រាជធានីភ្នំពេញ ៖ ផ្លូវទំនប់បឹងទំពុន ហៅផ្លូវលេខ៣៧១ ដែលលាតសន្ធឹងក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ និងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ បច្ចុប្បន្នបានរងការខូចខាតជាបន្តបន្ទាប់ ដែលគេនិយាយថាបណ្តាលមកពីការស្ថាបនាមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសស្តង់ដាផ្លូវថ្នល់ ។
តាមព័ត៌មាននិយាយថា ម្ចាស់ក្រុមហ៊ុនដែលដេញថ្លៃបានក្នុងការស្ថាបនាផ្លូវខាងលើនេះ គឺក្រុមហ៊ុនBBE ដែលទទួលសិទ្ធិក្នុងការស្ថាបនាកាលពីកំឡុងឆ្នាំ២០១៣កន្លងមក។ ប៉ុន្តែចាប់តាំងពីផ្លូវនេះស្ថាបនារួចមក គឺបានទទួលរងនូវការប្រេះបាក់ស្រុតខូចជាបន្តបន្ទាប់ ធ្វើឲ្យការធ្វើចរាចរណ៍តាមផ្លូវនោះតែងជួបគ្រោះថ្នាក់ជាញឹកញាប់ ជាពិសេសនៅពេលយប់ ។ លើសពីនេះទៀត តែងបង្កឱ្យចរាចរណ៍មានការកកស្ទះរៀងរាល់ពេលព្រឹក និងពេលល្ងាចជារៀងរាល់ថ្ងៃ ។
ជាការកត់សម្គាល់ កុំថាឡើយផ្លូវលេខ៣៧១នេះ ដែលក្រុមហ៊ុនBBEទទួលសិទិ្ធស្ថាបនាហើយខូច ផ្លូវដទៃទៀតនៅក្នុងរាជធានីភ្នំពេញ ក៏រងនូវការខូចខាតដូចគ្នានេះដែរ បន្ទាប់ពីស្ថាបនារួចរាល់បាន២ទៅ៣ឆ្នាំ ។
ចំពោះការមិនទទួលខុសត្រូវលើលក្ខណៈបច្ចេកទេសបែបនេះ ធ្វើឱ្យរាជរដ្ឋាភិបាលក៏ដូចជាសាលារាជធានីភ្នំពេញ ខាតបង់ថវិកាជាតិអស់រាប់រយលានដុល្លារក្នុងការស្ថាបនាផ្លូវថ្នល់ ដោយសង្ឃឹមថានឹងទទួលបានផ្លូវថ្នល់ដ៏ល្អមួយជូនប្រជាពលរដ្ឋសម្រាប់ធ្វើដំណើរ តែបែរជាផ្ទុយពីក្តីសង្ឃឹម មកទទួលបានជាផ្លូវថ្នល់ដែលងាយរងនូវការបាក់ស្រុតខូចខាតឥតឈប់ឈរក្នុងរយៈពេល២ទៅ៣ឆ្នាំក្រោយមក ។
ជុំវិញបាតុភាពនេះ មិនទាន់ដឹងថាទៅថ្ងៃអនាគតផ្លូវលេខ៣៧១ ហៅផ្លូវទំនប់បឹងទំពុននេះ នឹងមានការខូចខាតជាបន្តទៀត ឬយ៉ាងណានោះទេ?
ចែករំលែកព័តមាននេះ