ក្រុមអ្នកស្រាវជ្រាវនូវែលសេឡង់បាននិយាយថា ស្ត្រីមានផ្ទៃពោះដែលផឹកទឹកដោះគោច្រើនអាចនាំឱ្យកូនរបស់ពួកគេប្រឈមនឹងកង្វះសារធាតុដែកខណៈស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃការវិវឌ្ឍ ។
យោងតាមការសិក្សាពីសាកលវិទ្យាល័យ Auckland បានបង្ហាញថា ជាតិដែកមានសារសំខាន់ណាស់សម្រាប់ការវិវឌ្ឍខួរក្បាលប្រកបដោយសុខភាព ។ កង្វះខាតសារធាតុរ៉ែខណៈខួរក្បាលក្មេងត្រូវការវិវឌ្ឍខ្លាំង និងយ៉ាងឆាប់រហ័សគឺត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពខុសគ្នាតូចមួយ ប៉ុន្តែវាមានសារសំខាន់នៅក្នុងការបំពេញមុខងារ ការរៀនសូត្រ ក៏ដូចជាឥរិយាបថរបស់ខួរក្បាល ។
ការពិសោធតាមដានរយៈពេលមួយឆ្នាំបានរកឃើញថា ៧ភាគរយនៃទារកទើបនឹងកើតថ្មីនៅប្រទេសនូវែលសេឡង់គឺខ្វះជាតិដែក និងថា សន្និធិជាតិដែករបស់ទារកដែលម្តាយរបស់ពួកគេជាអ្នកទទួលទានទឹកដោះគោក្នុងបរិមាណខ្ពស់អំឡុងពេលពពោះស្ថិតក្នុងកម្រិតមួយយ៉ាងទាប ។
ថ្លែងក្នុងរបាយការណ៍ សាស្ត្រាចារ្យ Cameron Grant បានបញ្ជាក់ថា ទឹកដោះគោគឺជាប្រភពដ៏សំខាន់នៃជាតិកាល់ស្យូម តែវាក៏ជាប្រភពមួយដែលខ្សត់បំផុតនូវជាតិដែក ។ ទឹកដោះគោក៏ជាប្រភេទអាហារដែលនាំឱ្យអ្នកទទួលទានឆាប់ឆ្អែតផងដែរ ដូច្នេះវាពិតជាអាចកាត់បន្ថយចំណង់ស្រេកឃ្លានអាហារផ្សេងទៀតដែលជាប្រភពនៃជាតិដែកដ៏ល្អប្រសើរ ។ លោកសាស្ត្រាចារ្យបន្តថា ស្ត្រីមានផ្ទៃពោះដែលខ្វះជាតិដែកអាចនឹងបណ្តាលឱ្យកូនកើតមិនគ្រប់ខែឬកូនកើតមកមានទម្ងន់ស្រាលខុសពីធម្មតា ។ ជាងនេះទៅទៀត ពួកគេក៏ទំនងជាខ្វះជាតិដែកខណៈពេលពួកគេកំពុងបំបៅដោះកូន ។
កង្វះជាតិដែកគឺជាបញ្ហាសាមញ្ញបំផុតសម្រាប់ក្មេងនូវែលសេឡង់អាយុចាប់ពី៦ខែទៅ២ឆ្នាំ ធៀបទៅនឹងក្មេងអាយុដូចគ្នានៅប្រទេសអូស្ត្រាលី សហភាពអឺរ៉ុប ឬសហរដ្ឋអាមេរិក ។
ដើម្បីបងា្ករផលប៉ះពាល់អវិជ្ជមាននានាទៅលើការអភិវឌ្ឍលូតលាស់ពីដំបូងរបស់កូន លោកសាស្ត្រាចារ្យ Grant បានផ្តល់ជាអនុសាសន៍ថា ស្ត្រីមានផ្ទៃពោះដែលចូលចិត្តផឹកទឹកដោះគោច្រើន គួរតែប្រើថ្នាំគ្រាប់ជាតិដែក ។
លោកបន្ថែមថា ជម្រើសមួយដែលល្អទាំងសងខាងគឺស្ត្រីគួរបង្កើនការទទួលទានបណ្តាសារធាតុចិញ្ចឹមផ្សេងដែលមានក្នុងទឹកដោះគោ ៕
ចែករំលែកព័តមាននេះ