អង្គការអន្តរជាតិទទួលបន្ទុកខាងជនអន្តោប្រវេសន៍ OIM គូសបញ្ជាក់ដោយដកស្រង់សម្តីរបស់ពួកអ្នកនៅរស់រានមានជីវិតកាលពីថ្ងៃទី៣០ មេសា ថា ការលិចកាណូតកៅស៊ូមួយដែលដឹកពួកអន្តោប្រវេសន៍ក្នុងដែនទឹកលីប៊ីកាលពីថ្ងៃទី២៩ មេសា បណ្តាលឱ្យមនុស្សបាត់ខ្លួន៨៤នាក់ ហើយមនុស្ស២៦នាក់ត្រូវបានជួយសង្គ្រោះ ។
លោក FLAVIO DI GIACOMO អ្នកនាំពាក្យរបស់ OIM នៅអីុតាលីអះអាងថា ជនអន្តោប្រវសន៍២៦នាក់ត្រូវបានជួយសង្គ្រោះនៅសមុទ្រមេឌីទែរ៉ាណេ ក្រោយការលិចកាណូតនេះ ហើយមនុស្ស៨៤នាក់បាត់ខ្លួន ។
លោក DI GIACOMO ដែលយោងតាមការរៀបរាប់របស់អ្នកនៅរស់រានមានជីវិត២៦នាក់អះអាងប្រាប់ AFP ថា មនុស្ស១១០នាក់មានដើមកំណើតនៅអាហ្វ្រិកខាងលិចបាននាំគ្នាឡើងជិះកាណូតកៅស៊ូមួយនៅលីប៊ី ។ កាណូតនេះចាស់ ហើយទឹកហូរចូលរួចមនុស្សជាច្រើននាក់ធ្លាក់ទៅក្នុងទឹកសមុទ្ររួចលង់ស្លាប់ ។
នាវាកាហ្គោអីុតាលីមួយគ្រឿងនាយប់ថ្ងៃទី២៩ មេសា អាចជួយសង្គ្រោះមនុស្ស២៦នាក់ ខណៈនាវាកៅស៊ូសល់ពាក់កណ្តាលកំពុងតែលិច ៕
ចែករំលែកព័តមាននេះ