គណៈប្រតិភូសភាអីុរ៉ង់មួយបានមកដល់ទីក្រុងដាម៉ាស់ កាលពីថ្ងៃទី១៤ តុលា ដើម្បីជួបជាមួយប្រធានាធិបតីស៊ីរី លោកបាចា អាល់អាសាដ ដែលកងទ័ពរបស់លោកកំពុងរៀបចំការវាយលុកថ្មីមួយប្រឆាំងពួកឧទ្ទាម ជាមួយការជួយទ្រទ្រង់របស់អីុរ៉ង់ និងរុស្ស៊ី ។
ទស្សនកិច្ចរបស់គណៈប្រតិភូនេះ ដឹកនាំដោយប្រធានគណៈកម្មការសន្តិសុខជាតិ និងកិច្ចការបរទេសរបស់សភាអីុរ៉ង់ លោក ALAEDDIN BOROUJERDI ធ្វើឡើងជួនពេលគ្នាជាមួយការប្រកាសពីការស្លាប់ឧត្តមសេនីយ៍២រូប នៃកងឆ្មាំបដិវត្តន៍អីុរ៉ង់នៅស៊ីរី ។ ឧត្តមសេនីយ៍ទោ FARSHAD HASOUNIZADEH និងឧត្តមសេនីយ៍ត្រី HAMID MOKHTARBAND ត្រូវស្លាប់កាលពីថ្ងៃទី១២ តុលា ពេលប្រយុទ្ធជាមួយក្រុមរដ្ឋអ៊ិស្លាម ។ មេបញ្ជាការមួយរូបទៀតរបស់កងឯកភាពពិសេសនៃកងឆ្មាំបដិវត្តន៍អីុរ៉ង់ ឧត្តមសេនីយ៍ HOSSEIN HAMADANI បានស្លាប់រួចហើយ កាលពីសប្តាហ៍មុននៅជិតទីក្រុងអាឡែប ។
រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អីុរ៉ង់បានបញ្ជូនទាហានជាច្រើនពាន់នាក់មកកាន់ស៊ីរី ដើម្បីចូលរួមក្នុងការវាយលុកនាពេលខាងមុខនេះរបស់កងទ័ពលោកអាសាដ ប្រឆាំងពួកឧទ្ទាមនៅខេត្តអាឡែបភាពពាយ័ព្យប្រទេស ជាមួយការជួយវាយប្រហារតាមអាកាសរបស់រុស្ស៊ី ។ នេះជាការអះអាងប្រាប់រ៉យទ័ររបស់អ្នកទទួលខុសត្រូវតំបន់២រូប ។
យោងតាមការដកស្រង់សម្តីរបស់ទូរទស្សន៍រដ្ឋអីុរ៉ង់ IRIB ពេលមកដល់ទីក្រុងដាម៉ាស់ លោក ALAEDDIN BOROUJERDI ថ្លែងថា ក្រុមចម្រុះអន្តរជាតិនាំមុខដោយសហរដ្ឋអាមេរិកទទួលបរាជ័យក្នុងការតស៊ូប្រឆាំងភេរវកម្ម ។ កិច្ចសហប្រតិបត្តិការរវាងស៊ីរី អីុរ៉ាក់ អីុរ៉ង់ និងរុស្ស៊ីមានលក្ខណៈវិជ្ជមាន ហើយនឹងទទួលបានជោគជ័យ ។
ដោយមានការជួយប្រយុទ្ធរបស់អីុរ៉ង់ និងពួកហេសប៊ុលឡាហ៍លីបង់ និងការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លារបស់រុស្ស៊ីអាចឱ្យកងទ័ពស៊ីរីងាកមកធ្វើការវាយលុកវិញនៅភាគពាយ័ព្យប្រទេស ដែលនៅទីនោះកងទ័ពស៊ីរីបាត់បង់ដែនដីកាន់កាប់យ៉ាងធំរយៈពេលប៉ុន្មានខែចុងក្រោយនេះ ៕
ចែករំលែកព័តមាននេះ