ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ជួប​ឱនភាព​ពាណិជ្ជកម្ម​ជិត​4​ប៊ី​លាន​ដុល្លារ​រយៈពេល​9​ខែ​ឆ្នាំ​នេះ

8 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ទំហំ​ទឹកប្រាក់​នាំ​ចេញ​របស់​វៀតណាម​រហូត​មក​ដល់​ខែកញ្ញា​នេះ​បាន​កើនឡើង​ជិត​១០%​ឬ​ជិត​ស្មើនឹង​១២០,៧​ប៊ី​លាន​ដុល្លារ ខណៈ​ការ​នាំ​ចូល​កើន​១៦%​ឬ​ស្មើនឹង​១២៤,៦​ប៊ី​លាន​ដុល្លារ ។

ប្រទេស​វៀតណាម ៖ ទំហំ​ទឹកប្រាក់​នាំ​ចេញ​របស់​វៀតណាម​រហូត​មក​ដល់​ខែកញ្ញា​នេះ​បាន​កើនឡើង​ជិត​១០%​ឬ​ជិត​ស្មើនឹង​១២០,៧​ប៊ី​លាន​ដុល្លារ ខណៈ​ការ​នាំ​ចូល​កើន​១៦%​ឬ​ស្មើនឹង​១២៤,៦​ប៊ី​លាន​ដុល្លារ ។

តាម​របាយការណ៍​របស់​ក្រសួងផែនការ​និង​វិនិយោគ​ក្នុង​ជំនួប​នៃ​កិច្ចប្រជុំ​នៅ​ទីក្រុង​ហាណូយ​បាន​បង្ហាញ​ថា តួលេខ​ខាងលើ​នេះ​បាន​ជំរុញ​ឲ្យ​មាន​ឱនភាព​ចំនួន​៣,៩​ប៊ី​លាន​ដុល្លារ​។

យោង​តាម​ក្រសួង បើ​ទោះ​ការ​ធ្លាក់​ចុះ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​ក្នុង​ខែកញ្ញា​មាន​ចំនួន​១,៩%​ក្តី ក៏​ចំណូល​ពី​ការ​នាំ​ចេញ​សរុប​ក្នុងអំឡុងពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥​នេះ ត្រូវ​បាន​គេ​វាយតម្លៃ​នូវ​កំណើន​៩,៦%​ដែរ ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ ដែល​មាន​ចំនួន​ជិត​១២០,៧​ប៊ី​លាន​ដុល្លារ ។

ក្រសួង​បាន​វាយតម្លៃ​ឃើញ​ថា ទំហំ​ទឹកប្រាក់​នាំ​ចេញ​របស់​វៀតណាម​នៅ​ចុងខែ​នេះ​ជួបនឹង​ភាព​មិន​ដំណើរការ​រលូន​៧៣,២%​នៃ​ទិស​ដៅ​នាំ​ចេញ​ប្រចាំឆ្នាំ​ចំនួន​១៦៥​ប៊ី​លាន​ដុល្លារ ។

ចំណែក​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ធំ​ៗ​បាន​កើនឡើង ជា​ពិសេស​នៅ​ក្នុងអំឡុងពេល​៩​ខែ​ដំបូង​នេះ​ជាមួយ​ទីផ្សារ​សហរដ្ឋអាមេរិក កើន​១៩,៦% និង​សហគមន៍​អឺរ៉ុប​កើន​១២,៤%​។​ទីផ្សារ​នាំ​ចេញ​ទាំង​ពីរ​នេះ​ស្មើនឹង​២០,៦% និង​១៨,៩%​នៃ​ការ​នាំ​ចេញ​សរុប​ទាំងអស់​របស់​ប្រទេស​វៀតណាម ។

រីឯ​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​ក៏​បាន​កើនឡើង​១២,៥%​ដែរ ដែល​វា​ស្មើនឹង​១០,៤%​នៃ​ការ​នាំ​ចេញ​សរុប​ទាំងអស់​ប្រទេស​នេះ ។

នៅ​ក្នុង​រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥​នេះ​កំណើន​នៃ​ការ​នាំ​ចេញ​បាន​នាំ​មក​នូវ​ការ​កើនឡើង​នៃ​ចំណូល​នៅ​ក្នុង​ការ​នាំ​ចេញ​ផលិត​កែ​ច្នៃ​សម្លៀក​បំពាក់ និង​ឈើ ក៏​ដូច​ជា​ទូរស័ព្ទ​និង​គ្រឿង បន្លាស់​ផង​ដែរ ។

