គណបក្សកាន់អំណាច និងគណបក្សប្រឆាំងតួកគី កាលពីថ្ងៃទី២ មេសា បានឈានដល់ការផ្ទុះហិង្សាវាយតប់គ្នាបែបជាជនពាលពេញសភា ខណៈពេលកំពុងជជែកពិភាក្សា និងអនុម័តការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទាក់ទងនឹងការដកអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រ ។ ការផ្ទុះហិង្សានេះបង្កឱ្យសមាជិកសភាមួយចំនួនរងរបួស ។
បក្សកាន់អំណាចតួកគីបានដាក់សំណើលើមាត្រា៨៣ នៃរដ្ឋធម្មនុញ្ញដែលបានចែងថា «អ្នកតំណាងរាស្ត្រដែលរងនូវការចោទថាបានប្រព្រឹត្តបទល្មើសមុន ឬក្រោយនៃការបោះឆ្នោត មិនត្រូវបានឃុំខ្លួន សាកសួរចម្លើយ ឬជំនុំជម្រះឡើយ លុះត្រាមានការសម្រេចពីសភា » និងមិនត្រូវអនុវត្តចំពោះសំណុំរឿងទាក់ទងនឹងបណ្តឹងដែលចោទសមាជិកសភាបច្ចុប្បន្ននោះ ។
វិវាទបានផ្ទុះឡើងខណៈពេលដែលការកែ ប្រែច្បាប់ដកអភ័យឯកសិទ្ធិកើតឡើង ងាយៗ ពេលមានពាក្យបណ្តឹង ។ ចំពោះនយោបាយនៅតួកគីពិតជាបង្កឱ្យមានការស្មុគស្មាញមួយរហូតលោកអម្រិន្ទ វិស្ណុ បានសរសេរអត្ថបទមួយមានចំណងជើងថា «គ្រឿងក្នុងតួកគីកំពុងរងហានិភ័យ» ។
សាធារណរដ្ឋតួកគីឬហៅខ្លីថាប្រទេសតួកគី មានទីតាំាងស្ថិតនៅភូមិសាស្ត្រដ៏ពិសេសមួយនៅមជ្ឈិមបូព៌ា ដែលជាចំណុចប្រសព្វរវាងទ្វីបអឺរ៉ុបនិងអាស៊ី ។ ប្រទេសនេះធ្លាប់ជាអតីតមហាអំណាចមួយកាលពីចក្រភពអូតូម៉ង់នៅឈរជើងនៅឡើយ ។ តែមកដល់ពេលបច្ចុប្បន្ន ប្រទេសតួកគីរងវិបត្តិជាច្រើនទាំងក្រៅនិងក្នុងប្រទេសជាពិសេសបញ្ហាទាក់ទងទៅនឹងភាពមិនចុះសម្រុងគ្នាផ្នែនយោបាយ អំពើភេរវកម្ម និងភាពចម្រូងចម្រាសផ្នែកជាតិសាសន៍ផ្សេងគ្នា ។
ប្រទេសតួកគីបានដាក់ពាក្យចូលធ្វើសមាជិករបស់សហភាពអឺរ៉ុបតាំងពីឆ្នាំ១៩៨៧មក តែមកដល់ពេលនេះពុំទាន់បានសម្រេចនៅឡើយទេ ។ ដើម្បីធ្វើជាសមាជិកសហភាពអឺរ៉ុបបាន ប្រទេសតួកគីត្រូវធ្វើកំណែទម្រង់ជាច្រើន ។ ចំណុចដែលត្រូវកែប្រែនោះរួមមាន ការពង្រឹងការអនុវត្តច្បាប់ ការផ្តល់សេរីភាពក្នុងការបញ្ចេញមតិ សេរីភាពក្នុងការជួបជុំគ្នា និងការគោរពសិទ្ធិមនុស្ស ។
តែជាអកុសល កិច្ចខិតខំប្រឹងប្រែងទាំងអស់បានជួបប្រទះនូវឧបសគ្គជាច្រើន ។ សន្តិសុខជាតិទាំងមូលរងការគំរាមកំហែងពីសំណាក់ក្រុមភេរវកម្មឃឺដ ដែលហៅខ្លួនឯងថា គណបក្សកម្មករឃឺដ(PKK) ។ តែនេះមិនមែនជាបញ្ហាធំនោះទេ ។ ក្រុមជ្រុលនិយមអង្គការរដ្ឋអ៊ិស្លាមទៅវិញទេ ដែលជាអ្នកនាំយកវិបត្តិមកឲ្យតំបន់មជ្ឈិមបូព៌ ាទាំងមូលនោះ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ត្រង់នេះគឺថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចជាច្រើនបានព្យាយាមប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយមមួយនេះ ខណៈដែលប្រទេសតួកគី ហាក់មិនសូវអើពើជាមួយនឹងបញ្ហាប្រឈមនេះទៅវិញ ។ ដោយសារតែប្រទេសតួកគី