ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផលិត​ខ្សែភាពយន្ដ​ខ្មែរ​សំដៅ​តែ​បំរើ​មនោសញ្ចេតនា

13 ឆ្នាំ មុន

សព្វ​ថ្ងៃនេះ ការ​ផលិត និង​បោះពុម្ពផ្សាយ ស្នាដៃ​និពន្ធ​គ្រប់​ប្រភេទ​ហាក់​មាន​កំណើន ឡើងជា​បន្ដបន្ទាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ នៅ​តាម​បណ្ដា​បណ្ណាគារ និង​បញ្ជរ​លក់​សៀវភៅ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ប្រិ​យ​មិត្ដ​អ្នកអាន​អាច​ ប្រទះ​ឃើញ​នូវ​រាល់​ស្នាដៃ​និពន្ធ​ជា ច្រើន​ប្រភេទ​ដូច​ជា​ផ្នែក​នយោបាយ ច្បាប់ សេដ្ឋកិច្ច ប្រវត្ដិសាស្ដ្រ វប្បធម៌ អរិយធម៌ ទស្សនវិជ្ជា វិទ្យាសាស្ដ្រ និង​បច្ចេកវិទ្យា និងរឿង​ប្រលោមលោក​ ។​ល​។ ក្នុង​ចំណោម​ស្នាដៃ​និពន្ធ​ទាំងនោះ

សព្វ​ថ្ងៃនេះ ការ​ផលិត និង​បោះពុម្ពផ្សាយ ស្នាដៃ​និពន្ធ​គ្រប់​ប្រភេទ​ហាក់​មាន​កំណើន ឡើងជា​បន្ដបន្ទាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ នៅ​តាម​បណ្ដា​បណ្ណាគារ និង​បញ្ជរ​លក់​សៀវភៅ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ប្រិ​យ​មិត្ដ​អ្នកអាន​អាច​ប្រទះ​ឃើញ​នូវ​រាល់​ស្នាដៃ​និពន្ធ​ជា ច្រើន​ប្រភេទ​ដូច​ជា​ផ្នែក​នយោបាយ ច្បាប់ សេដ្ឋកិច្ច ប្រវត្ដិសាស្ដ្រ វប្បធម៌ អរិយធម៌ ទស្សនវិជ្ជា វិទ្យាសាស្ដ្រ និង​បច្ចេកវិទ្យា និងរឿង​ប្រលោមលោក​ ។​ល​។ ក្នុង​ចំណោម​ស្នាដៃ​និពន្ធ​ទាំងនោះ ការ​បោះពុម្ពផ្សាយ​ស្នាដៃ និពន្ធ​រឿង​ប្រលោមលោក​ក៏​បាន​រីក​លូតលាស់ គួរ​ជាទី​ចាប់អារម្មណ៍​ផង​ដែរ​នៅ​លើ​ទីផ្សារ ។ ជាង​នេះ​ទៅ​ទៀត ស្នាដៃ​ប្រលោមលោក​មួយចំនួន​ត្រូវ​បាន​គេ​យក​ទៅ​ផលិត​ជា​ខ្សែ​ភាពយន្ដ និង​ចាក់​ផ្សាយ​នៅ​តាម​បណ្ដា​ស្ថានីយ ទូរទស្សន៍​ក្នុងស្រុក​នានា​ទៀត​ផង​ដែល​ត្រូវ បាន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ទស្សនា​យ៉ាង​ទូលំទូលាយ ។

អ្វី​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​នោះគឺថា រាល់ស្នាដៃ​ប្រលោមលោក​ដែល​ត្រូវ​បាន​ចាក់ផ្សាយ​ទាំងនោះ​មាន​ទំនោរ​ខ្លាំងក្លា​តែ​ទៅ​លើមនោសញ្ចេតនា​រវាង​បុរស​នារី យុវជន យុវតី និង​បាន​បង្ហាញ​តែ​ពី​ប្រណីតភាព​នៃ​គ្រួសារ អ្នកមាន​ស្ដុកស្ដម្ភ​នៅ​តាម​ទីក្រុង​ទំនើប និងភាព​ច្រណែនឈ្នានីស​រវាង​គ្នា និង​គ្នា​តែប៉ុណ្ណោះ ។ ផ្ទុយ​ទៅ​វិញ ផ្ទៃរឿង​ប្រលោម លោក​ដែល​ត្រូវ​បាន​ចេញផ្សាយ​ទាំងនោះ មិន​បាន​ឆ្លុះ​បញ្ចាំង​អំពី​ទិដ្ឋភាព​ជនបទ​ស្រុក ស្រែ​ចំការ និង​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​ដែល ប្រកប​មុខរបរ​កសិកម្ម​ជា​សំខាន់​នោះ​ឡើយ ស្រប​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ផ្ដោត​សំខាន់​ទៅ​លើ​វិស័យ​កសិកម្ម​ជា​អាទិភាព​ដើម្បី​កែប្រែ និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា នា​ពេល​ពេល​សព្វថ្ងៃ ។
ការ​ផលិត និង​ចាក់​ផ្សាយ​ខ្សែភាពយន្ដ ខ្មែរ​នៅ​តាម​បណ្ដា​ស្ថានីយទូរទស្សន៍​កំពុង​តែ ដើរ​បញ្ច្រាស​ពី​គោលនយោបាយ និង​ទិស​ដៅ នៃ​ការ​អភិវឌ្ឍ​ជាតិ​របស់​រាជរដ្ឋាភិបាល ។

