រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ កាលពីវេលាម៉ោង៦និង២៥នាទីព្រឹកថ្ងៃទី២៩ កក្កដា បានបើកប្រតិបត្តិការចុះឆែកឆេររកជនជាតិវៀតណាមរស់នៅខុសច្បាប់បានចំនួន៥១នាក់ក្នុងនោះមានស្រី១៥នាក់ និងក្មេងចំនួន៤នាក់ផងដែរ ស្ថិតនៅក្នុងបុរីអង្គរភ្នំពេញ ក្រុម៦ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលនាយកដ្ឋានសើុបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឱ្យដឹងថា ជនជាតិវៀតណាមទាំង៥១នាក់ ក្រោយពីឃាត់ខ្លួនក៏បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បអនុវត្តតាមនីតិវិធីនិងរៀបចំបណ្តេញចេញពីកម្ពុជា ។ ចំពោះជនជាតិវៀតណាមទាំងនេះ ភាគច្រើនចូលមកដោយខុសច្បាប់ និងមកធ្វើជាកម្មករសំណង់នៅក្នុងបុរីខាងលើ ។
គួរបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានមានប្រសាសន៍ពីជំហរយ៉ាងច្បាស់លាស់ និងតឹងរ៉ឹងបំផុតក្នុងសកម្មភាពប្រមូល និងទប់ស្កាត់ការហូរចូលនៃជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជា ។ ប្រតិបត្តិការរបស់សមត្ថកិច្ចនេះ គឺធ្វើឡើងនៅទូទាំង២៥រាជធានី-ខេត្ត ព្រមទាំងបានអំពាវនាវឱ្យអាជ្ញាធរនិងសមត្ថកិច្ចទូទាំងប្រទេស ត្រូវចូលរួមសហការជាមួយនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីឈានទៅសម្រេចកិច្ចការទាំងនេះស្របទៅតាមច្បាប់ ៕
ចែករំលែកព័តមាននេះ