ស្ថិតនៅជាប់នឹងប្រទេសស៊ីរីដែលកំពុងរងការវាយប្រហារពីសំណាក់អង្គការរដ្ឋអ៊ិស្លាម សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច បានបង្ហាញជំហរគាំទ្រតួកគីយ៉ាងពេញទំហឹងក្នុងការចូលរួមដោះស្រាយវិបត្តិមួយនេះ ។ ទោះជាបែបនេះក៏ដោយ រដ្ឋាភិបាលតួកគី គិតតែប្រយុទ្ធប្រឆាំងតែជាមួយនឹងពួកឃឺដ និងវាយក្រុមជ្រុលនិយមរដ្ឋអ៊ិស្លាមដោយប្រើកណ្តាប់ដៃដ៏ទន់ ។ ទង្វើបែបនេះ បានធ្វើឲ្យមហាជនមានការសង្ស័យពីទំនាក់ទំនងពីក្រោយខ្នងរវាងរដ្ឋាភិបាលតួកគី និងក្រុមជ្រុលនិយមរដ្ឋអ៊ិស្លាម ។ ជាមួយគ្នានេះដែរ សន្តិសុខជាតិមានការធ្លាក់ចុះមួយកម្រិតទៀត ដោយសារមានការវាយប្រទេសផ្ទួនគ្នាកាលពីខែតុលា ឆ្នាំ២០១៥ ទៅលើក្រុមបាតុករអហិង្សាមួយនៅរដ្ឋធានីអង់ការា៉ ដែលបានបណ្តាលឲ្យមនុស្ស១០២នាក់ ស្លាប់និងជាង៤០០នាក់ផ្សេងទៀតរងរបួស ។
ពិតណាស់ រដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាដែលប្រទេសជាតិខ្លួនកំពុងប្រឈម ។ តែកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលមិនអាចឈានដល់កម្រិតពេញលេញបានឡើយ ដោយសារខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងអ្វីដែលពួកគេហៅថា «រដ្ឋក្នុងរដ្ឋ» ។ ការពិត គឺរដ្ឋាភិបាលកំពុងព្យាយាមបំបិទមាត់នរណាដែលមានមតិមិនគាំទ្រនិងរិះគន់ខ្លួន និងនរណាដែលអាចបង្ហាញផ្លូវមួយទៅកាន់ប្រជាធិបតេយ្យពិតប្រាកដមួយជាអ្វីដែលចលនា Hizmet បានព្យាបាលជួយដល់ប្រទេសតួកគីទាំងមូលនោះ ។ សកម្មភាពដំបូងក្នុងរឿងនេះ គឺរដ្ឋាភិបាលចូលជ្រៀតជ្រែកក្នុងឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ ។ ជាឧទាហរណ៍ កន្លងមកហើយ ចៅក្រមនិងព្រះរាជអាជ្ញាជាច្រើននាក់ដែលដោះស្រាយរឿងក្ដីទាក់ទង នឹងអ្នកមានមុខតំណែងធំៗត្រូវបញ្ឈប់ពីការងារ ដកហូតមុខតំណែង និងក្នុងករណីខ្លះត្រូវជាប់ឃុំឃាំងទៀតផង បើសិនពួកគេត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយនឹងចលនា Hizmet ។ របាយការណ៍ស្ដីពីបញ្ហាក្នុងប្រទេសតួកគី ដែលរៀបចំដោយគណៈកម្មការអឺរ៉ុប កាលពីឆ្នាំ២០១៥បានលើកឡើងថា «ការប្រយុទ្ធប្រឆាំងនឹងអ្វីដែលរដ្ឋាភិបាលហៅថា រដ្ឋក្នុងរដ្ឋ ត្រូវបានដាក់ចូលក្នុងរបៀបវារៈរបស់ក្រុមប្រឹក្សាសន្ដិសុខជាតិ ។ ការផ្លាស់ប្ដូរមុខតំណែង និងការដកហូតឋានៈរបស់មន្ដ្រីសមត្ថកិច្ច និងតុលាការកំពុងបន្ដទៅមុខទៀត» ។ ជាក់ស្ដែងណាស់ កាលពីឆ្នាំមុន មានចៅក្រមនិងព្រះរាជអាជ្ញាចំនួន៦រូប ត្រូវដកហូតតំណែងដោយសារពួកគេដោះស្រាយរឿងក្ដីទាក់ទងនឹងអំពើពុករលួយរបស់អ្នកមានមួយចំនួន ។
