យោងតាមឯកសារដែលស្រាវជ្រាវចងក្រងដោយលោកព្រឹទ្ធាចារ្យមៀច ប៉ុណ្ណ បង្ហាញ ថាបុណ្យកាន់បិណ្ឌមានអត្ថន័យ២យ៉ាងគឺ ៖ ១-បុណ្យសាសនា, ២-បុណ្យប្រពៃណី។
១-បុណ្យសាសនា
ដោយយល់ឃើញថា នៅរដូវវស្សាមេឃមីរដេរដាស ភ្លៀងបង្អុរចុះស្ទើរគ្មានលស់ថ្ងៃណាព្រះសង្ឃគ្រប់វត្តដែលគង់ចាំព្រះវស្សា ជួបការលំបាកច្រើន ក្នុងការត្រាច់ចរនិមន្តបិណ្ឌបាត្រតាមភូមិស្រុក ព្រោះវត្ត ឬភូមិខ្លះត្រូវលិចទឹក ជួនកាលនៅតាមផ្លូវដែលព្រះសង្ឃនិមន្តបិណ្ឌបាត្រ មានភក់ជ្រាំជាច្រើន ម្ល៉ោះហើយដើម្បីសម្រួលដល់ជីវភាពរបស់ព្រះសង្ឃ ឧបាសក ឧបាសិកា ពុទ្ធបរិស័ទក៏បាននាំគ្នាចាត់ចែងធ្វើពិធីកាន់បិណ្ឌនេះចំនួន១៤ថ្ងៃគិតពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃ១៤រោច ខែភទ្របទ (មានរយៈពេល១៤ថ្ងៃ រីឯថ្ងៃភ្ជុំបិណ្ឌៈ ប្រជុំបិណ្ឌ ឬថ្ងៃជាគម្រប់១៥ថ្ងៃនោះគឺជាថ្ងៃពិសេស) ។ ក្នុងរយៈពេលនេះព្រះសង្ឃមានចង្ហាន់ស្រាប់នៅក្នុងវត្តដោយពុំចាំបាច់និមន្តបិណ្ឌបាត្រទៅតាមភូមិឡើយ ដោយសារយាយ ចាស់ៗគ្រប់ភូមិក្នុងជើងវត្តដែលកូនចៅក្រុមគ្រួសារបានទំនុកបម្រុងធ្វើវិភាគទានជាអង្ករ ត្រីសាច់ បន្លែ នោះគាត់អញ្ជើញទៅសម្រាន្តនៅឯវត្ត តាំងពីបិណ្ឌមួយរហូតដល់ថ្ងៃភ្ជុំបិណ្ឌនោះ ចាត់ចែងដាំស្ល ធ្វើចង្ហាន់ (ទាំងចង្ហាន់ពេលព្រឹក ចង្ហាន់ថ្ងៃត្រង់ និងភេសជ្ជៈពេលយប់) ប្រគេនព្រះសង្ឃឆាន់បានគ្រប់គ្រាន់ និងឆ្ងាញ់ពិសាទៀតផង ។ ពេលនោះគ្រប់វត្តអារាម មានសភាពអ៊ូអរទាំងយប់ ទាំងថ្ងៃ ។ ពេលយប់ មានចាត់ពិធីសូត្រមន្ត រួចហើយគេនិមន្តធម្មកថិកមួយអង្គសម្តែងធម៌ទេសនាមហាជាតក ។ ក្រោយពីព្រះធម្មទេសនាបានបញ្ចប់ ច្រើនមានសម្តែងសិល្បៈ ផ្សេងៗដូចជា អាយ៉ៃ ល្ខោន ជាដើម កំដរបុណ្យកាន់បិណ្ឌនេះ តាំងពីថ្ងៃដំបូងរហូតដល់ថ្ងៃបញ្ចប់ ។ ពេលជិតភ្លឺប្រមាណជាម៉ោង៤កន្លះ ម៉ោង៥ ព្រះសង្ឃស្វាធ្យាយធម៌ សត្តប្បករណាភិធម្ម ដោយធ្វើបទពីរោះលន្លង់លន្លោច ។ ទន្ទឹមនឹងពេល(មុនពេលអរុណរះ គឺភ្លឺ ស្រាងៗ)នេះដែរ លោកយាយ ចាស់ៗបានអញ្ជើញទៅហែបាយបិណ្ឌ(បាយដំណើបលាយល្ងខ្មៅបុកម៉ដ្ឋ ហើយផ្តុំជាដុំធំជាងផ្លែក្រសាំង ។
