ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​ជ្រាវ ឬ​បារាំង​ដោត​ទង់​មាន​ទឹកធ្លាក់​ខួប​ប្រាំង​វស្សា​គួរ​គាប់​កម្សាន្តទឹកថ្លា​ត្រជាក់​អាច​ក្លា​ស្សេ​ស្រា​បៀរ​ជំនួស​ទឹកកក​បាន

8 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ភ្នំ​ជ្រាវ ឬ​បារាំង​ដោត​ទង់​មាន​ទឹកធ្លាក់​ខួប​ប្រាំង វស្សា​មិន​ដែល​ដាច់​ទេ ។ នៅ​ទីនោះ​មាន​ទឹកជ្រោះ​៧​ជាន់ មានព្រៃ​ព្រឹក្សា លតា វល្លិ ពណ៌​បៃតងខ្ចី និង​មាន​សំឡេង​សត្វ​យំ​ប្រគំ​ជា​តន្ត្រី​ធម្មជាតិ​លាយឡំ​សូរ​ទឹក​ហូរ

ខេត្តកំពង់ស្ពឺ ៖ ភ្នំ​ជ្រាវ ឬ​បារាំង​ដោត​ទង់​មាន​ទឹកធ្លាក់​ខួប​ប្រាំង វស្សា​មិន​ដែល​ដាច់​ទេ ។ នៅ​ទីនោះ​មាន​ទឹកជ្រោះ​៧​ជាន់ មានព្រៃ​ព្រឹក្សា លតា វល្លិ ពណ៌​បៃតងខ្ចី និង​មាន​សំឡេង​សត្វ​យំ​ប្រគំ​ជា​តន្ត្រី​ធម្មជាតិ​លាយឡំ​សូរ​ទឹក​ហូរ ឈូ​ៗ​ឥត​ឈប់ ។  ភ្នំ​ជ្រាវ​ស្ថិត​នៅ​ភូមិ​តាំង​សំរោង ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។

បើ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៤ ពី​ទីរួមខេត្ត​កំពង់ស្ពឺ​ឆ្ពោះទៅ​ផ្លូវបំបែក​ទីប្រជុំជន​អម​លាំង ចម្ងាយ​ប្រមាណ​៦០​គីឡូម៉ែត្រ រួច​ហើយ​បន្តដំណើរ​ទៅ​ទិសពាយ័ព្យ​ប្រមាណ​២០​គីឡូម៉ែត្រ​ទៀត នឹង​ទៅ​ដល់​ទឹកធ្លាក់​ដំណាក់​ទី​១ ។

ជ្រាវ​ជា​ទឹកធ្លាក់​ដែល​មាន​ជម្រាល​ច្រើន​ដំណាក់​អំណោយផល​ដល់​ការ​ងូតទឹក​លេង​កម្សាន្ដ​របស់​អ្នកទេសចរ​ក្នុង​តំបន់​ដែល​ភាគច្រើន​គេ​នាំ​គ្នា​ទៅ​កម្សាន្ត​តែ​នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ ឬ​ថ្ងៃ​បុណ្យ​ប៉ុណ្ណោះ ។ អ្នកទេសចរ​អាច​នាំ​គ្នា​ងូតទឹក​ធ្លាក់​នៅ​ដំណាក់​ទី​១ ដែល​មាន​ជម្រាល​ទឹក​ហូរ​សម្រាប់​ងូត​លេង​កម្សាន្ដ ។

ក្រោយ​ងូតទឹក​ហើយ​នោះ​អ្នកទេសចរ​នាំ​គ្នា​ហូប​អាហារ​ថ្ងៃត្រង់​ក្រោម​ម្លប់ឈើ ឬ​ក្បែរ​ល្បាក់ទឹក​ធ្លាក់​ដែល​លាន់​សំឡេង​យ៉ាង​កងរំពង​លាយឡំ​នឹង​សំឡេង​ស្រែក​ខ្ញៀវខ្ញារ ពី​សត្វ​បក្សាបក្សី​ទាំងឡាយ  បង្កើត​បាន​ទៅ​ជា​សំឡេង​តូរ្យតន្ត្រី​យ៉ាង​ពីរោះ គួរ​ឱ្យ​ចង់​ស្តាប់​កម្សាន្ត​ធ្វើ​ឱ្យ​អារម្មណ៍​ដែល​ហត់នឿយ​ក្នុង​ការងារ​ហាក់បី​ដូរ​ជា​រសាយ​ហូរ​ទៅ​តាម​ខ្សែទឹក ។