បញ្ហាធំមួយទៀតទាក់ទងនឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ គឺរដ្ឋាភិបាលធ្វើទុក្ខបុកម្នេញដល់បណ្ដាញសារព័ត៌មានដែលមិនគាំទ្រ ហ៊ានបកស្រាយពីការពិតរបស់រដ្ឋាភិបាល ឬត្រូវបានចោទប្រកាន់ថាជាខ្សែបណ្ដាញរបស់ចលនា Hizmet ។ អ្នកសារព័ត៌មានជាច្រើននាក់រងការគំរាមកំហែងពីការចាប់និងឃុំឃាំងខ្លួន ខណៈដែលប៉ុស្ដិ៍ទូរទស្សន៍មួយចំនួនត្រូវបានបិទទៅហើយ ។ របាយការណ៍ស្ដីអំពីសិទ្ធិមនុស្សដែលរៀបចំដោយសហរដ្ឋអាមេរិកបានលើកឡើងថា «មកដល់ខែវិច្ឆិកានេះ អាជ្ញាធរបានធ្វើការចាប់ខ្លួនអ្នកសារព័ត៌មានចំនួន៣០នាក់ ដោយចោទប្រកាន់ថា ទាក់ទងនឹងអង្គការមិនស្របច្បាប់មួួយ» ។ បន្ថែមពីនេះទៀត ខណៈពេលរដ្ឋាភិបាលបន្ដការប្រយុទ្ធប្រឆាំង និងចលនា Hizmet កាន់តែខ្លាំងជាងមុន សកម្មភាពអាក្រក់មួយចំនួនទៀតក៏ត្រូវបានរបាយការណ៍ដដែលលើកមកដែរថា «បណ្ដាញសារព័ត៌មានមួយចំនួនធំ ដែលមានទំនាក់ទំនងនឹងចលនា Hizmet ត្រូវបានរារាំងពុំឱ្យធ្វើការផ្សព្វផ្សាយ និងមាន៥ត្រូវបានគ្រប់គ្រងដោយក្រុមប្រឹក្សារបស់រដ្ឋាភិបាល ។ អ្នកតំណាងឱ្យចលនា Hizmet និងបណ្ដាញផ្សព្វផ្សាយសេរី ត្រូវបានគេហាមឃាត់មិនឱ្យចូលរួមនៅក្នុងកម្មវិធីផ្លូវការផ្សេងៗ ហើយនៅក្នុងករណីខ្លះទៀតពួកគេត្រូវបាត់បង់ការទទួលស្គាល់ជាផ្លូវការ» ។
ក្រៅពីសកម្មភាពដូចខាងលើ រដ្ឋាភិបាលតួកគីអាចធ្វើការបិទដំណើរការបណ្ដាញសង្គមដែលជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋតាមតែចិត្ដផងដែរ ។ ក្នុងពេលតែមួយនេះដែរ ប្រទេសតួកគីជាប្រទេសដែលមានធ្វើការស្នើឱ្យក្រុមហ៊ុន Twitter លុបចោលសាច់រឿងដែលមាននៅលើទំព័រច្រើនជាគេនៅលើលោករហូតដល់៤៤៧ដង នៅរយៈពេលត្រឹមតែ៥ខែក្នុងឆ្នាំ២០១៤ ។ បន្ថែមពីលើការគ្រប់គ្រងបណ្ដាញសង្គម រដ្ឋាភិបាលតួកគីអាចបំប្លែងព័ត៌មានពិតឲ្យទៅជាមិនពិតបានថែមទៀត ។ ស្រដៀងនឹងករណីដូចខាងលើនោះដែរ រដ្ឋាភិបាលបានគ្រប់គ្រងលើក្រុមហ៊ុនសារព័ត៌មានភាគច្រើននៅតួកគី ហើយនៅក្នុងនោះក៏មានក្រុមហ៊ុនធំមួយហៅថា Koza Ipek Holding។
របាយការណ៍ស្តីពីសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិកក៏បានបន្ថែមថា «ក្រុមហ៊ុន Koza Ipek Holding មានបណ្តាញសារព័ត៌មានចំនួន ៥ ហើយបានបើកដំណើរការឡើងវិញក្រោយពីក្រុមបណ្ណាធិការដែលគាំទ្ររដ្ឋាភិបាលចូលមកគ្រប់គ្រង» ។ ទង្វើនេះសបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលព្យាយាមកម្ចាត់បណ្តាញសារព័ត៌មានណាដែលហ៊ានចាប់យករូបភាពអាក្រក់របស់ខ្លួន ។
ជាក់ច្បាស់ណាស់ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃ តួកគីកំពុងឈានចូលកាន់តែជិតទៅដល់លទ្ធិមួយដែលផ្ទុយទាំងស្រុងពីលទ្ធិប្រជាធិបតេយ្យ គឺអំណាចប្រមូលផ្តុំ និងអំណាចផ្តាច់ការ ។ នេះហើយជាមូលហេតុដែលរដ្ឋាភិបាលបានព្យាយាមបំផ្លិចបំផ្លាញដល់ចលនា Hizmet ដោយសារចលនានេះដឹងយ៉ាងច្បាស់ពីដំណើររបស់រដ្ឋាភិបាល ព្រមទាំងបានព្យាយាមផ្តល់ឱកាសដល់មហាជន ដើម្បីឲ្យពួកគេបានមានសិទ្ធិសេរីភាពអាចទទួលដឹងឮពីការពិត និងគេចផុតពីក្រញាំរបស់អំណាចផ្តាច់ការបាន៕
ចែករំលែកព័តមាននេះ