ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ដែលតាំងខ្លួនជាមេធាវីដើរបោកប្រាស់លុយកាក់ពីប្រជាពលរដ្ឋតាមបណ្តាខេត្តមួយចំនួនជាអ្នកដែលមានបញ្ហាក្តីក្តាំនៅតុលាការ ត្រូវបាននគរបាលស្រុកឧដុង្គ ធ្វើការឃាត់ខ្លួនប្រគល់ឱ្យច្បាប់ចាត់ការ។
ការឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង១០និង១៥នាទី ថ្ងៃទី៥ កុម្ភៈ ២០១៦ នៅចំណុចភូមិខ្វិត ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ជនដែលតាំងខ្លួនជាមេធាវីនេះ ត្រូវបានស្គាល់មានឈ្មោះជា ម៉ន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិ-ឃុំឃាត់ខ្លួនខាងលើ។
លោកវរសេនីយ៍ត្រី ពីង ពៅ អធិការរងនគរបាលស្រុកឧដុង្គ បានឱ្យដឹងថា ជនសង្ស័យម្នាក់នេះ ត្រូវបានចាប់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ២៣៤ ចុះថ្ងៃទី២៥ កក្កដា ២០១១ ពីបទឆបោក (ប្រាក់) ដែលចុះហត្ថលេខាដោយចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ យ៉ាន សុភាព។
តាមប្រភពពីមន្ត្រីតុលាការបានឱ្យដឹងថា ការចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួននេះ បន្ទាប់ពីជនសង្ស័យរូបនេះ បានតាំងខ្លួនឯងជាមេធាវី ហើយដើរទំនាក់ទំនងជាមួយប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួនដែលមានបញ្ហាក្តីក្តាំនៅតុលាការ ដូចជាខេត្តតាកែវ កំពត កំពង់ស្ពឺ និងកណ្តាលជាដើម ។ នៅពេលដែលទទួលបានពាក្យបណ្តឹងពីក្រុមអ្នករងគ្រោះដោយការឆបោកនេះ ហើយតុលាការខេត្តកំពង់ស្ពឺ បានកោះជនសង្ស័យរូបនេះ ឱ្យចូលខ្លួនមកបំភ្លឺ តែជននេះបានគេចវេសមិនចូលខ្លួនមកឡើយ។
ប្រភពបន្តថា ដោយសារតែគេគេចវេសមិនចូលខ្លួន ទើបចៅក្រមស៊ើបសួរសាលាដំបូងចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនសង្ស័យរូបនេះយកមកផ្តន្ទាទោសតាមច្បាប់។
លោកវរសេនីយ៍ត្រី ពីង ពៅ អធិការរងក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់រងគ្រោះដោយការចាញ់បោកជនម្នាក់នេះ ដែលធ្លាប់មកដាក់ពាក្យបណ្តឹងនៅអធិការរដ្ឋាននគរបាលស្រុកឧដុង្គ កន្លងមក សូមមកទំនាក់ទំនងដាក់ពាក្យបណ្តឹងបន្ថែមនៅសាលាដំបូងខេត្ត ព្រោះថា ពេលនេះសមត្ថកិច្ចឃាត់ខ្លួនជនម្នាក់នេះបានហើយ។
មជ្ឈដ្ឋានប្រជាពលរដ្ឋសំណូមពរដល់ស្ថាប័នតុលាការធ្វើយ៉ាងណា ចាត់ការ និងផ្តន្ទាទោសជនសង្ស័យរូបនេះឱ្យសមទៅនឹងអ្វីដែលគេបានប្រព្រឹត្ត ដើម្បីរាងចាលកុំឱ្យពេលចេញមកវិញ ថ្ងៃក្រោយដើរប្រព្រឹត្តអំពើឆបោកលុយប្រជាពលរដ្ឋតទៅទៀត។ ជាពិសេសគឺស្ថាប័នមេធាវីតែម្តង ដែលត្រូវជននេះយកឈ្មោះអង្គភាពមកដើរបោកប្រាស់គេធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នមេធាវី ក៏គួរដាក់ពាក្យបណ្តឹងផងដែរ៕
ចែករំលែកព័តមាននេះ