ប្រទេសសិង្ហបុរី ៖ សេដ្ឋកិច្ចសិង្ហបុរីនឹងមានកំណើនខ្សោយក្នុងអត្រា១,៨%នៅក្នុងឆ្នាំនេះ និងមានការល្អប្រសើរឡើងវិញស្មើនឹងអត្រា២,៥% ក្នុងឆ្នាំ២០១៧ ។ នេះបើតាមមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) បានឲ្យដឹងកាលពីថ្ងៃទី១០ ឧសភា ម្សិលមិញនេះ ។
មូលនិធិរូបិយប័ណ្ណអន្តរជាតិបានឲ្យដឹងទៀតថា ក្នុងឆ្នាំនេះ សិង្ហបុរីនឹងរងនូវការជះឥទ្ធិពលពេញទំហឹងពីការធ្លាក់ចុះខ្សោយនៃពាណិជ្ជកម្មសកល និងលំហូរមូលធនក្នុងឆ្នាំ២០១៥ ខណៈការវិនិយោគឯកជននឹងមានការជាប់គាំង ។
សម្រាប់ភាពវិជ្ជមានវិញ អ្នកផ្តល់កម្ចីបានលើកឡើងថា ៖ « តម្លៃថាមពលធ្លាក់ចុះ គួរតែគាំទ្រដល់ការប្រើប្រាស់ឯកជន ហើយការចំណាយរបស់រដ្ឋាភិបាលនឹងកើនឡើង រីឯតម្រូវការសកលខាងក្រៅ គួរតែមានការរើបឡើងវិញ » ។ ប៉ុន្តែសេដ្ឋកិច្ចសកលបានធ្លាក់ចុះខ្សោយជាងការរំពឹងទុកទៅទៀត ដោយសារតែការធ្លាក់ចុះខ្សោយនៃសេដ្ឋកិច្ចចិន និងមហាអំណាចសេដ្ឋកិច្ចផ្សេងទៀត ។
ផលិតផលក្នុងស្រុកសរុប (GDP) របស់សិង្ហបុរីមានកំណើនទាប ដែលត្រូវបានគេបានព្យាករថា មានត្រឹមតែ១,៩%ប៉ុណ្ណោះ ខណៈនៅឆ្នាំមុនវាមានអត្រា២% ដែលនេះជាកំណើនខ្សោយបំផុត បើគិតចាប់ពីឆ្នាំ២០០៩មក ពោលគឺនៅពេលដែលសេដ្ឋកិច្ចបានធ្លាក់ចុះ១,៣% ក្នុងឆ្នាំ២០០៩ ។
ប្រសិនបើកំណើនផលិតផលក្នុងស្រុកសរុបធ្លាក់ចុះ២%នៅឆ្នាំនេះ វានឹងធ្លាក់ចុះក្នុងរយៈពេល៧ឆ្នាំតែម្តង ។ រដ្ឋាភិបាលរំពឹងថា នៅឆ្នាំនេះ សេដ្ឋកិច្ចនឹងមានកំណើនពី១% ទៅ៣% ។
ចំពោះតម្លៃទំនិញប្រើប្រាស់នៅក្នុងប្រទេសសិង្ហបុរីវិញ បានធ្លាក់ចុះជារៀងរាល់ខែ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៤មកម្ល៉េះ ។ ការធ្លាក់នេះបានអូសបន្លាយពេលយូរជាងគេ ជាពិសេស ការធ្លាក់ចុះនៃតម្លៃប្រេង និងលំនៅឋាន ៕
ចែករំលែកព័តមាននេះ