កងកម្លាំងរដ្ឋាភិបាលយេម៉ែនកាលពីថ្ងៃទី១៩ ធ្នូ បានរុលចូលជិតដល់រដ្ឋធានីយេម៉ែនហើយការប្រយុទ្ធគ្នាដ៏សាហាវនានា បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច៦៨នាក់នៅភាគពាយ័ព្យប្រទេស មុនពេលឈានទៅបញ្ចប់ការចរចាសន្តិភាពនៅប្រទេសស្វ៊ីស ។
ខណៈបទឈប់បាញ់គ្នាបង្កើតឡើងពីថ្ងៃទី១៥ ធ្នូ មក ប៉ុនប៉ងសម្រួលដល់ការចរចាអន្តរយេម៉ែនក្រោមការឧបត្ថម្ភរបស់ អ.ស.ប បទឈប់បាញ់គ្នានោះត្រូវបំផ្លាញជាថ្មី ។
ពុំមានកិច្ចព្រមព្រៀងណាមួយអាចរកឃើញបន្ទាប់ពីការចរចាសន្តិភាពរយៈពេល៥ថ្ងៃនោះឡើយ ។ នៅលើទីលានវិញ ជម្លោះពុំមានការថយចុះ មានតែកើនថែមនាថ្ងៃទី១៩ ធ្នូ នៅភាគខាងជើងប្រទេស ។ យុទ្ធជនយ៉ាងតិច៦៨នាក់បានត្រូវស្លាប់ក្នុងការប្រយុទ្ធគ្នាយ៉ាងសាហាវ រវាងកងទាហានយេម៉ែន និងពួកឧទ្ទាមស៊ីអីុតនៅជិតទីក្រុង HARADH និងជិតព្រំដែនអារ៉ាប៊ី សាអ៊ូឌីត ។ យោងតាមប្រភពយោធាថា ទាហានយ៉ាងតិច២៨នាក់ស្លាប់ ហើយពួកឧទ្ទាមស្លាប់យ៉ាងតិច៤០នាក់ ។ ក្រុង HARADH ត្រូវបានកងទ័ពរដ្ឋាភិបាលទទួលការបណ្តុះបណ្តាលនៅអារ៉ាប៊ី សាអ៊ូឌីត វាយយកបានកាលពីថ្ងៃទី១៧ ធ្នូ បន្ទាប់ពីកងកម្លាំងនេះឆ្លងកាត់ព្រំដែន ដើម្បីធ្វើការវាយលុក ។ កងទ័ពស្មោះត្រង់ប៉ុនប៉ងនាពេលនេះរុលឆ្ពោះមកកាន់ទីក្រុងកំពង់ផែមីឌី ជាប់មាត់សមុទ្រក្រហម ស្ថិតនៅចម្ងាយប្រមាណ១០គីឡូម៉ែត្រ ពីក្រុង HARADH ក៏ប៉ុន្តែជួបប្រទះនឹងការតស៊ូទប់ទល់របស់ពួកឧទ្ទាមដែលបញ្ជូនកម្លាំងបន្ថែមមកកាន់តំបន់នោះ ។
លើរណសិរ្សមួយទៀត កងទ័ពស្មោះត្រង់នឹងប្រធានាធិបតីលោកអាបដ៏ រ៉ាបូម៉ាន់សួរ ហាឌី កាលពីថ្ងៃទី១៩ ធ្នូ ស្ថិតនៅចម្ងាយតែ៤០គីឡូម៉ែត្រពីរដ្ឋធានីសាណាត្រួតត្រាដោយពួកឧទ្ទាមចាប់តាំងពីជាង១ឆ្នាំមកហើយ ។
នៅភាគខាងជើងយេម៉ែន ពួកឧទ្ទាមបានបាញ់មីស៊ីល២គ្រាប់សំដៅអារ៉ាប៊ី សាអ៊ូឌីត ហើយមួយគ្រាប់ធ្លាក់ក្នុងដែនដីប្រទេសនេះ ៕
ចែករំលែកព័តមាននេះ