ទឹកធ្លាក់​ជ្រាវ​ហូរ​ពី​កំពូលភ្នំ​ឱ​រ៉ា​ល់ ដែល​អ្នកស្រុក​នៅ​តំបន់​នោះ​ហៅ​ថា «​បារាំង​ដោត​ទង់​» ។ ទឹកជ្រោះ​នេះ​មាន​៧​ដំណាក់ ដែល​ដំណាក់ នីមួយ​ៗ មាន​ជម្រាល និង​គន្លាក់​ចម្ងាយ​ប្រមាណ​៣០​ម៉ែត្រ និង​ល្បាក់​ធ្លាក់​កម្ពស់​ប្រមាណ​៣ ម៉ែត្រ​អំណោយផល​ក្នុង​ការ​ងូត និង​ហែល​លេង​កម្សាន្ដ ។

ចំពោះ​ដំណាក់​ទី ៧​វិញ ស្ថិត​នៅ​ឆ្ងាយ​(​ជិត​បារាំង​ដោត​ទង់​) ត្រូវ​ចំណាយពេល​ឡើង​ភ្នំ​រាប់​ម៉ោង ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកទេសចរ​ភាគច្រើន​មិន​ចង់​បន្ដដំណើរ​ទៅ​កាន់​ដំណាក់​ទី​៧​ទេ​(​រាប់​ពីក្រោម​ឡើង​លើ​)​។ បើ​ទោះបីជា​មាន​គេ​អះអាង​ថា នៅ​ដំណាក់​បន្ទាប់​មាន​ទឹកធ្លាក់​កម្ពស់​រហូត​ដល់​ជាង​២០​ម៉ែត្រ ស្រស់​ស្អាត​យ៉ាងណា​ក៏​ដោយ មាន​មនុស្ស​តិចតួច​ណាស់​តស៊ូ​បន្ត​ចូល​ទីកន្លែង ជ្រៅ​ៗ លាក់ខ្លួន​ក្នុង​ធម្មជាតិ​។​បើ​និយាយ​ពី​ទឹកធ្លាក់​ដ៏​ថ្លាយង់​នេះ​វិញ គឺ​មាន​សីត​ណ្ហ​ភាព​ត្រជាក់​អាច​ក្លា​ស្សេ​ស្រា​បៀរ​បាន​ទៀត​ផង ដោយ​មិន​ចាំបាច់​ប្រើ​ទឹកកក​ឡើយ ។

លោក​អនុសេនីយ៍ទោ​អ៊ុំ រតនា នាយ​ប៉ុស្តិ៍​រដ្ឋបាល​អម​លាំង​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​នេះ​ថា បច្ចុប្បន្ន​ទឹកធ្លាក់​ជ្រាវ​គ្រប់គ្រង​ដោយ​អាជ្ញាធរ និង​សហគមន៍ «​គោក​មន្ទីរ​» មាន​ទៅ​តាម​ក្រុម នីមួយ​ៗ ដូច​ជា​ក្រុម​មើល​ការ​ខុស​ត្រូវ​តំបន់​កម្សាន្ដ​ទឹកធ្លាក់ មាន​ក្រុមការងារ​សំអាត​បរិស្ថាន ។ ក្រុមការងារ​តែងតែ​ទៅ​ណែនាំ​អំពី​ការ​វេច​ខ្ចប់ និង​ដាក់​កាក​សំណល់​សំរាម​ឲ្យ​មាន​របៀបរៀបរយ​ដើម្បី​បរិស្ថាន​ស្អាត ។

នៅ​ថ្ងៃ​ចុង​ស​ប្ដា​ហ៍ និង​ថ្ងៃ​បុណ្យ អ្នកទេសចរ​ជាតិ​ទៅ​លេង​កម្សាន្ដ​ច្រើន​លើស​ថ្ងៃ​ធម្មតា ។ ថ្វី​ដ្បិតតែ​ទឹកធ្លាក់​ដ៏​ត្រជាក់​នេះ​ហូរ​ខួប​ប្រាំង​វស្សា​យ៉ាងណា​ក្តី ក៏​ក្រុមការងារ​មិន​ដែល​ដើរ​ចោល ឬ​ចាក​ចេញពី​គោលដៅ​ណាមួយ​ឡើយ គឺ​ពង្រាយ​បណ្ដាក់​សមាជិក​របស់​ខ្លួន​ស្ទើរ​គ្រប់​ដំណាក់ ដើម្បី​រង់ចាំ​មើល​អំពី​ហេតុការណ៍​អាសន្ន​ណាមួយ  ពិសេស​រដូវ​នេះ​ជា​រដូវវស្សា​ទឹក​ហូរ​ធ្លាក់​គំហុក ។  កាលណា​មាន​អ្នក​ចាំ​តាមដាន​មើល​គ្រប់ពេល​អាច​ធ្វើ​ឱ្យ​អ្នក​ទៅ​កម្សាន្ត​គេច​ផុត​ពី​គ្រោះថ្នាក់ ផ្សេង​ៗ​ជាយថាហេតុ​បាន ។

