ព័ត៌មានទាំងឡាយខាងក្រោមនេះជាឯកសារចេញពីការិយាល័យក្រឡាបញ្ជីរបស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ទាក់ទិននឹងរឿងក្តីប្រាសាទព្រះវិហារសំរាប់ជូនដល់សារព័ត៌មាននានាជាភាសាបារាំង ។ កោះសន្តិភាពសូមធ្វើការបកប្រែក្រៅផ្លូវការដូចខាងក្រោមនេះ៖ ថ្ងៃទី៦ តុលា ឆ្នាំ១៩៥៩ ភ្នាក់ងាររបស់រដ្ឋាភិបាលកម្ពុជាបានប្រគល់ជូនដល់ការិយាល័យក្រឡាបញ្ជីរបស់តុលាការនូវពាក្យបណ្តឹងមួយក្នុងនាមរបស់រដ្ឋាភិបាលខ្លួនប្រឆាំងនឹងរដ្ឋាភិបាលថៃ ។
ពាក្យបណ្តឹងនេះធ្វើឡើងផ្អែកលើគតិយុត្តិរបស់តុលាការស្តីពីអំពើទូទៅ ដើម្បីដោះស្រាយដោយសន្តិវិធីនូវវិវាទអន្តរជាតិចុះថ្ងៃទី២៦ កញ្ញា ឆ្នាំ១៩២៨ តាមមាត្រា៣៦ នៃលក្ខន្តិកៈរបស់តុលាការ តាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២០ ឧសភា ឆ្នាំ ១៩៥០ របស់រាជាណាចក្រថៃ និងសេចក្តីថ្លែងការណ៍ថ្ងៃទី៩ កញ្ញា ឆ្នាំ១៩៥៧ របស់ព្រះរាជាណាចក្រកម្ពុជា ដែលទទួលស្គាល់ថា ជាកាតព្វកិច្ចគតិយុត្តិរបស់តុលាការ និងលើមាត្រា៤០នៃលក្ខន្តិកៈ និងមាត្រា៣២នៃបទបញ្ជាផ្ទៃក្នុង ។
ពាក្យបណ្តឹងរបស់កម្ពុជាលើកឡើងថា ចាប់តាំងពីឆ្នាំ១៩៤៩ មក រាជាណាចក្រថៃនៅតែប្រកាន់យកការកាន់កាប់លើផ្នែកមួយនៃដែនដីកម្ពុជាដែលមានប្រាសាទព្រះវិហារជាកន្លែងគោរពសក្ការៈ និងគោរពបូជាសំរាប់ប្រជាជនកម្ពុជា និងថាចាប់តាំងពីឆ្នាំ១៩៥៤ មក ប្រទេសថៃបានរំលោភបំពានលើធម្មនុញ្ញរបស់អ.ស.ប ដោយបានបញ្ជូនមកកាន់ផ្នែកនេះនៃដែនដីដែលស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជានូវកងកំលាំងយោធា។ ពាក្យបណ្តឹងនោះស្នើសុំឱ្យតុលាការនិយាយ និងដោះស្រាយៈ ១-ឱ្យរាជាណាចក្រថៃដកកងទ័ពរបស់ខ្លួនដែលដាក់ពង្រាយចាប់តាំងពីឆ្នាំ១៩៥៤មក ចេញពីប្រាសាទព្រះវិហារ ។ ២-អធិបតេយ្យភាពដែនដីនៅប្រាសាទព្រះវិហារជារបស់ព្រះរាជាណាចក្រកម្ពុជា។ ក្រុងឡាអេ ថ្ងៃទី៧ តុលា ១៩៥៩។
មុននេះ គណៈកម្មាធិការអចិន្ត្រៃយ៍សន្និសីទអន្តរជាតិរបស់គណបក្សនយោបាយនៅអាស៊ី (ICAPP) បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន កាលពីពេលកន្លងមកនេះ ដោយគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីសម្រេចរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្នុងការចុះប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបានសំដែងការពេញចិត្តផងដែរ ជាមួយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ កាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ ដែលសម្រេចថា «ប្រាសាទព្រះវិហារ គឺស្ថិតនៅក្នុងទឹកដីក្រោមអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចប្រកែកបាន ហើយថែមទាំងបានធ្វើការអំពាវនាវផងដែរដល់សហគមន៍អន្តរជាតិសម្រាប់ជំនួយបន្ទាន់ដើម្បីយកមកធ្វើការជួសជុលឡើងវិញអភិរក្ស និងការការពារប្រាសាទ»។
