យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា កងឆ្មាំសាធារណរដ្ឋដែលស្មោះត្រង់នឹងប្រធានាធិបតីយេម៉ែនលោកអាលី អាប់ឌុលឡាហ៍ សាឡេហ៍ បានបិទកាលពីថ្ងៃទី២៥ ឧសភា នូវរាល់ច្រកចេញចូលទាំងអស់នៃរដ្ឋធានីសាណា ដើម្បីរារាំងពួកជនប្រដាប់អាវុធមកពីពួកកុលសម្ព័ន្ធចូលរួមក្នុងការប៉ះទង្គិចគ្នានៅតាមវិថីនានាដឹកនាំធ្វើដោយលោកសាឌីក អាល់អាម៉ា មេដឹកនាំកុលសម្ព័ន្ធប្រឆាំង ។
សមាជិកម្នាក់របស់កងឆ្មាំសាធារណរដ្ឋនិយាយប្រាប់ស៊ីនហួថា យើងបានទទួលបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យបិទរាល់ច្រកចេញចូលក្រុងសាណាទាំងអស់ ។ យើងអាចឱ្យប្រជាជនចាកចេញពីទីក្រុងសាណា ក៏ប៉ុន្តែមិនឱ្យចូលមកឡើយ ។ ពួកជនប្រដាប់អាវុធមកពីកុលសម្ព័ន្ធរបស់លោកអាល់ អាម៉ា ប្រមុខក្រុមចម្រុះកុលសម្ព័ន្ធ HASHID នៅភាគខាងជើងប្រទេសដ៏មានឥទ្ធិ ពលបានធ្វើការប្រយុទ្ធយ៉ាងខ្លាំងក្លានៅតាមវិថីនានាចាប់ពីថ្ងៃទី២៣ ឧសភា មក ដើម្បីដណ្តើមកាន់កាប់អគារដ្ឋាភិបាលទាំងឡាយក្នុងស្រុក ហាសាបា កណ្តាលក្រុងសាណា ។
ប្រជាជនជា ច្រើននាក់ដែលរស់នៅក្នុងតំបន់នេះបានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេក្រោយពីគ្រាប់ផ្លោងដែលធ្លាក់នៅទីនោះបានសម្លាប់និងធ្វើឱ្យរបួសជនស៊ីវិលជាច្រើននាក់ ។ ម្យ៉ាងវិញទៀត មន្ត្រីព្រលានយន្តហោះអន្តរជាតិក្រុងសាណាម្នាក់ថ្លែងថា ព្រលានយន្តហោះ នេះមានពពាក់ពពូនដោយជនជាតិយេម៉ែន និងជនបរទេសដែលចង់ចាកចេញពីប្រទេសដោយសារការប៉ះទង្គិចគ្នាដោយអាវុធយ៉ាងខ្លាំងក្លានានា ៕
ចែករំលែកព័តមាននេះ