ខេត្តកំពង់ធំ ៖ សកម្មភាពបូមខ្សាច់ធ្វើអាជីវកម្មមួយកន្លែង ស្ថិតនៅក្នុងភូមិអូរសំបួរ ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជារបស់លោកថៅកែឈ្មោះនី វ៉ាន់ថា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅផ្សារបឹងកុក ខេត្តកំពង់ចាម បានធ្វើអាជីវកម្មបូមខ្សាច់លក់រយៈពេលជិត១ឆ្នាំមកហើយ ដោយរលូន ដែលមន្ត្រីនិយាយថា ពួកគេរកស៊ីបូមខ្សាច់អត់ច្បាប់ ប៉ុន្តែសង្ស័យបង់ប្រាក់ឱ្យអាជ្ញាធរជំនាញជួយបិទភ្នែកខ្លះៗ ។
លោក ប៉ូ លីន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាអ្នកមើលការខុសត្រូវកន្លែងបូមខ្សាច់ខាងលើប្រាប់ថា ចំពោះច្បាប់ធ្វើអាជីវកម្មខាងលោកថៅកែបានបំពេញបែបបទដាក់ទៅដល់ក្រសួងអស់ហើយ រង់ចាំតែធ្លាក់មកវិញទេ ។ រង់ចាំយូរដោយមានការយោគយល់អនុគ្រោះពីអាជ្ញាធរយោងទៅតាមសេចក្តីត្រូវការខ្សាច់យកទៅសាងសង់ផង ទើបអាជ្ញាធរអនុញ្ញាតឱ្យបូម១រយៈ ។
លោក ណឹម ចាន់ថា ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៦ វិច្ឆិកា ២០១៥ ថា កន្លងមកខាងមន្ទីររបស់លោក បានចុះទៅផ្អាកមិនឱ្យដំណើរការ២-៣ដងហើយ នៅតែលួចបូមទៀតចាំពិធីបុណ្យចប់លោក និងចុះទៅមើលផ្ទាល់ ។
លោកអុឹម ថន អភិបាលស្រុកកំពង់ស្វាយ មានប្រសាសន៍ថា លោកបានបញ្ជាឱ្យផ្អាកសកម្មភាពបូមខ្សាច់របស់លោកថៅកែឈ្មោះ នី វ៉ាន់ថា នេះមួយរយៈសិនហើយតើ ។ ដោយរង់ចាំលិខិតអនុញ្ញាតពីក្រសួងមកដល់សិន ចាំបូមទៀត ។ លោកមិនបានដឹងថា គេលួចធ្វើសកម្មភាពបូមទៀតនោះទេ លោកនឹងចុះទៅបញ្ឈប់ផ្ទាល់ម្តងទៀត ចំពោះបញ្ហាខាងលើនេះ ។
សូមបញ្ជាក់ថា សកម្មភាពបូមខ្សាច់ខាងលើនេះ នៅពេលដែលអ្នកសារព័ត៌មានយើងទៅថតយករូបភាពនេះ ត្រូវបានមេការដែលមើលការខុសត្រូវនៅទីនោះ បញ្ជាឲ្យអ្នកដេកចាំម៉ាស៊ីនបូមខ្សាច់លើកបង្ហើបទុយោឱ្យយផុតពីដីខ្សាច់ ទើបមើលទៅឃើញតែបូមទឹក ។
ចែករំលែកព័តមាននេះ