ការរំលឹកឡើងវិញនូវខ្លឹមសារនៃសេចក្តីថ្លែង ការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសន្និ សីទអន្តរជាតិសម្រាប់គណបក្សនយោបាយនៅ អាស៊ី (ICAPP) ក្នុងអំឡុងពេលធ្វើទស្សនកិច្ច នៅតំបន់អង្គរនិងប្រាសាទព្រះវិហារដែលជា តំបន់បេតិកភណ្ឌពិភពលោករបស់កម្ពុជាកាលពី ថ្ងៃទី៤-៥ ធ្នូ ឆ្នាំ២០១០ ក៏ជាការចង់បង្ហាញប្រាប់ដល់សាធារណៈមតិជាតិ និងអន្តរជាតិឲ្យបានដឹងច្បាស់ពីការទទួលស្គាល់ពីមេដឹកនាំគណបក្សនយោបាយនៅតំបន់អាស៊ីចំនួនប្រមាណ៨៩គណបក្ស និងអង្គការអន្តរជាតិចំនួន១០ ដែលបានវាយតម្លៃថា កម្ពុជាជាគំរូនៃនយោបាយសន្តិភាពនៅក្នុងតំបន់ និងពិភពលោក បន្ថែមពីលើភាពស្របច្បាប់ជាតម្លៃនីត្យានុកូលភាពដ៏រឹងមាំរបស់កម្ពុជាដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ តបទៅនឹងការប្រកាសផ្លូវការរបស់ថ្នាក់ដឹកនាំនៃរដ្ឋាភិបាលថៃដែលចិញ្ចឹមចិត្តឈ្លានពានទឹកដីកម្ពុជា។
លោកនាយករដ្ឋមន្ត្រីថៃអាប់ភីស៊ីត វីចាជីវ៉ា កាលពីថ្ងៃទី២៧ មករា ឆ្នាំ២០១១ បានចេញមកអះអាងថា «កម្ពុជាគ្មានសិទ្ធិដោតទង់ជាតិរបស់ខ្លួននៅតំបន់ព្រំដែនមានជម្លោះជាប់នឹងប្រាសាទព្រះវិហារបានឡើយ» និងនៅថ្ងៃទី៣១ មករាឆ្នាំ២០១១ ក្រសួងការបរទេសថៃបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនមាន៤ចំណុចដែលក្នុងនោះរួមមាន៖
១-ថៃមិនទទួលយកការអះអាងដោយកម្ពុជា លើផែនទីខ្នាត១/២០០.០០០ ក្នុងការធ្វើជាមូលដ្ឋានសម្រាប់កំណត់ព្រំដែន ។
២-ការសម្រេចក្តីដោយតុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២ មិនបានសម្រេចទៅលើបញ្ហាខ្សែបន្ទាត់ព្រំដែនរវាងថៃ-កម្ពុជា។
៣-នៅតែអះអាងថា វត្តកែវសិក្ខាគិរីស្វារៈស្ថិតនៅក្នុងទឹកដីថៃ ហើយទាមទារឱ្យកម្ពុជារុះរើវត្ត និងដងទង់ជាតិចេញពីទីនោះ ដូចដែលខ្លួនធ្លាប់ បានទាមទារជាច្រើនលើកច្រើនសាមកហើយ ។
៤-នឹងបន្តដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាទៅតាមច្បាប់អន្តរជាតិដោយសន្តិវិធី តាមរយៈក្របខណ្ឌ (JBC) ហើយថា ការងារ នោះកំពុងដំណើរការ ។
ទោះជាយាងណាក៏ដោយ ការចេញមកទាមទារដោយរំលោភលើដែនអធិបតេយ្យកម្ពុជា ដោយគ្មានមូលដ្ឋានច្បាប់របស់ថ្នាក់ដឹកនាំថៃ ក៏ដូចជាការអះអាងពីអធិបតេយ្យរបស់ខ្លួនលើវត្តកែវសិក្ខាគិរីស្វារៈ និងការមិនទទួលស្គាល់ផែនទីខ្នាត១/២០០.០០០ គឺបានបង្ហាញយ៉ាងជាក់ច្បាស់ថា រដ្ឋាភិបាលអាប់ភីស៊ីត បាននិងកំពុងដើរផ្ទុយទៅនឹងគោលការណ៍នៃការចង់បានសន្តិភាពនៅក្នុងតំបន់សម្រាប់ប្រជាជនទាំងពីរកម្ពុជា-ថៃ និងម៉្យាងទៀត ការព្រមានប្រកាសសង្គ្រាមដោយប្រើប្រាស់កម្លាំងទ័ពមកគាបសង្កត់លើប្រទេសកម្ពុជាដែលមានអធិបតេយ្យ បូរណភាពទឹកដីត្រឹមត្រូវ គឺជាការបង្ហាញនូវចេតនាច្បាស់លាស់នៃការចង់បន្តជម្លោះជាមួយកម្ពុជា បំផ្លាញនូវភាពសុខសាន្តរបស់ប្រជាពលរដ្ឋទាំងពីរ និងបានដើរផ្ទុយទាំងស្រុងទៅនឹងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០១០ របស់ថ្នាក់ដឹកនាំគណបក្សនយោបាយនៅជុំវិញតំបន់អាស៊ី ដែលបានអំពាវនាវឲ្យមានការថែរក្សានូវបេតិកភណ្ឌអាស៊ីទាំងមូល ។ ទង្វើទុច្ចរិតរបស់រដ្ឋាភិបាលអាប់ភីស៊ីត បានបង្ហាញពីការប្រើល្បិចកលដ៏អាក្រក់ជាទីបំផុតក្នុងការបំពុលបរិយាកាសប្រកបដោយគ្រោះថ្នាក់ដល់ប្រទេសជាតិទាំងពីរ និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
