះកញ្ញា អេវីលីន រ៉ូម៉ាណូ អ្នកស្ម័គ្រចិត្តផ្នែកសុខភាពប្រចាំមណ្ឌលសុខភាពខ្នាចរមាស ។ គម្រោងនេះ ត្រូវបានអនុវត្តនៅគ្រប់សាលារៀននានា និងមណ្ឌលសុខភាព នៅក្នុងឃុំខ្នាចរមាសទាំងមូល ដូចជាការផ្ដល់នូវ «អណ្ដូងទឹកប្រើដោយម៉ូទ័រ,ផ្ដល់បាសាំងទឹក និងជើងទម្រ, រៀបចំប្រព័ន្ធទឹកតាមបន្ទប់ទឹក, សាងសង់បង្គន់អនាម័យថ្មី និងជួសជុលបង្គន់អនាម័យចាស់ៗ, រៀបចំបន្ទប់ និងកន្លែងសម្រាប់លាងសំអាតដៃ និងចូលរួមធ្វើសិក្ខាសាលាអប់រំដល់សិស្សានុសិស្សអំពីការថែទាំងសុខភាព។
ចែករំលែកព័តមាននេះ