ភាគច្រើន​នៃ​ខ្សែភាពយន្ដ​ដែល​ត្រូវ​បាន​ចាក់ ផ្សាយ​សំរាប់​ប្រជាពលរដ្ឋ​ទស្សនា គឺជា​រឿងប្រលោមលោក​មនោសញ្ចេតនា​រវាង​បុរស នារី យុវជន យុវតី និង​បង្ហាញ​តែ​ប្រណីត ភាព​នៃ​គ្រួសារ​អ្នកមាន ដូច​ជា​ភូមិ​គ្រឹះ​ដ៏​ធំ ស្កឹមស្កៃ រថយន្ដ​ថ្មី​ដ៏​ទំនើប ទូរស័ព្ទ​ទាន់សម័យ និង​សំលៀក​បំពាក់​ដ៏​ស្រស់​ឆើតឆាយ និង​ភាព​ច្រណែនឈ្នានីស​នឹង​គ្នា​ដ៏​គួរ​ឱ្យ​ខ្ពើម រអើម​តែ​ប៉ុណ្ណោះ ។ បច្ចុប្បន្នរាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ដ្រី បាន​ផ្ដោត​សំខាន់​ទៅ​លើ​ការ​អភិវឌ្ឍ​វិស័យ កសិកម្ម​នៅ​ទូ​ទាំង​ប្រទេស​ដោយ​សម្ដេច​បាន ស្វះ​ស្វែងរក និង​កៀងគរ​ថវិកា និង​ធនធាន មនុស្ស​គ្រប់​ច្រកល្ហក​យក​មក​បំពេញ​កង្វះ ចន្លោះ​នេះ​។ ក្នុង​ចក្ខុវិស័យ​របស់​ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា​នឹង​ក្លាយជា​មហាអំណាច នាំ​អង្ករ​ចេញ​ទៅ​កាន់​ពិភពលោក​ដោយ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្នើ​ប្រទេស​ជិត ខាង​មាន​ប្រទេស ភូមា ឡាវ ថៃ និង​វៀត ណា​ម​ឱ្យ​បង្កើត​ជា​សមាគម​ប្រទេស​នាំ​អង្ករចេញ ខណៈ​ពេល​មាន​អង្គការ​នៃ​ប្រទេស​នាំ ប្រេង​ចេញ​ហៅ​កាត់​ថា OPEC នៅ​លើ​ឆាកអន្ដរជាតិ ។

