តាមការស្រាវជ្រាវរបស់អូស្ត្រាលីបានរកឃើញថា ស្ត្រីមានផ្ទៃពោះដែលដេកផ្ងារអាចបង្កើនអត្រាប្រឈមនឹងការរលូតកូន ។ ការសិក្សាដែលមានឈ្មោះ Sydney Stillbirth Study បានពិនិត្យលើស្ត្រីមានគភ៌២៩៥នាក់ក្នុងមន្ទីរពេទ្យចំនួន៨ក្នុងប្រទេសអូស្ត្រាលី ដែលមានរយៈពេល៥ឆ្នាំបានរកឃើញថា បណ្តាស្ត្រីដេកផ្ងារប្រឈមនឹងការរលូតកូន៦ដងធៀបនឹងស្ត្រីដេកផ្អៀងទៅឆ្វេង ។
អ្នកដឹកនាំការស្រាវជ្រាវ វេជ្ជបណ្ឌិតAdrienne Gordon មកពីមន្ទីរពេទ្យ Sydney’s Royal Prince Alfred Hospital បានថ្លែងថា ការសិក្សាស្រាវជ្រាវកាលពីលើកមុនបានបង្ហាញថា ដេកផ្ងារយូរធ្វើឲ្យបង្កើនលំហូរឈាមទៅកាន់ទារកក្នុងផ្ទៃ ។ មានការគិតដែលថា ដេកផ្អៀងទៅខាងស្តាំឬដេកផ្ងារបានកាត់បន្ថយលំហូរឈាមតាមសរសៃឈាមសំខាន់ៗពីចុងជើងទៅបេះដូងដែលបញ្ហានេះវាប៉ះពាល់ដល់ដំណើរផ្គត់ផ្គង់ឈាមដល់ស្បូន ។ យ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា បើទោះជាលទ្ធផលនៃការសិក្សាបានបង្ហាញបែបនេះក្តី ប៉ុន្តែបណ្តាស្ត្រីមានគភ៌ដែលដេកផ្ងារម្តងម្កាលគួរកុំមានការបារម្ភឲ្យសោះ ។
បណ្តាក្រុមអ្នកជំនាញបានបង្ហាញឱ្យដឹងកាលពីលើកមុនថា ស្ត្រីមានផ្ទៃពោះមួយចំនួនចូលចិត្តដេកផ្អៀងទៅខាងឆ្វេង ។
លោកស្រី Emma McLeod ប្រធានមូលនិធិរលូតកូនអូស្ត្រាលី Stillbirth Foundation Australia ដែលជាអ្នកផ្តល់ប្រាក់ដល់កិច្ចការរបស់វេជ្ជបណ្ឌិត Gordon បានថ្លែងថា ការសិក្សានេះប្លែកពីគេខណៈវាបានពិសោធន៍លើស្ត្រីមានគភ៌ច្រើនជាង៣២សប្តាហ៍ ។ ការរលូតកូន៤០ភាគរយកើតឡើងបន្ទាប់ពីមានគភ៌បាន៣២សប្តាហ៍ ។ ពុំមានការពន្យល់ផ្នែកវេជ្ជសាស្ត្រណាមួយចំពោះមូលហេតុដែលកូនស្លាប់ក្រោយពី៣២សប្តាហ៍នោះទេ ៕
ចែករំលែកព័តមាននេះ