ហ្ស៊ឺណែវ ៖ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោកសាស្ត្រាចារ្យ ស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី នឹងបំពេញទស្សនកិច្ចផ្លូវការលើកទី៥ មកកាន់កម្ពុជាចាប់ពីថ្ងៃទី៣០ ឧសភា ដល់ថ្ងៃទី៣ មិថុនា ឆ្នាំ២០១១ ។
លោកស៊ូប៊ែឌី បានមានប្រសាសន៍ថា៖ «ខ្ញុំនឹងជួបជាមួយគូសន្ទនាមួយចំនួនធំ ដើម្បីបន្តការសិក្សារបស់ខ្ញុំលើការងាររបស់សភាជាតិ និងព្រឹទ្ធសភា ដើម្បីស្វែងរកមធ្យោបាយពង្រឹងតួនាទី ក្នុងការលើកស្ទួយ និងការពារសិទ្ធិមនុស្សរបស់ពួកគេ ក៏ដូចជាការរីកចម្រើននៃវិស័យសិទ្ធិមនុស្សនាពេលបច្ចុប្បន្ន» ។ «ទស្សនកិច្ចលើកនេះ នឹងជាការបន្តនៃបេសកកម្មលើកមុនរបស់ខ្ញុំ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១១» ។
នៅអំឡុងទស្សនកិច្ចរយៈពេល៥ថ្ងៃរបស់លោក អ្នកជំនាញការឯករាជ្យដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស ដើម្បីធ្វើការវាយតម្លៃ និងរាយការណ៍អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នឹងបន្តធ្វើការជាមួយរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនានាលើបញ្ហាសិទ្ធិមនុស្សនានានៅពេលបច្ចុប្បន្ន រួមបញ្ចូលទាំងសេរីភាពខាងការបញ្ចេញមតិ និងជួបប្រជុំសេចក្តីព្រាងច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល សិទ្ធិមនុស្ស និងទំនាស់ដីធ្លី ។
លោកស៊ូប៊ែឌី នឹងបន្តតាមដានលើសេចក្តីសង្កេតនានា ដែលលោកបានផ្តល់ដល់រដ្ឋាភិបាលនៅអំឡុងពេលនៃដំណើរការពិនិត្យឡើងវិញជាសាកលតាមកាលកំណត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងលើការអនុវត្តន៍នៃអនុសាសន៍នានាដែលលោកបានផ្តល់កាលពីឆ្នាំ២០១០ ស្តីពីការប្រព្រឹត្តទៅនៃប្រព័ន្ធតុលាការ ។ អំឡុងពេលស្ថិតនៅប្រទេសកម្ពុជា លោកស៊ូប៊ែឌី នឹងជួបជាមួយអាជ្ញាធររដ្ឋាភិបាល សមាជិកសភា ក្រុមសង្គមស៊ីវិល តំណាងនានានៃទីភ្នាក់ងារអង្គការសហប្រជាជាតិ ម្ចាស់ជំនួយ និងក្រុមអ្នកការទូតនានា ។
អ្នករាយការណ៍ពិសេសធ្វើការជាមួយរដ្ឋាភិបាល សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងៗ ដើម្បីជំរុញដល់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងវិស័យសិទ្ធិមនុស្ស ។ លោកបំពេញទស្សនកិច្ច ឬបេសកកម្មជាទៀងទាត់មកកាន់កម្ពុជា និងរាយការណ៍ប្រចាំឆ្នាំដល់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ។ ការិយាល័យ OHCHR ផ្តល់ជំនួយខាងបរិក្ខារ និងបច្ចេកទេសដល់លោក ។ សេចក្តីសង្កេតពីបេសកកម្មនេះ នឹងត្រូវបញ្ចូលក្នុងរបាយការណ៍បន្ទាប់របស់អ្នករាយការណ៍ពិសេស ដើម្បីដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សនៅចុងឆ្នាំនេះ ៕
ចែករំលែកព័តមាននេះ