ទឹកធ្លាក់​ជ្រាវ​មាន​ប្រភព​ពីលើ​កំពូលភ្នំ​ឱ​រ៉ា​ល់ ឬ​បារាំង​ដោត​ទង់​(​កន្លែង​បិតា​របស់​ព្រះបាទ​ត្រសក់ផ្អែម​តាំងធម៌​សមាធិ​) ។ មាន​ប្រវត្តិ​រឿងតំណាល​ថា កាល​ដើម​ឡើយ​នៅ​ពេល​ព្រះបាទ​ត្រសក់ផ្អែម​បាន​ឡើង​សោយរាជ្យ ដោយ​ព្រះ​អង្គ​នឹករលឹក​ទី​ដែល​ព្រះ​អង្គ​ធ្លាប់​ដាំ​ត្រសក់​ក៏​ឱ្យ​គេ​សាង​ព្រះរាជ​គោក​មន្ទីរ (​កន្លែង​លំហែ​) ទុក​សម្រាប់់​ទៅ​លំហែ​នៅ​ពេល​ព្រះ​អង្គ​នឹករលឹក​ទី​ប្រសូត និង​កន្លែង​ដែល​ព្រះ​អង្គ​ដាំ​ត្រសក់ ។ ជា​និច្ចកាល​ព្រះបាទ​ត្រសក់ផ្អែម​តែងតែ​នាំ​បរិវារ  និង​មហេសី​ទៅ​លំហែ ងូតទឹក​លេង​នៅ​តាម​ដំណាក់​ទឹកធ្លាក់ នីមួយ​ៗ ។

សម័យ​ថ្ងៃមួយ​ព្រះ​ជាយា​ជ្រុះ​បាត់​ព្រះ​ទម្រង់ (​ចិញ្ចៀន​)​ទៅ​ក្នុង​ទឹកធ្លាក់​នោះ ។ ដោយ​បានដឹង​ថា ព្រះ​ជាយា​របស់​ព្រះមហាក្សត្រ​ជ្រុះ​បាត់​ព្រះ​ទម្រង់ ក្រុម​សេនា អាមាត្យ នាំ​គ្នា​ចុះ​ទឹក​រាវ និង​ជ្រាវ​រក​ព្រះ​ទម្រង់​នោះ ។ បើ​ទោះជា​នាំ​គ្នា​រាវរក​យ៉ាងណា​ក្តី​នៅ​តែ​មិន​ប្រទះ​ឃើញ​សោះ ធ្វើ​ឱ្យ ម្នាក់​ៗ​ទាល់​តម្រិះ​និយាយ​អ្វី​លែង​កើត​ក៏​នាំ​គ្នា​សម្រាក ។ កាលបើ​ក្រុម​សេនា អាមាត្យ​រក​ព្រះ​ទម្រង់​មិនឃើញ​នោះ ព្រះបាទ​ត្រសក់ផ្អែម​ក៏​ត្រាស់​ថា មិនបាច់​រក​ទៀត​ទេ ហើយ​សន្មត​នៅ​ទីនោះ​ថា «​ជា​បឹង​ជ្រាវ ឬ​ទឹកធ្លាក់​ជ្រាវ​» ។ ដោយ​មាន​ប្រវត្តិ និង​ការ​ហៅ ត​ៗ​គ្នា​តាំងពី​ដើម​រៀង​មក ទើប​អ្នកស្រុក​នៅ​តំបន់​នោះ​នាំ​គ្នា​ហៅ​ថា «​ភ្នំ​ជ្រាវ ឬ​ទឹកធ្លាក់​ជ្រាវ » រហូត​ដល់​បច្ចុប្បន្ន ។ អ្នក​ទៅ​កម្សាន្ត​ដែល​មិន​បាន​វេច​ខ្ចប់​ម្ហូបអាហារ​ទៅ​ជាមួយ​សម្រាប់​បរិភោគ​ក៏​មាន​អ្នក​រស់នៅ​តំបន់​នោះ​នាំ​គ្នា​លក់ដូរ​ម្ហូបអាហារ​ជា​ច្រើន​បែប ច្រើន​មុខ មាន​ដូច​ជា​មាន់​ដុត ត្រី​ដុត​អំបិល និង​បាយ​ម្ហូប ផ្សេង​ៗ ក្នុង​តម្លៃ​សមរម្យ​៕