*តាមរយៈនៃការចាប់បានឈើប្រណីតមានធ្នង់-បេង-នាងនួន ប្រមាណពី៣០ ទៅ៤០ម៉ែត្រគូប នៅច្រកទ្វារអូរយ៉ាដាវរវាងកម្ពុជា-វៀតណាម ដោយមន្ត្រីគយចល័តបញ្ជាក់ថា បទល្មើសព្រៃឈើនៅខេត្តរតនគិរី មានទំហំធំធេងណាស់ គ្មានអាជ្ញាធរដែនដីណាបង្ក្រាបទេ ប្រៀបដូចជាដែនដីរបស់ទេវប្រាក់ ។
*កន្លងមក អ្នកកាសែតខេត្តរតនគិរី បានស្រែកបំពងសំឡេង ដោយមានរូបភាពជាក់ស្តែងផងដែរ ដែលគួរតែត្រូវបានចាត់ទុកជាភ្នែក ជាច្រមុះសម្រាប់ខេត្តមួយ ដែលសំបូរទៅដោយសម្បត្តិធម្មជាតិមហាសាលនេះហើយ ។ អ្នកកាសែតបានជួយទប់ច្រើនណាស់ នូវការរួមគ្នារវាងឈ្មួញទុច្ចរិត និងអាជ្ញាធរខេត្ត ។
*ប៉ុន្តែផ្ទុយទៅវិញ វត្តមានអ្នកកាសែត រួមទាំង អ្នកទូរទស្សន៍ផងដែរ មិនត្រឹមតែមិនបានស្វាគមន៍ ពីមេកាន់អំណាចខេត្តប៉ុណ្ណោះទេ គឺពួកគេពេលនេះបានក្លាយជាសំរាមក្នុងកែវភ្នែករបស់អាជ្ញាធរដែនដីទៅវិញ ដែលមិនគួរឱ្យគោរពរាប់អានឡើយ។
*លោក ថង សាវុន ត្រូវបានគេស្គាល់ថា ជាអភិបាលខេត្តរតនគិរី កន្លងមក ធ្លាប់បានប្រមាថអ្នកកាសែតធ្ងន់មាត់ណាស់ រហូតដល់អ្នកកាសែត មិនអាចជួបសម្ភាសន៍បានទៀតផង ទោះតាមទូរស័ព្ទក៏ដោយ ។ សម្តីអ្នកកាន់អំណាចខេត្ត ដែលសំបូរទៅដោយបទល្មើសព្រៃឈើនេះ មានអត្តចរិតខុសមេឃនិងដី ប្រៀបទៅនឹងអភិបាលខេត្តនានាក្នុងប្រទេស ។
*គួរសោកស្តាយណាស់ ដែលខេត្តរតនគិរី ជាខេត្តព្រៃឈើ ពេលនេះរលាយព្រៃឈើស្ទើរអស់ទៅហើយ… គ្មានអ្នកកាសែតណា និយាយល្អពីខេត្តនេះច្រើនឡើយ ល្មមឱ្យមេខេត្តស្អប់ ពិតជាមិនសូវខុសមែន ។ លុះដល់ពេលសាកសួរប្រវត្តិទៅទើបដឹងថា លោកថង សាវុន ត្រូវជាកូនលោក ប៊ូ ថង អ្នកតស៊ូ ៧ មករា ។
ចែករំលែកព័តមាននេះ