បណ្តាអ្នកពន្លត់ភ្លើង និងអាជ្ញាធរក្រុង GIRONDE ប្រទេសបារាំងគូសបញ្ជាក់ប្រាប់ AFP ថា មនុស្សដល់ទៅ៤២នាក់ ភាគច្រើនជាមនុស្សចាស់បានត្រូវស្លាប់ដោយភ្លើងឆេះទាំងរស់ កាលពីព្រឹកថ្ងៃទី២៣ តុលា ដោយសារការបុកគ្នារវាងរថយន្តបឺសមួយគ្រឿង និងរថយន្តកាំមីញ៉ុងមួយគ្រឿងនៅជិត LIBOURNE តំបន់ GIRONDE ។
នេះជាគ្រោះថ្នាក់ចរាចរណ៍ដែលមានមនុស្សស្លាប់ច្រើនបំផុតនៅបារាំង ចាប់តាំងពីគ្រោះថ្នាក់នៅ BEAUNE ឯ COTE D’ OR កាលពីឆ្នាំ១៩៨២ បណ្តាលឱ្យមនុស្សស្លាប់៥៣នាក់ភាគច្រើនជាកុមារមក ។
ក្រុមពន្លត់ភ្លើងនិយាយថា ការបុកគ្នាចំពីមុខនេះ កើតមាននៅសង្កាត់ PUISSEGUIN តាមផ្លូវថ្នល់ខេត្តលេខ១២៣ នៅភាគខាងជើងក្រុងប័រដូ ។ អ្នកដំណើរ៥នាក់ជិះក្នុងរថយន្តបឺសអាចលោតចេញទាន់ ហើយរងរបួសស្រាល ចំណែកមនុស្ស៣នាក់ទៀតសំណាងល្អពុំមានរបួសអ្វីឡើយ ។ ក្នុងរថយន្តបឺសមានអ្នកដំណើរ៤៩នាក់ និងអ្នកបើកម្នាក់ ។ អ្នកបើករថយន្តបឺស និងអ្នកបើករថយន្តកាំមីញ៉ុងស្ថិតក្នុងចំណោមអ្នកស្លាប់ ។
ក្រុមមនុស្សចាស់បានចេញដំណើរនាព្រឹកព្រលឹមពីសង្កាត់នៃក្រុង GIRONDE ក្នុងដំណើរកម្សាន្តមួយនៅតំបន់ LANDES ៕
ចែករំលែកព័តមាននេះ