ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​នក្ខត្ត​សម័យ​ទាំង​3​របស់​ព្រះ​បរមគ្រូ​ស្ថិត​នៅ​ក្នុងថ្ងៃនេះ

7 ឆ្នាំ មុន

តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា​បាន​លើក​សរសើរ​ថ្ងៃ​១៥​កើត ពេញបូណ៌មី ខែវិសាខ​ថា​ជា​ថ្ងៃ​មហា​មង្គល​ដ៏​អស្ចារ្យ និង​ជា​ថ្ងៃ​នាំ​មក​នូវ​មហា​សិរី​សួស្តី​ដ៏​ប្រសើរ​ក្រៃ​លែង ។ ក្នុង​ថ្ងៃ​ដ៏​វិសេសវិសាល​នេះ​ឃើញ​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​នីមួយ​ៗ​នាំ​គ្នា​

តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា​បាន​លើក​សរសើរ​ថ្ងៃ​១៥​កើត ពេញបូណ៌មី ខែវិសាខ​ថា​ជា​ថ្ងៃ​មហា​មង្គល​ដ៏​អស្ចារ្យ និង​ជា​ថ្ងៃ​នាំ​មក​នូវ​មហា​សិរី​សួស្តី​ដ៏​ប្រសើរ​ក្រៃ​លែង ។ ក្នុង​ថ្ងៃ​ដ៏​វិសេសវិសាល​នេះ​ឃើញ​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​នីមួយ​ៗ​នាំ​គ្នា​ទៅ​កាន់​ទី​អារាម​ក្នុង​ដៃ​មាន​កាន់​ទៀន ធូប ផ្កា​ភ្ញី ប្រទីបជ្វាលា យក​ទៅ​បូជា​ចំពោះ​ព្រះ​ពុទ្ធរូប​ដើម្បី​ឧទ្ទិស​ដល់​ព្រះសម្មាសម្ពុទ្ធ ដែល​បរិនិព្វាន​ទៅ​អស់​កាល​ជា​យូរអង្វែង និង​រៀបចំ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ ហើយ​ប្រជុំ​គ្នា​ស្តាប់​ភិក្ខុ​-​សាមណេរ​ស្វាធ្យាយ​ព្រះធម៌ ។ ពិធី​នេះ​រំលឹក​ដល់​កាលដែល​ព្រះពុទ្ធ​ទ្រង់​ប្រសូត ត្រាស់​ដឹង​ធម៌ និង​បរិនិព្វាន ដែល​អ្នកប្រាជ្ញ​ចាត់​ទុក​កាល​ទាំង​៣​នេះ​ថា​ជា​នក្ខត្ត​សម័យ​ដ៏​ពិសេស​បំផុត​របស់​ព្រះពុទ្ធ​សាសនា ដោយសារ​តែ​កាល​ទាំង​៣​នេះ​កើតឡើង​ក្នុង​ថ្ងៃពេញបូណ៌មី ខែវិសាខ ដូច​គ្នា គឺ​ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ ។ ក្នុង​ថ្ងៃ​បុណ្យ​វិសាខបូជា​នេះ​ដែរ​មន្ត្រីរាជការ​ស្ថាប័នរដ្ឋ និង​និយោជិត​ស្ថាប័នឯកជន ក្រុមហ៊ុន សហគ្រាស​នានា ក៏​ត្រូវ​បាន​ឈប់​សម្រាក​ពី​ការងារ​មួយ​ថ្ងៃ​ផង​ដែរ​ដើម្បី​មានឱកាស​ចូលរួម​អបអរសាទរ​ពិធីបុណ្យ ។
សូម​លើកយក​នក្ខត្ត​សម័យ​ទាំង​៣​កាលនោះ​មក​បង្ហាញ​ដល់​សាធុជន​ដូច​តទៅ ៖

  • ១-​ព្រះ​ពោធិសត្វ​ប្រសូត

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រសូត​នៅ​ថ្ងៃ​សុក្រ ខែវិសាខ ឆ្នាំច ពេញបូណ៌មី វេលា​ជិត​ថ្ងៃត្រង់ ក្នុង​ព្រៃ​លុម្ពិនី ឬ​ហៅ​ថា​ព្រៃ​សាលព្រឹក្ស​ជា​ចន្លោះ​នគរ​ទាំង​២ គឺ​នគរ​កបិល​ព​ស្តុ និង​នគរ​ទេវ​ទ​ហៈ ហើយ​មាន​សេចក្តី​អស្ចារ្យ​យ៉ាងនេះ គឺ​មាន​ទទឹក​ត្រជាក់ ទទឹក​ក្តៅ​ហូរ​ធ្លាក់​មក​ពី​ក្នុង​អាកាស លាង​ជម្រះ​មន្ទិល​គភ៌ មាន​សុទ្ធាវាស មហាព្រហ្ម​ទាំង​៤​អង្គ យក​បណ្តាញ​មាស​មក​ទទួល​ទ្រ​ព្រះពោធិសត្វ មហារាជ​ទាំង​៤​ទទួលយក​ពី​ព្រះព្រហ្ម ឯ​ពួក​ស្រីស្នំ​ទទួល​ពី​មហារាជ​ទៅ​ទៀត ហើយ​ព្រះ​ពោធិសត្វ​ដ៏​មាន​សិរី​ចុះ​ពី​ដៃ​ស្រីស្នំ រួច​ទ្រង់​ឈរ​លើ​ផែនដី​ដោយ​ព្រះបាទ​ទាំង​គូ ។ ពេល​នោះ​មហាព្រហ្ម​យក​ស្វេតច្ឆត្រ​បាំង​ថ្វាយ​។ ទេវតា​អង្គ​ខ្លះ​កាន់​គ្រឿង​សម្រាប់​រាជ្យ​គ្រប់​ប្រដាប់ជា​ស្រេច​ថ្វាយ​ព្រះ​ពោធិសត្វ​មិន​មាន​ខ្វះចន្លោះ​ទេ ។

