មានប្រជាជនតិចតួចណាស់ ដែលស្គាល់មុខតំណាងរាស្ត្រនៅក្នុងមណ្ឌលរបស់ពួកគេ ។ នេះដោយសារតែអ្នកនយោបាយ ឬអ្នកតំណាងរាស្ត្រភាគច្រើន មិនបានបំពេញការងារចុះជួបប្រជាជនឱ្យបានញឹកញាប់ ។
នៅទីក្រុងភ្នំពេញតែមួយ តើមានដែលឮតំណាងរាស្ត្រប៉ុន្មាននាក់ ដែលបានចុះទៅកាន់ផ្ទះប្រជាជន ឬក៏មានការជួបជុំប្រជាជនទៀងទាត់ ដើម្បីយល់ច្បាស់អំពីបញ្ហារបស់ប្រជាជន ដែលកំពុងប្រឈមមុខ ។
ការទំនាក់ទំនងដោយផ្ទាល់រវាងអ្នកនយោបាយ ឬអ្នកតំណាងរាស្ត្រ ជាមួយមហាជនមានសារសំខាន់ខ្លាំងណាស់ នៅក្នុងសង្គមប្រជាធិបតេយ្យ ។ វានឹងផ្តល់ប្រយោជន៍ទាំងសម្រាប់អ្នកនយោបាយ និងប្រជាជន ។ សម្រាប់អ្នកនយោបាយ ការចុះជួបផ្ទាល់់ជាមួយប្រជាជននឹងធ្វើឱ្យប្រជាជនស្គាល់ពីអ្នកនយោបាយនោះច្បាស់លាស់ ហើយទទួលស្គាល់អំពីផលប្រយោជន៍ ដែលពួកគេទទួលបានពីអ្នកនយោបាយនោះ ។ ជាលទ្ធផល ប្រជាជននឹងបន្តគាំទ្រដល់អ្នកនយោបាយនោះ ឬក៏គណបក្សរបស់អ្នកនយោបាយនោះ ។
សម្រាប់ប្រជាជនវិញ ការជួបជាមួយអ្នកនយោបាយ ឬអ្នកតំណាងរាស្ត្រ នឹងក្លាយជាឱកាសមួយ សម្រាប់ពួកគេស្នើសុំឱ្យអ្នកនយោបាយ ឬអ្នកតំណាងរាស្ត្រជួយដោះស្រាយបញ្ហា ដែលពួកគេប្រឈមមុខដូចជាបញ្ហាទឹក បញ្ហាភ្លើងអគ្គិសនី បញ្ហាផ្លូវថ្នល់ សាលារៀន ឬក៏បញ្ហាសុខភាពជាដើម ។
វាជាតួនាទីរបស់អ្នកនយោបាយ ដែលត្រូវបម្រើដល់ប្រជាជនកម្ពុជាតាមរយ:ការស្វែងយល់អំពីបញ្ហាទាំងអស់ ដែលប្រជាជនកំពុងជួបប្រទះ ។ បន្ទាប់ពីបានដឹងច្បាស់អំពីបញ្ហាទាំងអស់នោះហើយ អ្នកនយោបាយ ឬអ្នកតំណាងរាស្ត្រត្រូវជួយដោះស្រាយដល់ប្រជាជនដែលរស់តាមមណ្ឌលរបស់ខ្លួន។
ប្រជាធិបតេយ្យនឹងបាត់បង់ខ្លឹមសាររបស់វា នៅពេលដែលអ្នកបោះឆ្នោតមិនស្គាល់អ្នកដែលពួកគេបោះឆ្នោតឱ្យ ។ ចំណែកអ្នកដែលគេបោះឆ្នោតឱ្យមិនបានបំពេញតួនាទីបម្រើផលប្រយោជន៍ដល់អ្នកបោះឆ្នោត ឬប្រជាជន ។
ដូច្នេះ ប្រជាធិបតេយ្យនឹងកាន់តែរស់រវើក និងមានខ្លឹមសារ បើសិនជាអ្នកនយោបាយ ឬអ្នកតំណាងរាស្ត្រមានមានទំនាក់ទំនងល្អជាមួយអ្នកបោះឆ្នោតតាមរយ:ការចុះជួបផ្ទាល់ជាមួយនឹងប្រជាជននៅតាមមូលដ្ឋានកាន់តែញឹកញាប់ និងជួយដោះស្រាយដល់បញ្ហាទាំងអស់ដែលពួកគេកំពុងប្រឈមមុខ ៕
ចែករំលែកព័តមាននេះ