បាយបិណ្ឌដែលលាយជាមួយនឹងល្ងលីងបុកម៉ដ្ឋនេះ មានក្លិនឈ្ងុយគួរឱ្យចង់បរិភោគ ថ្វីបើវាមានពណ៌ខ្មៅប្រផេះក៏ដោយ) ជុំវិញព្រះវិហារ អមដោយសំឡេងស្គរធំ ដែលគេវាយជាចង្វាក់ «ទូង! ទូង!ទូង!ទូង!» ជាកិច្ចកំដរពិធីហែបាយបិណ្ឌនេះផង ។ លោកយាយចាស់ៗកាន់ចានមួយពេញទៅដោយបាយបិណ្ឌគាត់ដាក់ដុំបាយបិណ្ឌនៅលើខឿនវិហារ ព្រមទាំងអំពាវនាវឱ្យព្រលឹងដូនតាដែលភ្លាត់ជាតិទៅកើតជាប្រេតនរកអសុរកាយ(ចាស់ៗតំណាលថា ពួកប្រេតអសុរកាយនេះ មិនហ៊ានចេញបង្ហាញខ្លួននៅពេលថ្ងៃ(ពេញពន្លឺ)ឡើយ ។ ហេតុនេះ ទើបគេហែបាយបិណ្ឌតែនៅពេលងងឹតយ៉ាងនេះ ដោយគេអៀនខ្មាស ព្រោះគេគ្មានសម្លៀកបំពាក់បិទបាំងរាយកាយទេ) សូមមកទទួលទានអាហារ គឺបាយបិណ្ឌនេះឱ្យបានឆ្អែតស្កប់ស្កល់ចុះ ហើយសូមឱ្យពរស័ព្ទសាធុុការដល់កូនចៅឱ្យបានសេចក្តីសុខ សេចក្តីចម្រើនតទៅ ។ គេហែ និងដាក់បាយបិណ្ឌគ្រប់ជ្រុងវិហារយ៉ាងនេះ រហូតគម្រប់៣ជុំទើបចប់ ។ គេប្រារព្ធធ្វើពិធីហែបាយបិណ្ឌនេះ តាំងពីបិណ្ឌមួយរហូតដល់ថ្ងៃភ្ជុំបិណ្ឌ ។
២-បុណ្យប្រពៃណី
នៅសម័យអង្គរ គេធ្វើបុណ្យភ្ជុំបិណ្ឌនេះ ឧទ្ទិសដល់ព្រលឹងដូនតាផង និងឧទ្ទិសដល់វីរជនដែលបូជាជីវិតក្នុងសង្គ្រាមការពារទឹកដីផង ។ ទាំងមហាក្សត្រ នាម៉ឺនមុខមន្ត្រី ព្រមទាំងប្រជារាស្ត្រ បានប្រារព្ធធ្វើបុណ្យនេះយ៉ាងឱឡារិកអធិកអធមណាស់ ។ ម្យ៉ាងទៀត តាមជំនឿរបស់បណ្តាជនយើងតាំងពីបុរាណមកគេនាំគ្នាយល់ថា នៅពេលដែលមេឃមានពពកខ្មៅមីរដេរដាស ផ្គរលាន់គ្រហឹម គ្រុមៗ គ្រប់ទិសទី ភ្លៀងធ្លាក់ស្ទើរររាល់យប់នោះ ស្តេចយមរាជបានបើកលែងព្រលឹងដូនតា ដែលទៅកើតជាប្រេតនរកនោះឱ្យត្រឡប់មកកាន់ស្រុកភូមិ ដើម្បីស្វែងរកអាហារបរិភោគឱ្យបានឆ្អែតឆ្អន់ ។ ស្របនឹងពេលនេះដែរគេឃើញវត្តមានសត្វចាបដូនតាដែលជាតំណាងព្រលឹងដូនតាមកហើរស្រែកយំ ចេចចាចៗ នៅក្បែរលំនៅឋានខ្មែរទាំងអស់ ។ ព្រលឹងដូនតាទាំងនេះ តែងដើរស្វះស្វែងរកសាច់ញាតិកូនចៅ នៅគ្រប់វត្តអារាម ដែលគេតែងតែទៅធ្វើបុណ្យដាក់ទាន បញ្ជូនកុសលទៅឱ្យពួកគាត់ ។ ចាស់ៗជឿថា បើព្រលឹងដូនតានោះរកកូនមិនឃើញគ្រប់៧វត្ត នឹងជេរប្រទេច ដាក់បណ្តាសាឱ្យកូនចៅក្តៅក្រហាយវិនាសហិនហោច ។ ហេតុដូច្នេះហើយបានជាខ្មែរគ្រប់រូប ទោះបីក្រលំបាកដល់ថ្នាក់ណាក៏ដោយ តែដល់ថ្ងៃកាន់បិណ្ឌ(ដូចមានកំណត់រយៈពេលខាងលើស្រាប់) គេនាំគ្នាយកចង្ហាន់ (ឬយកអង្ករបន្លែសាច់ ផ្លែឈើនំនែកផ្សេងៗយកទៅជូន យាយៗ ដែលនៅសម្រាកកាន់បិណ្ឌឯវត្តសម្រាប់ធ្វើចង្ហាន់លោកជាជំនួសខ្លួន) ទៅប្រគេនព្រះសង្ឃឧទ្ទិសភោជនាហារនេះ ជូនដល់ព្រលឹងដូនតា ឪពុកម្តាយ ពុំហ៊ានខានសោះឡើយ ។
