ប្រទេសថៃ ៖ ការនាំចេញរបស់ថៃនៅក្នុងខែកុម្ភៈ បានត្រឡប់ទៅរកភាពវិជ្ជមានជាលើកដំបូងក្នុងរយៈពេល១៤ខែ ជាមួយនឹងទឹកប្រាក់ ចំនួន១៨,៩៩ប៊ីលានដុល្លារអាមេរិក។
ទោះជាយ៉ាងណា ការកើនឡើងដែលមិនទៀងទាត់នេះ គឺដោយសារការនាំចេញយ៉ាងច្រើននៃមាស និងគ្រឿងសព្វាវុធយោធាសមយុទ្ធ ដែលមិនបានផ្តល់ផលប្រយោជន៍ដល់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចអ្វីឡើយ ។ បើរាប់បញ្ចូលទាំងប្រេង និងមាស គឺការនាំចេញនៅខែកុម្ភៈបានកើនឡើង២,៤% ពីមួយឆ្នាំទៅមួយឆ្នាំ ។
ជាងនេះទៀត ការកើនឡើងនៃតម្លៃមាសកាលពីខែមុន បានធ្វើឲ្យការនាំចេញកើនឡើងខ្ពស់កប់ពពករហូតដល់១,០៥១% ស្មើនឹងទឹកប្រាក់១,៨៩ប៊ីលានដុល្លារពីមួយឆ្នាំទៅមួយឆ្នាំ។ ចំណែកការនាំចេញនៃគ្រឿងសព្វាវុធសមយុទ្ធយោធាវិញ មានតម្លៃ៦៨៣លានដុល្លារអាមេរិក ។
ប្រសិនបើផលិតផលទាំងពីរប្រភេទនេះ និងការនាំចេញប្រេងត្រូវបានដកចេញពីតួលេខក្នុងខែកុម្ភៈ នៃការនាំចេញរបស់ថៃ នៅតែមានភាពអវិជ្ជមានប្រមាណ២% គឺទាបជាងអត្រានាំចេញ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចេញផលិតផលកសិកម្ម និងទំនិញឧស្សាហកម្មនៅតែបន្តធ្លាក់ចុះ ។
ឧបនាយករដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Suvit Maesincee បានថ្លែងថា ៖ « ការនាំចេញបានវិលត្រឡប់ទៅរកភាពវិជ្ជមានវិញហើយ ដោយសារតែមានពន្លឺនៃទស្សនវិស័យកាន់តែភ្លឺឡើងក្នុងការធ្វើពាណិជ្ជកម្មសកល » ។
ទោះជាយ៉ាងណា នៅមានកត្តាអវិជ្ជមានជាច្រើនទៀតដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម រួមមាន គ្រោះរាំងស្ងួត ទិន្នផលកសិកម្មទាប ការឡើងចុះនៃការអត្រាប្តូរប្រាក់ ភេវរកម្ម និងសេដ្ឋកិច្ចសកលចុះខ្សោយ ជាពិសេស នៅប្រទេសចិនតែម្តង ។
លោកឧបនាយករដ្ឋមន្ត្រីបន្តថា ៖ « ការនាំចេញនៅតែបន្តរក្សាភាពវិជ្ជមាន ទោះបីជាមានកត្តាជាច្រើនអាចជះឥទ្ធិពលអាក្រក់ក្តី ដោយក្រសួងនឹងព្យាយាមសម្រេចគោលដៅនាំចេញឲ្យបាន៥% ក្រោមផែនការបង្កើតដោយក្រសួងពាណិជ្ជកម្ម » ។
តាមរបាយការណ៍របស់ក្រសួងឲ្យដឹងថា ការនាំចេញរបស់ថៃនៅខែមករា និងកុម្ភៈ បានកើនឡើងតិចតួចក្នុងអត្រា០,៦៧% ពីមួយឆ្នាំទៅមួយឆ្នាំ គិតជាទឹកប្រាក់ស្មើនឹង៣៤,៧ប៊ីលានដុល្លារ ។ មិនតែប៉ុណ្ណោះ ការនាំចេញរបស់ថៃកាលពីខែមុនមានផលលើសពាណិជ្ជកម្មចំនួន៤,៩៨ប៊ីលានដុល្លារអាមេរិក ។
ចំពោះការនាំចូលវិញបានធ្លាក់ចុះ១៦,៨២ % ពីមួយឆ្នាំទៅមួយឆ្នាំ ស្មើនឹង១៤ប៊ីលានដុល្លារ ខណៈការនាំចូលក្នុងរយៈពេល២ខែដំបូងមានទឹកប្រាក់សរុប២៩,៤៨ប៊ីលានដុល្លារ និងបានធ្លាក់ចុះ១៤,៥៤% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាហេតុធ្វើឱ្យការធ្វើពាណិជ្ជកម្មមានផលលើស៥,២២ប៊ីលានដុល្លារសម្រាប់រយៈពេល២ខែដំបូងនេះ ។
លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ៖ « ការវិនិយោគដោយផ្ទាល់ពីបរទេសត្រូវបានគេរំពឹងថា នឹងមានតម្លៃប្រមាណ៦០០ប៊ីលានបាត ទៅ៧០០ប៊ីលានបាតនៅឆ្នាំនេះ ។
សម្រាប់ការវិនិយោគដោយផ្ទាល់ពីបរទេសក្នុងរយៈពេល២ខែដំបូងមានតម្លៃ៣២,៤៤ប៊ីលានបាត ជិតស្មើនឹងការវិនិយោគពីបរទេសក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទឹកប្រាក់១៦,៥ប៊ីលានបាត » ។
ក្នុងនោះដែរ ការវិនិយោគដោយផ្ទាល់ពីបរទេសថ្មីមានទឹកប្រាក់១២,៥ប៊ីលានបាតនៅក្នុងរយៈពេល២ខែដំបូងនៅឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានត្រឹមតែ២,៨៦ប៊ីលានបាតប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