ហេតុការណ៍​ដ៏​អស្ចារ្យ​នេះ មនុស្ស​ទាំងឡាយ​ដែល​នៅ​ក្នុង​ទី​ប្រសូត​ទាំងអស់​គ្នា​សុទ្ធតែ​បានឃើញ​ជាក់ច្បាស់​នឹង​ភ្នែក ។ កាល​ព្រះ​អង្គ​ចុះ​ពី​ដៃ​ស្រីស្នំ​ហើយ​ទ្រង់​យាង​ទៅ​បាន​៧​ជំហាន រួច​បែរ​ព្រះ​ភ័ក្ត្រ​ទៅ​ទិសឧត្តរ ទ្រង់​បន្លឺ​វាចា​ថា «​យើង​ជា​កំពូល​នៃ​លោក ជា​បុគ្គល​ប្រសើរ​ជាងគេ​ក្នុង​លោក ជា​ចម្បង​ជាងគេ​ក្នុង​លោក ជាតិ​នេះ​ជា​កំណើត​ចុង​ក្រោយ​របស់​យើង អំណឹះតទៅ​មុខ យើង​លែង​កើត​ទៀត​ហើយ​» ។ ដោយ​អំណាច​នៃ​មធុ​វាចា​នេះ ក៏​បាន​ធ្វើ​ឱ្យ​ផែនដី​ទាំងមូល​កម្រើក​រំពើក​ញាប់​ញ័រ ហើយ​មាន​រស្មី​ភ្លឺ​ចែងចាំង​ពេញ​លោកធាតុ​ទាំងមូល ។ រីឯ​នៅ​ក្នុង​លោកន្តរ​មហានរក​ដែល​ធ្លាប់តែ​ងងឹតសូន្យ​ឈឹង​ជា​និច្ច ត្រឡប់​ជា​ភ្លឺចែស​ធ្វើ​ឱ្យ​នរក​ក្នុង​ភព​នោះ ធូរស្រាល ស្រាកស្រាន្ត​ពី​ផលកម្ម​របស់​ខ្លួន​បាន​មួយ​គ្រា ។

  • ២-​ព្រះ​អង្គ​ត្រាស់​ដឹង​លើ​រតន​បល្ល័ង្ក

លុះ​ព្រះ​ជន្ម​បាន​២៩​ឆ្នាំ ព្រះ​អង្គ​យាង​ចេញ​ចាក​ពី​នគរ​ទៅ​សាង​ផ្នួស ។ ដោយ​ការ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​តឹង​ពេក ពន្យារពេល​នៃ​ការ​ត្រាស់​ដឹង​រហូត​ដល់​ទៅ​៦​ឆ្នាំ ទើបបាន​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​លើ​រតន​បល្ល័ង្ក​ក្រោម​ដើម​ពោធិព្រឹក្ស ដោយ​ទ្រង់​គង់​បែរ​ព្រះ​ភ័ក្ត្រ​ទៅ​ទិសបូព៌ ។ ពពួក​ទេវតា​ទាំង​១​ម៉ឺន​ចក្កវាឡ ព្រះឥន្ទ្រ ព្រះព្រហ្ម​បាន​នាំទិព្វ​មាលា​មក​ធ្វើ​សក្ការបូជា​ថ្វាយ​សព្ទសាធុការពរ​ដល់​ព្រះ​បរមគ្រូ ។ ព្រះ​អង្គ​បាន​ត្រាស់​ដឹង​ធម៌​ក្នុង​ថ្ងៃ​ពុធ ខែវិសាខ ឆ្នាំរកា ពេញបូណ៌មី វេលា​ទៀប​ភ្លឺ ក្នុង​ព្រះ​ជន្ម​៣៥​វស្សា ។