ក្រៅពី​នេះ​រាជរដ្ឋាភិបាល​បាន ជំរុញ​ការ​វិនិយោគ​ធំ​ៗ​ទៅ​លើ​វិស័យ​កសិកម្ម ដូច​ជា​កសាង​រោងចក្រ​ផលិត​អង្ករ​ដ៏​ធំ​ឱ្យ​ស្មើ ប្រទេស​ជិតខាង​ផ្ដល់ និង​ប្រមូល​ទុន​ដ៏​ច្រើនសន្ធឹកសន្ធាប់​សំរាប់​ប្រមូលស្រូវ​ស្ដុក​ក្នុងប្រទេស​ជំរុញ​ការ​ធ្វើ​កសិកម្ម​ពង្រីក​កំពង់​ផែ​សំរាប់​ការ​ដឹក​ជ​ញ្ជូ​ន​អន្ដរជាតិ​ដោយ​ផ្ទាល់ ជំរុញ​ការ​ធ្វើ​កសិកម្ម​តាម​វិធីសាស្ដ្រ​ប្រពលវប្បកម្ម និង​បណ្ដុះបណ្ដាល​ធនធានមនុស្សជាដើម ។ ក្នុង​ឋានៈ​ជា​បញ្ញវន្ដ ការ​ផលិត ការ​បោះពុម្ពផ្សាយ និង​ការ​ចាក់​ផ្សាយ​គួរតែ មាន​ទំនោរ​ជួយ​ចូលរួម​ចំណែក​ក្នុង​មាគ៌ា របស់​រាជរដ្ឋាភិបាល ។ ការ​ផលិត​ការ​បោះពុម្ពផ្សាយ និង​ការចាក់​ផ្សាយ​ខ្សែភាពយន្ដ​ប្រលោមលោក​បែប មនោសញ្ចេតនា​ច្រើន​ពេក​បាន​ផ្ដល់​ផល​ប៉ះ ពាល់​អវិជ្ជមាន​ដល់​យុវជន យុវតី និង​វប្បធម៌ ដ៏​ល្អ​ផូរផង់​របស់​ជាតិ ។ បន្ថែម​ពីលើ​ខ្សែ​ភាពយន្ដ​ខ្មែរ ស្ថានីយទូរទស្សន៍​ក្នុងស្រុក​ភាគ ច្រើន​បាន​ចាក់​ផ្សាយ​ខ្សែភាពយន្ដ​បរទេស​ជាច្រើន ដែល​ភាគច្រើន​ជា​ខ្សែភាពយន្ដ​បែប ស្នេហា​យុវវ័យ​ដ៏​រំជើបរំជួល ។ ការ​ស្លៀកពាក់​តុបតែង​កាយ​សំដែង​អាកប្បកិរិយា និងខ្លឹមសារ​នៃ​សាច់​រឿង​ត្រូវ​បាន​យុវជន យុវតីខ្មែរ​ចំលង​យក​អនុវត្ដ​តាម​ស្ទើរតែ​ទាំងស្រុង ដូច​ជា​ទុក​សក់​វែង ស្លៀកពាក់​ខ្លី ធ្វើ​ដំណើរ បែប​ហ៊ី​ពី និង​វាយតប់​គ្នា​ជាដើម ។

ជាង​នេះ ទៅ​ទៀត​ខ្សែភាពយន្ដ​ខ្មែរ​ដែល​ត្រូវ​បាន​ចាក់ ផ្សាយ​នា​ពេល​កន្លង​មក​បាន​លើកតម្កើង​នូវ ប្រណីតភាព ឬ​សំភារ​និយម ដូច​ជា​រថយន្ដ ដ៏​ទំនើប ម៉ូតូ​ដ៏​ថ្មី​សន្លាង ទូរស័ព្ទ​ដៃ​ដ៏​ទាន់សម័យ និង​សំលៀក​បំពាក់​ដ៏​សិច​ស៊ី ។ សំភារទាំង​អស់នេះ​បាន​ជំរុញ​ឱ្យ​យុវជន​ឈប់​គិតគូរ ពី​ការ​សិក្សា​រៀនសូត្រ​ងាយ​រងគ្រោះថ្នាក់ ក្លាយជា​ជនល្មើស និង​បង្កើន​អារម្មណ៍​ផ្លូវភេទ​។ សព្វ​ថ្ងៃនេះ លោកគ្រូ អ្នកគ្រូ​ភាគច្រើន ទទួលស្គាល់​ពី​ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​នៅ ក្នុង​ចំណោម​យុវជន យុវតី​ខ្មែរ​ដែល​កំពុង សិក្សា​នៅ​តាម​វិទ្យាល័យ​នានា​ក្នុង​ប្រទេសកម្ពុជា ដោយ​ពួក​គេ​យកតម្រាប់​តាម​តួអង្គ ក្នុង​រឿង​ភាគ​កូរ៉េ ចិន តៃវ៉ាន់ ដែល​ត្រូវ​បាន ចាក់​ផ្សាយ​ជា​រៀងរាល់ថ្ងៃ ។ យុវតី​នៅ​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ធំ​បាន​ស្លៀកខោ​ដ៏​ខ្លី​ស្ទើរ តែ​គ្មាន​បិទ​បាំង​កេរ្ដិ៍ខ្មាស ហើយ​ធ្វើ​ដំណើរ តាម​ម៉ូតូ​លើ​ដងផ្លូវ​ជា​សាធារណៈ ។ រូបភាព និង​វី​ដេ​អូ​អាសអាភាស​របស់​យុវវ័យ ត្រូវ​បានលេច​ឡើងជា​ច្រើន​នៅ​លើ​ទូរស័ព្ទ​ដៃ​ដែល​នេះ ហើយ​គឺជា​ឥទ្ធិពល​ដ៏​អាក្រក់​ទទួល​បាន​ពី​ខ្សែ ភាពយន្ដ​ប្រលោមលោក​បច្ចុប្បន្ន ៕