ការពិត នាយករដ្ឋមន្ត្រីអាប់ភីស៊ីត និងរដ្ឋមន្ត្រីការបរទេសកាស៊ីត ភិរម្យ ពុំមានអ្វីជាទឡ្ហីករណ៍ដុំកំភួនណាមួយស្របច្បាប់សម្រាប់ការពារមហិច្ឆតាឈ្លានពានទឹកដីកម្ពុជានោះឡើយ ផ្ទុយទៅវិញសកម្មភាពឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា បានស្តែងចេញតាមរយៈការបង្កើតឱ្យមានឡើងនូវផែនទីចោរ លួចគូរជាឯកតោភាគី ដោយសម្ងាត់ គ្មានការទទួលស្គាល់ពីអន្តរជាតិ ។ ដូចនេះ ការលើកឡើងពីតំបន់ជិតប្រាសាទព្រះវិហារ និងតំបន់នៅតាមព្រំដែនជាប់នឹងកម្ពុជាថា ជា «ដីត្រួតស៊ីគ្នា៤,៦គីឡូម៉ែត្រក្រឡានោះ គ្រាន់តែជាលេសនៅក្នុងមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា ជាពិសេសចង់បង្វែរពីសភាពការណ៍តានតឹងនៃវិបត្តិផ្ទៃក្នុងរបស់ខ្លួន
ដោះស្រាយពុំរួច ហើយងាកមកយកកម្ពុជាធ្វើជាចំណាប់ខ្មាំងនយោបាយក្នុងប្រទេសរបស់ខ្លួន ស្របពេលដែលមានហ្វូងបាតុករទាំងអាវលឿង និងអាវក្រហមបាននិងកំពុងដឹកនាំធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនោះ នាមុនពេលបោះឆ្នោតក្នុងប្រទេសថៃ ។
យោងតាមប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចុះថ្ងៃទី២៨ មករា ឆ្នាំ២០១១ បានបញ្ជាក់ជាថ្មីថា «វត្តកែវសិក្ខាគិរីស្វារៈ គឺបានកសាងឡើងដោយប្រជាជនកម្ពុជាក្នុងឆ្នាំ១៩៩៨ គឺច្បាស់ណាស់ថា វត្តនោះពិតជាស្ថិតនៅក្នុងទឹកដីកម្ពុជា ។ ម៉្យាងទៀត តំបន់ប្រាសាទព្រះវិហារ ជាពិសេសវត្តកែវសិក្ខាគីរីស្វារៈ ត្រូវបានការពារតាមផ្លូវច្បាប់ដ៏រឹងមាំ និងការគ្រប់គ្រងជាក់ស្តែងដោយកម្ពុជា (De facto et De jure) ដូច្នេះទង់ជាតិរបស់ ព្រះរាជាណាចក្រកម្ពុជា ដែលកំពុងបង្ហោះនៅលើវត្តគឺមានលក្ខណៈស្របច្បាប់» ហើយទង់ជាតិនេះក៏ជាតំណាងឲ្យអត្តសញ្ញាណនៃឯកភាពជាតិខ្មែរទាំងមូល ដូចមានកំណត់នៅក្នុងឧបសម្ព័ន្ធទី១នៃមាត្រា៦ ក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាផងដែរ។ ដូច្នេះការព្រមានប្រកាសសង្គ្រាមរបស់លោកអាប់ភីស៊ីតដោយបង្ហាញកម្លាំងយោធាមកលើកម្ពុជាតាមរយៈការតម្រូវឲ្យកម្ពុជាដកទង់ជាតិរបស់ខ្លួនចេញពីវត្តកែវសិក្ខាគិរីស្វារៈដែលថៃអះអាងថា ជាទឹកដីរបស់ខ្លួន គឺមានតម្លៃស្មើនឹងការប្រមាថយ៉ាងធ្ងន់ធ្ងរមកលើជាតិខ្មែរ ហើយនេះគឺជាមហិច្ឆតាចង់ពង្រីកទឹកដីតាមរបៀបហ៊ីទ្លែរនិយមដែលក្នុងសម័យសកលភាវូបនីយកម្មទីផ្សារសេរីមិនអនុញ្ញាតឲ្យប្រព្រឹត្តបែបនោះបានឡើយ។ ដូច្នេះ ដោយយោងទៅលើមាត្រា៥២,៥៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាមាន កាតព្វកិច្ច និងប្រកាន់ជំហរដាច់ខាតក្នុងការប្តេជ្ញា រក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាព ទឹកដី និងសូមរក្សាទុកនូវសិទ្ធិកាន់អាវុធតស៊ូ ប្រឆាំងនឹងការរំលោភឈ្លានពានមកពីក្រៅ ដើម្បីការពារមាតុភូមិរបស់ខ្លួន ៕
ចែករំលែកព័តមាននេះ