  •    ៣-​ព្រះពុទ្ធ​បរិនិព្វាន​ចន្លោះ​សាលព្រឹក្ស

ក្នុង​រវាង​នៃ​ការ​ត្រាស់​ដឹង រយៈពេល​៤៥​វស្សា​នេះ​ព្រះ​អង្គ​ទ្រង់​បំពេញ​ពុទ្ធកិច្ច​ទាំង​៥​ប្រការ​ជា
និច្ច ដែល​ព្រះពុទ្ធ​ទាំងពួង​តែង​ធ្វើ​ក្នុង​កាល​ប្រកាសសាសនា​គឺ ៖
១-​ក្នុង​វេលា​ព្រឹក ព្រះ​អង្គ​ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត ។
២-​នៅ​ពេល​រសៀល​ទ្រង់​សម្តែងធម៌​ទេសនា​ដល់​សាធារណជន ។
៣-​ក្នុង​វេលា​ព្រលប់ ទ្រង់​ប្រទាន​ឱវាទ​ចំពោះតែ​ភិក្ខុសង្ឃ ។
៤-​វេលា​កណ្តាលអធ្រាត្រ ទ្រង់​ដោះស្រាយ​ប្រស្នា​នៃ​ពួក​ទេវតា ។
៥-​លុះដល់​វេលា​ទៀប​ភ្លឺ ទ្រង់​ប្រមើល​មើល​នូវ​សត្វ​ដែល​មានភ័ព្វ និង​ឥត​ភ័ព្វ ។ សត្វ​ទាំងឡាយ​មាន​និស្ស័យ​មិន​ដូច​គ្នា​ទេ បើ​សត្វ​ណា​មាន​និស្ស័យ​នឹង​ព្រះ​អង្គ​ទ្រង់​យាង​ទៅ​ប្រោសសត្វ​នោះ​ដោយ​ផ្ទាល់​ព្រះ​អង្គ​ឯង តែបើ​សត្វ​ណា​មាន​និស្ស័យ​នឹង​សាវក​ដទៃ ទ្រង់​ក៏​ប្រើ​សាវក​អង្គ​នោះ​ឱ្យទៅ​ប្រោស ។

លុះដល់​ចេញ​វស្សា​ទី​៤៥ ព្រះ​អង្គ​បាន​ត្រាច់​ទៅ​កាន់​ចារិក​តាម​លំដាប់​រហូត​ដល់​នគរ​កុសិនារា ទ្រង់​ចូល​ទៅ​កាន់​សាលវ័ន​របស់​ពួក​មល្ល​ក្សត្រ និង​ត្រាស់​ទៅ​កាន់​ព្រះ​អានន្ទ​ឱ្យ​រៀបចំ​អាសនៈ​(​គ្រែ​) ឱ្យ​មាន​ក្បាល​ដំណេក​បែរ​ទៅ​ទិស​ខាងជើង​ក្នុង​ចន្លោះ​ដើម​សាលព្រឹក្ស​ទាំង​គូ​ឱ្យ​ឆាប់​ថ្វាយ​តថាគត ។ ព្រះ​អានន្ទ​ក៏​បាន​ទទួល​ធ្វើ​តាម​ពុទ្ធដីកា​មិន​បង្អង់​ឡើយ ។ គ្រានោះ​ព្រះ​អង្គ​ទ្រង់​ផ្ទុំ​ផ្អៀង​ទៅ​ខាងស្តាំ យក​ព្រះបាទ​ឆ្វេង​តម្រួត​លើ​ព្រះបាទ​ស្តាំ​ស្រេច​ហើយ​ពេល​ណា​ទ្រង់​ត្រាស់​នូវ​វត្តប្រតិបត្តិ​ផ្សេង​ៗ​ដែល​ត្រូវ​ប្រព្រឹត្ត​ធ្វើ​ក្នុង​កាល​ជា​ខាងក្រោយ​ដល់​ភិក្ខុសង្ឃ​ទាំងឡាយ រហូត​ដល់​បរិនិព្វាន​ក្នុង​ចន្លោះ​សាលវ័ន​នោះ ។  ព្រះ​បរមគ្រូ​បរិនិព្វាន​ក្នុង​ថ្ងៃ​អង្គារ ខែវិសាខ ឆ្នាំម្សាញ់ ពេញបូណ៌មី វេលា​បែក​បច្ចូសសម័យ (​វេលា​ភ្លឺ​ព្រាង​ៗ) ក្នុង​ជន្មាយុ​៨០​វស្សា ។

ព្រោះហេតុនោះ​ហើយ​ទើប​ពិធី​នេះ​បាន​ជាទី​និយម​រាប់អាន​របស់​អ្នកប្រាជ្ញ​ថា​ជា​មហា​មង្គល​ដ៏​អស្ចារ្យ និង​ជាម​ហា​សិរី​សួស្តី​ដ៏​ប្រសើរ​ក្រៃ​លែង កាលបើ​ដល់​ថ្ងៃពេញបូណ៌មី​ខែវិសាខ សប្បុរស​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ជួបជុំ​គ្នា​រៀបចំ​ចាត់ចែង​មិន​ដែល​ខកខាន​ឡើយ ទើប​ពិធី​នេះ​ជាប់​ជា​បវេណី​តម​ករ​ហូត​ដល់​សព្វថ្ងៃ ៕
(​ដោយ​ធម្មាចារ្យ សច្ចៈ ភាព​)