ប្រទេសថៃ ៖ ការនាំចេញរបស់ថៃនៅខែមករា នៅតែបន្តធ្លាក់ចុះរហូតដល់៨,៩% គិតជាទឹកប្រាក់ចំនួន១៥,៧១ប៊ីលានដុល្លារនៃការនាំចេញសកល ។ ការធ្លាក់ចុះនេះ ជាការធ្លាក់ចុះនៃខែទី១៣ជាប់ៗគ្នា និងជាការធ្លាក់ចុះយ៉ាងអាក្រក់ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១១មក ពោលគឺនៅពេលដែលមានគ្រោះទឹកជំនន់បណ្តាលឱ្យលិចរោងចក្រជាច្រើននៅទូទាំងប្រទេស និងត្រូវផ្អាកដំណើរការអស់រយៈពេលជាង១ខែ ។
លោក SomkiatTriratpan អគ្គនាយកទូទៅនៃការិយាល័យយុទ្ធសាស្ត្រ និងគោលនយោបាយពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ៖ « ការនាំចេញទៅក្រៅប្រទេសរបស់ថៃ កាលពីខែមុននៅតែប្រឈមនឹងសម្ពាធ ជាពិសេស សម្ពាធនៃប្រេងឆៅ និងផលិតផលកសិកម្មធ្លាក់ថ្លៃតែម្តង » ។
កាលពីឆ្នាំមុន ការនាំចេញបានប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចសកលដែលមិនទាន់រើបឡើងវិញផង ស្រាប់តែប្រេងឆៅ និងផលិតផលកសិកម្មបានធ្លាក់ថ្លៃ ហើយរូបិយប័ណ្ណក៏ធ្លាក់ថ្លៃទៅតាមនោះដែរ ។
« វាបានបង្ហាញយ៉ាងច្បាស់ពីសេដ្ឋកិច្ចសកលមានភាពរង្គោះរង្គើជាងការរំពឹងទុក ហើយវានឹងជះឥទ្ធិពលដល់ការរើបឡើងវិញនៃសេដ្ឋកិច្ចថៃទាំងមូលផងដែរ » ។ នេះបើតាមប្រសាសន៍របស់លោក CharnonBoonnuch សេដ្ឋវិទូជាន់ខ្ពស់នៃក្រុមហ៊ុនមូលបត្រ Tisco ។
បើតាមលោក Tim Leelahaphan សេដ្ឋវិទូមួយរូបមកពីធនាគារ Maybank ដែលបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៣ មីនា ឆ្នាំមុនថា ៖ « ការនាំចេញអាចធ្លាក់ចុះនៅត្រីមាសទី៤ឆ្នាំនេះ ហើយធនាគារជាតិចាំបាច់ត្រូវកាត់បន្ថយអត្រាការប្រាក់ ។ ទោះជាយ៉ាងណា តម្រូវការក្នុងស្រុកបានកើនឡើងគួរឲ្យកត់សម្គាល់ ដូច្នេះ ថៃមិនចាំបាច់ចាត់វិធានការបន្ទាន់ឡើយ » ។
ការនាំចេញនៃផលិតផលកសិកម្មបានធ្លាក់ចុះ៤,១% ពីមួយឆ្នាំទៅមួយឆ្នាំ បន្ទាប់ពីតម្លៃប្រេងសកលបានធ្លាក់ចុះ ។ ជាមួយគ្នានេះ ផលិតផលកៅស៊ូបានធ្លាក់ចុះ២៥,៧% និងអាហារក្លាសេធ្លាក់ចុះ១៩,២% ។ ចំណែកការនាំចេញត្រីធូណាវិញបានធ្លាក់ចុះ១៥,១% ខណៈមាន់ក្លាសេកើនឡើង២,៣% ។ រីឯការនាំចេញអង្ករបានធ្លាក់ចុះ៣០% និងស្ករបានធ្លាក់ចុះរហូតដល់៦៨,៥% ។
ក្នុងនោះដែរ ការនាំចេញផលិតផលឧស្សាហកម្មបានធ្លាក់ចុះ៨,៥% ខណៈប្រេងចម្រាញ់រួចធ្លាក់ចុះ២៥,២% ។ មិនតែប៉ុណ្ណោះ ការនាំចេញមាសក៏បានធ្លាក់ចុះដែរ ពោលគឺធ្លាក់ដល់៥១,២% ។ ទោះជាយ៉ាងណា ការនាំចេញរថយន្ត និងគ្រឿងបន្លាស់បានកើនឡើង៤,១% ។
ឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក SuvitMaesincee បានមានប្រសាសន៍ថា ៖ « វិស័យនាំចេញរបស់ថៃនឹងបន្តធ្លាក់ចុះ ដោយសារតែស្ថានភាពសេដ្ឋកិច្ចចុះខ្សោយ។ ពួកយើងកំពុងតែរកវិធីដោះស្រាយដើម្បីឲ្យការនាំចេញនៅឆ្នាំនេះមានអត្រា៥% ។ ថៃនឹងផ្តោតលើការរក្សាចំណែកទីផ្សារក្នុងការនាំចេញឲ្យបានល្អប្រសើរ » ។
គួរបញ្ជាក់ថា ការនាំចេញរបស់ថៃទៅកាន់ទីផ្សារធំៗរួមមាន ១០,១%ទៅកាន់ជប៉ុន, ៨,៥%ទៅកាន់សហរដ្ឋអាមេរិក, ៦,១%ទៅកាន់ចិន និង២,៤%ទៅកាន់សហគមន៍អឺរ៉ុប ។ ចំណែកការនាំចូលវិញបានធ្លាក់ចុះ១២,៤% គិតជាទឹកប្រាក់ចំនួន១៥,៤៧ប៊ីលានដុល្លារ ដែលជាហេតុធ្វើឲ្យប្រទេសថៃមានផលលើសក្នុងរយៈពេល៩ខែជាប់ៗគ្នា គិតជាទឹកប្រាក់ស្មើនឹង២៣៨លានដុល្លារ ៕
ចែករំលែកព័តមាននេះ