រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ប្រជាពលរដ្ឋចំនួន២គ្រួសារដែលរស់នៅផ្ទះជាន់លើ-ក្រោមគ្នាបានទាស់គ្នាពីរឿងចាក់សោទ្វាររបងផ្លូវចេញ-ចូលតែមួយ ដោយអ្នករស់នៅផ្ទះជាន់លើបានប្តឹងចោទថា អ្នករស់នៅជាន់ក្រោមចាក់សោទ្វារទៅផ្សារមិនឱ្យគេចេញ-ចូល។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៩ តុលា នេះ នៅចំណុចផ្ទះលេខ៣០៣Eo ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
តាមការឱ្យដឹងពីឈ្មោះស៊ុន ឆាយ អាយុ៣៣ឆ្នាំ រស់នៅផ្ទះជាន់លើបានឱ្យដឹងថា នៅវេលាម៉ោង៥ព្រឹកនេះ ពេលគាត់ភ្ញាក់ពីដេករៀបចំទៅធ្វើការស្រាប់តែឃើញទ្វារជាប់សោចេញទៅណាមិនរួច ទើបគាត់ចោទថា អ្នករស់នៅផ្ទះជាន់ក្រោមចាក់សោទ្វារមិនឱ្យគេចេញចូល។
ចំណែកស្ត្រីឈ្មោះអ៊ិន សុន្ទរី អាយុ៥៦ឆ្នាំ ដែលរស់នៅជាន់ខាងក្រោមបានឱ្យដឹងថា ពេលចេញទៅផ្សារ គាត់បានឃើញទ្វារចំហ ហើយមេសោត្រូវម្ចាស់ផ្ទះជាន់លើបោះចោលក្បែរនោះ គាត់ក៏រើសសោយកមកចាក់វិញ ហើយចេញទៅផ្សារទៅ ហើយកូនសោគឺមានម្នាក់មួយ ហេុតអីបានជាឈ្មោះស៊ុន ឆាយ ចោទថា គាត់ចាក់សោទ្វារមិនឱ្យចេញ-ចូលទៅវិញ។
ប្រភពបានឱ្យដឹងថា គ្រួសារទាំង២នេះមានទំនាស់គ្នាជិត២០ឆ្នាំហើយ ហើយធ្លាប់ប្តឹងផ្តល់គ្នាដល់តុលាការទៀតផងពីរឿងអ្នករស់នៅផ្ទះជាន់លើទាមទារដីនៅជាន់ខាងក្រោម ហើយតុលាការបានចេញសេចក្តីសម្រេចរក្សាទុកភាពដើម ដោយឱ្យខាងអ្នករស់នៅជាន់ក្រោមប្រើប្រាស់ដាក់រថយន្តលើដីនោះ។ ចាប់តាំងពីនោះមកម្ចាស់ផ្ទះជាន់ទី១ចេះតែរករឿងអ្នករស់នៅជាន់ក្រោមរហូត ពេលចាក់សោទ្វារហើយបោះមេសោចោល មិនតែប៉ុណ្ណោះបានយកកម្ទេចឈើទៅបិទផ្លូវចេញចូលផ្ទះគេខាងក្រោយទៀត។
ក្រោយពីទទួលពាក្យបណ្តឹងរួច ព្រឹកមិញនេះសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមគរបានទិញមេសោចែកឱ្យគ្រួសារទាំង២ម្នាក់មួយ ហើយប្រាប់ថា បើសិនជាបាត់សោត្រូវរាយការណ៍ទៅសមត្ថកិច្ចដើម្បីកុំឱ្យមានរឿងទៀត៕
ចែករំលែកព័តមាននេះ