ចំពោះ​ការ​នាំ​ចេញ​វាយនភ័ណ្ឌ និង​សម្លៀក​បំពាក់​បាន​កើនឡើង​១០,៦%​ឬ​ស្មើនឹង​១៧,១​ប៊ី​លាន​ដុល្លារ ស្បែកជើង​កើន​១៨,៤%(៨,៨​ប៊ី​លាន​ដុល្លារ​)​ផលិតផល​ឈើ​ក៏​កើនឡើង​៩,១%(៤,៩​ប៊ី​លាន​ដុល្លារ​)​ដែរ ខណៈ​ទូរស័ព្ទ​និង​គ្រឿងបន្លាស់​កើន​៣៤,៣%(២៣,៣​ប៊ី​លាន​ដុល្លារ​) ។

ទោះជា​យ៉ាងណា​ផលិតផល​មួយ​ចំនួន​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ផង​ដែរ​នៅ​ក្នុង​ការ​នាំ​ចេញ​ក្នុងអំឡុងពេល​ជាមួយ​គ្នា​នោះ ដូច​ជា​ផលិតផល​កសិកម្ម និង​គ្រឿង​សមុទ្រ​ធ្លាក់​ចុះ​១០% ដោយសារ​តែ​ការ​បោះពួយ​ចុះ​នៃ​ផលិតផល​គន្លឹះ​បី​គឺ​អង្ករ កាហ្វេ និង​កៅស៊ូ ។ ចំណែក​ការ​នាំ​ចេញ​រ៉ែ​ថយ​ចុះ​៤៥% ព្រោះតែ​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​តម្លៃ​នាំ​ចេញ​ប្រេង​ឆៅ ។

ចំពោះ​ការ​នាំ​ចូល ក្រសួង​បាន​រាយការណ៍​មក​ថា ក្នុង​ខែកញ្ញា​ទំហំ​ទឹកប្រាក់​នាំ​ចូល​សម្រេច​បាន​ចំនួន​១៤,៣​ប៊ី​លាន​ដុល្លារ​កើនឡើង​១,២%​ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ​។ វា​បាន​បន្សល់​ទុក​នូវ​ការ​នាំ​ចូល​ក្នុង​រយៈពេល​៩​ខែ​ដំបូង​សម្រេច​បាន​ចំនួន​១២៤,៦​ប៊ី​លាន​ដុល្លារ​កើនឡើង​១៥,៩%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

ក្នុង​រយៈពេល​៩​ខែ​ដំបូង​នេះ ប្រទេស​វៀតណាម​បាន​នាំ​ចូល​ផលិតផល​គ្រឿងចក្រ​និង​គ្រឿងបន្លាស់​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​២០,៩​ប៊ី​លាន​ដុល្លារ កុំ​ព្យូ​រ​ទ័​រ​និង​គ្រឿងបន្លាស់​១៧,៣​ប៊ី​លាន​ដុល្លារ និង​គ្រឿង​សម្លៀក​បំពាក់​និង​កាត់ដេរ ១១,៣​ប៊ី​លាន​ដុល្លារ ។

នៅ​គ្រានោះ​ដែរ វៀតណាម​បាន​នាំ​ចូល​ពី​ទីផ្សារ​អាស៊ាន​ដែល​ស្មើនឹង​ជាង​៨០%​នៃ​ទំហំ​ទឹកប្រាក់​នាំ​ចូល​សរុប​ទាំងអស់​របស់​ខ្លួន ។

នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ ក្រសួង​ក៏​បាន​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​(FDI) ក្នុង​ប្រទេស​វៀតណាម​បាន​កើនឡើង​៥៣,៤%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ឬ​ស្មើនឹង​១៧,១៥​ប៊ី​លាន​ដុល្លារ​ក្នុងអំឡុងពេល​៩​ខែ​ដំបូង​ឆ្នាំ​២០១៥ ។

ក្នុងអំឡុងពេល​នោះ​ដែរ ការ​ចំណាយ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​លើកទឹកចិត្ត​ប្រចាំឆ្នាំ​បាន​កើនឡើង​៨,៤%​ដែរ​ឬ​ស្មើនឹង​៩,៦៥​ប៊ី​លាន​ដុល្លារ ។

កាលពីដើម​ឡើយ រដ្ឋមន្ត្រី​ផែនការ​និង​វិនិយោគ​លោក Bui Quang Vinh បាន​ថ្លែង​ថា ប្រទេស​វៀតណាម​បាន​ដាក់​ទិស​ដៅ​ទាក់ទាញ​វិនិយោគ​ឲ្យ​បាន​២៣​ប៊ី​លាន​ដុល្លារ​ក្នុង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ឆ្នាំ​នេះ ជាមួយនឹង​ការ​ចំណាយ​លើ​ការ​វិនិយោគ​ផ្ទាល់​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​ចំនួន​ប្រហែល​១២,៥​ប៊ី​លាន​ដុល្លារ ៕