ក្រុមបាល់ទាត់មួយដែលខ្លាំង គឺអាស្រ័យទៅលើមនុស្សទាំងអស់ នៅក្នុងក្រុមខ្លាំងតាមជំនាញតួនាទីរបស់ពួកគេ ។ វាដូចគ្នាដែរ ប្រទេសជាតិមួយ ដែលខ្លាំងនៅពេលដែលរដ្ឋអាចប្រមូលមនុស្សខ្លាំងទាំងអស់ មកជួយបម្រើការងារ ។
ដរាបណាស្ថាប័នរដ្ឋ មិនអាចប្រមូលមនុស្សខ្លាំង និងពូកែឱ្យមកធ្វើការទេនោះ ស្ថាប័នរដ្ឋមិនអាចរឹងមាំជាងនេះឡើយ ។ ការរកមនុស្សខ្លាំង និងពូកែមកធ្វើការ គឺមិនងាយស្រួលនោះឡើយ ។ មនុស្សខ្លាំង និងពូកែច្រើនមានអំនួត ហើយគេនឹងធ្វើការកន្លែងមួយ ដែលគេវិភាគឃើញថា ជាកន្លែងការងារដែលមានបរិស្ថានការងារល្អ ដោយរួមមានរបៀបរបរការងារត្រឹមត្រូវ មានការបែងចែងការងារ និងការទទួលខុសត្រូវត្រឹមត្រូវ មានការលើកទឹកចិត្ត មានយន្តការច្បាស់លាស់ នៅក្នុងការដំឡើងតំណែង និងតួនាទី មិនបក្សពួកនិយម និងគ្រួសារនិយមជាដើម ។
សំខាន់ជាងនេះ គឺពួកគេអាចទទួលបានចំណូលសមរម្យ ដើម្បីចិញ្ចឹមគ្រួសារ ។ មនុស្សដែលចេះដឹងខ្ពង់ខ្ពស់ និងមានសីលធម៌គឺជាមនុស្សដែលមិនលោភលន់នោះឡើយ ។ គេយល់ច្បាស់អំពីគោលដៅនៃជីវិត ដោយមិនមែនជាការមានបានលុយរាប់លានក្រោមការកេងប្រវ័ញ្ចពីអ្នកដទៃ ឬក្រោមការគាបសង្កត់អ្នកដទៃឡើយ ។ គោលដៅជីវិតរបស់ពួកគេមិនមែនជាបរិមាណលុយរាប់រយលានឡើយ គឺគេត្រូវការជីវិតតថ្លៃថ្នូរ និងសមរម្យមួយ ដែលអាចឱ្យពួកគេរស់នៅបានសប្បាយរីករាយជាមួយក្រុមគ្រួសារ អ្នកជិតខាង និងប្រជាជនកម្ពុជាដទៃទៀត ។
ស្ថាប័នរដ្ឋត្រូវតែយល់ចិត្តរបស់មនុស្សពូកែ ហើយរៀបចំស្ថាប័នរដ្ឋដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាព ដែលមានបរិយាកាសការងារដ៏ល្អ បើសិនជាចង់ទាក់ទាញមនុស្សមានចំណេះដឹងខ្ពង់ខ្ពស់ជាច្រើនទៀត ឱ្យចូលរួមធ្វើការងាររដ្ឋកាន់តែសកម្មជាងនេះ ។
ការអំពាវនាវដល់ពួកគេតែមួយមុខនឹងមិនគ្រប់គ្រាន់ទេ ។ វាទាមទារឱ្យមានការបង្កើតបរិយាសល្អមួយ សម្រាប់ពួកគេយល់ថា ការបម្រើការងាររដ្ឋ នឹងធ្វើឱ្យពួកគេអាចមានជីវភាព ដូចធ្វើការងារជាមួយអង្គការ ឬក្រុមហ៊ុនឯកជន ។ បន្ថែមលើនេះ ពួកគេមាន
ឱកាសកាន់តែច្រើន នៅក្នុងការជួយដល់ការអភិវឌ្ឍន៍ប្រទេសជាតិកម្ពុជា ។
នៅពេលដែលស្ថាប័នរដ្ឋអាចប្រមូលមនុស្សពូកែៗ និងមានចំណេះដឹងឱ្យជួយធ្វើការងារហើយនោះ ពេលនោះពួកគេអាចនឹងក្លាយជាខួរក្បាល សម្រាប់ការរួមចំណែកតាក់តែងកម្មវិធីនយោបាយកាន់តែឆ្លើយតបនឹងស្ថានភាពប្រទេសកម្ពុជា ។
ការខកខាននៅក្នុងការប្រមូលមនុស្សពូកែឱ្យជួយធ្វើការងាររដ្ឋ នឹងធ្វើឱ្យល្បឿននៃការអភិវឌ្ឍន៍មិនអាចបានលឿនជាងនេះឡើយ។
ចែករំលែកព័តមាននេះ