ម្យ៉ាងទៀតបុណ្យកាន់បិណ្ឌនេះ ច្រើនប្រព្រឹត្តនៅពេលដែលកសិករខ្មែរទាំងឡាយ បានបញ្ចប់ការងារភ្ជួររាល់ ដកស្ទូងរួចហើយ ។ ដូច្នេះ គេមានឱកាសចូលរួមធ្វើបុណ្យនេះ ដោយពុំមានទាក់ទាមនឹងងការងារកសិកម្មឡើយ ។
នេះជាឱកាសមួយ (កសិករសន្និបាតបែបប្រជាប្រិយប្រហែលគ្នានិង «comice agricole» នៅអឺរ៉ុបដែរ) បង្កលក្ខណៈឱ្យបានមកជួបជុំនៅឯវត្ត ដើម្បីសាកសួរសុខទុក្ខគ្នា ពិគ្រោះយោបល់គ្នា សំណេះសំណាលផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងការធ្វើស្រែចម្ការ និងជីវភាពរស់នៅ ។
៣-បុណ្យភ្ជុំបិណ្ឌ
នៅថ្ងៃ១៥រោច (ខែដាច់) ខែភទ្របទ ជាកាលបរិច្ឆេទដែលសន្មតទុកថាជាថ្ងៃបុណ្ឌភ្ជុំបិណ្ឌ ។ នៅថ្ងៃនេះ មហាជនប្រុសស្រី ក្មេងចាស់នៅទូទាំងប្រទេសកម្ពុជានាំគ្នាទៅធ្វើបុណ្យនៅវត្ត ដោយមានទឹកមុខរីករាយស្រស់ស្រាយពោរពេញទៅដោយជំនឿជឿជាក់ចំពោះព្រះពុទ្ធសាសនា ជឿបុណ្យ ជឿបាប ជឿកម្មផល ។ ទាំងអស់គ្នាសសុទ្ធតែមានសម្លៀកបំពាក់ ល្អៗ ថ្មីៗយ៉ាងប្រណីត ។ គេរែកបាយសម្ល និងនំគម នំអន្សម នំជាល ដែលគេសម្រិតសម្រាំងយកទៅប្រគេនព្រះសង្ឃនៅឯវត្ត រៀងៗខ្លួន ។ ថ្ងៃនេះនៅគ្រប់វត្តទូទាំងប្រទេស សឹងមានឧបាសក ឧបាសិកា មហាជន មូលមីរគ្រឹកគគ្រេងធ្វើឱ្យបរិយាកាសនៅក្នុងវត្តមានភាពឱឡារិកអធិកអធមក្រៃលែង សំឡេងភ្លេងពិណពាទ្យ ឬភ្លេងប្រពៃណី បានបន្លឺរងំរណ្តំពីរោះ ត្រជាក់ដល់សោតិន្ទ្រិយារម្មណ៍ និងគួរឱ្យរំភើបរីករាយពន់ប្រមាណ ។
កម្មវិធីសំខាន់បំផុតនាថ្ងៃនេះ គឺវេរប្រគេនយាគូ ឬចង្ហាន់ព្រឹក ចង្ហាន់ថ្ងៃត្រង់ ចំពោះព្រះសង្ឃ ទន្ទឹមនឹងពិធីរាប់បាតជាទ្រង់ទ្រាយធំ ។ ព្រះសង្ឃស្វាធ្យាយធម៌បង្សុកូល ឧទ្ទិសកុសលមគ្គផលចំពោះវិញ្ញាណក្ខន្ធជីដូន ជីតា ញាតកាទាំងប្រាំពីរសន្តាន និងសូមប្រសិទ្ធពរស័ព្ទសាធុការ សុខចម្រើន មកកូនចៅឯក្រោយវិញ ។ នៅវេលារសៀល មានការសម្តែងធម៌ទេសនា គ្រែបី ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ។ បន្ទាប់មកពិធីបុណ្យភ្ជុំបិណ្ឌនៅឯវត្ត ត្រូវបានបញ្ចប់ដោយពុទ្ធបរិស័ទទាំងអស់បាននាំគ្នាវិលត្រឡប់ទៅកាន់ផ្ទះ រៀងៗខ្លួនវិញ ដើម្បីត្រៀមរៀបចំពិធីសែនដូនតា គ្រប់ៗគ្រួសារ ។
ដូច្នេះគ្រួសារ នីមួយៗ គេបានត្រៀមទង់ (ដែលតំណាងព្រលឹងដូនតា) និងបាយបិណ្ឌដែលជាវត្ថុចាំបាច់សម្រាប់ពិធីនេះ ៕
ចែករំលែកព័តមាននេះ