ខេត្តកំពង់ចាម ៖ ពិធីបុណ្យទន្លេលើកទី២ ក្រោមប្រធានបទ «ទន្លេស្អាត សហគមន៍ល្អ នៅខេត្តកំពង់ចាម និងត្បូងឃ្មុំ កាលពីល្ងាចថៃ្ងទី១២ ខែមីនា ឆ្នាំ២០១៦ បានកាត់ខ្សែបូសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ដោយលោកយឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាតំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកលន់ លឹមថៃ អភិបាលខេត្តកំពង់ចាម បានលើកឡើងថា នេះគឺជាលើកទីមួយហើយ ដែលទីក្រុងកំពង់ចាមទទួលបានឱកាសប្រារព្ធទិវា និងព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ គឺ «បុណ្យទន្លេ» ។ ឱកាសនេះចែករំលែកជូនដល់សាធារណជនទាំងជាតិ និងអន្តរជាតិសម្រាប់ជាផលប្រយោជន៍រួមទូទៅ ហើយតទៅថ្ងៃមុខនឹងផ្លាស់ប្តូរឱកាសដល់គ្នាទៅវិញទៅមក ។ ដើម្បីឲ្យខេត្តកំពង់ចាមក្លាយជាទឹកដីនៃឱកាសពិតប្រាកដ រដ្ឋបាលខេត្តបានយកអស់កម្លាំងកាយចិត្តខិតខំរិះរកមធ្យោបាយគ្រប់ប្រភេទ ដើម្បីប្រែក្លាយទឹកដីមួយនេះឲ្យក្លាយជាទីមនោរម្យសម្រាប់គោលដៅទេសចរណ៍ វិនិយោគ និងការអភិវឌ្ឍសង្គម ក្នុងន័យលើកកម្ពស់កំណើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋក្នុងខេត្តឆ្ពោះទៅកាន់ការសម្រេចឲ្យបាននូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលកម្ពុជា ។
លោកលន់ លឹមថៃ ថ្លែងថា រដ្ឋបាលខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំបានសហការគ្នា រៀបចំពិធីបុណ្យទន្លេលើកទី២ ក្នុងឆ្នាំ២០១៦នេះ ។
ខេត្តទាំងពីរមានវត្ថុធាតុដើមជាច្រើន សម្រាប់ការវិនិយោគដូចជា ស្រូវ ស្វាយចន្ទី ដំឡូងមី សណ្តែក ពោត កៅស៊ូ ។ល។ ក្រៅពីការយកចិត្តទុកដាក់លើការអភិវឌ្ឍលើផ្នែកឧស្សាហកម្ម បើទោះបីជាខេត្តទាំងពីរមិនត្រូវបានកំណត់ជាប៉ូលទេសចរណ៍ក៏ដោយក៏រដ្ឋបាលខេត្តបានប្តេជ្ញាពង្រីកខ្លួនឲ្យកៀកនឹងប៉ូលទេសចរណ៍ ហើយក្តីស្រមៃថាខេត្តទាំងពីរ«កំពង់ចាម-ត្បូងឃ្មុំ» នឹងទាក់ទាញបាននូវភ្ញៀវទេសចរជាតិ-អន្តរជាតិយ៉ាងច្រើនក្នុង មួយ ឆ្នាំៗនៅពេលអនាគតដ៏ឆាប់ខាងមុខនេះ ពីព្រោះខេត្តទាំងពីរមានតំបន់ទេសចរធម្មជាតិ និងវប្បធម៌ជាច្រើនកន្លែងដ៏មានសក្តានុពល ដែលអាចនិវិយោគបាន ។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ការរៀបចំពិធីបុណ្យទន្លេ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ទាក់ទាញសម្រាប់ខេត្តជាប់ដងទន្លេ ។ ពិធីបុណ្យទន្លេ មិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃតំបន់ជាប់ដងទន្លេកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមចំណែកយ៉ាងសំខាន់ដល់ការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍកម្ពុជាប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ជាពិសេសការការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរលើការប្តេជ្ញាចិត្តរួមមួយច្បាស់លាស់ក្នុងការរក្សាតុល្យភាពរវាងផលប្រយោជន៍ខាងផ្នែកបរិស្ថាន សេដ្ឋកិច្ច-សង្គម វប្បធម៌ និងការអភិវឌ្ឍ ។ ព្រមជាមួយនេះពិធីបុណ្យទន្លេ គឺជាឱកាសដ៏ប្រសើរដើម្បីជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» តាមរយៈការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ជំរុញដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍទេសចរណ៍តាមនាវា ការជម្រុញការអភិវឌ្ឍសហគ្រាសធនតូច និងមធ្យម (SME) និងផលិតផលក្នុងតំបន់ និងការអប់រំយល់ដឹងជាសាធារណៈដល់ប្រជាពលរដ្ឋមូលដ្ឋានអំពីសារប្រយោជន៍នៃធនធានតាមដងទន្លេ និងអំពីទស្សនាទាន «ស្អាត បៃតង និងការជួយអភិវឌ្ឍសហគមន៍ និងប្រជាជនរស់នៅតាមដងទន្លេ» ជាពិសេសលើកកម្ពស់ការអភិវឌ្ឍទីក្រុងតាមដងទន្លេដើម្បីចូលរួមក្នុងការប្រលងប្រណាំងទីក្រុងស្អាតអាស៊ាន ។
លោកយឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទបានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឲ្យថា ក្នុងរយៈពេលជាង១ទសវត្សចុងក្រោយនេះ កម្ពុជាបានឆ្លងកាត់ នូវការអភិវឌ្ឍយ៉ាងលឿនក្នុងវិស័យ នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម តាមរយៈនយោបាយឈ្នះ-ឈ្នះកម្ពុជាបានផ្លាស់ប្តូររូបភាពយ៉ាងឆាប់រហ័សពីអ្វីដែលគេធ្លាប់ស្គាល់ថា ជាទឹកដីនៃវាលពិឃាត ទឹកដីសង្គ្រាមសំបូរដោយគ្រាប់មីន ។ ដោយបានប្រែក្លាយមកកម្ពុជាមានសន្តិភាពនយោបាយសន្តិសុខ សុវត្ថិភាពពេញលេញ និងមានការរីកចម្រើនលើគ្រប់វិស័យប្រកបដោយក្តីសង្ឃឹមឆ្ពោះទៅរកអនាគតមួយដ៏រុងរឿង និងត្រចះត្រចង់ ។
លោកយឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអត្ថិភាព ដើរតួនាទីជាមាសបៃតង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមរយៈការបង្កើននូវឱកាសការងារនាំមកនូវប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋ ។ ភាពសំបូរបែបសក្តានុពលវិស័យទេសចរណ៍តាមដងទន្លេ បាននិងកំពុងរួមចំណែកធ្វើឲ្យកម្ពុជាក្លាយទៅជាគោលដៅទេសចរណ៍ប្រកបដោយឧត្តមភាព និងភាពទាក់ទាញខ្ពស់ ។
មហាជនទាំងជាតិ និងបរទេសច្រើនកុះករបានចូលរួមបុណ្យទន្លេ ។ ពួកគេសប្បាយរីករាយនឹងការកម្សាន្ត ដូចជាទស្សនាការតាំងពិព័រណ៍ ជាពិសេសការសម្តែងសិល្បៈទាំងបុរាណ និងសម័យដែលរៀបចំយ៉ាងពិសេស ៕
ចែករំលែកព័តមាននេះ