ខេត្តកំពង់ធំ ៖ រថយន្ត២គ្រឿងបានបើកបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យត្រូវអ្នកជិះម៉ូតូម្នាក់ស្លាប់ភ្លាមៗ កាលពីវេលាម៉ោងជាង១៨យប់ថ្ងៃទី១២ កក្កដា ២០១៥ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ទាក់ទិនករណីគ្រោះថ្នាក់ចរាចណ៍ខាងលើនេះត្រូវគេដឹងថា គឺដោយសារតែរថយន្តម៉ាកឡិចស៊ីស ពណ៌ស្ករមួយគ្រឿងបុកជាមួយរថយន្តម៉ាកតាកូម៉ា រួចវេរចង្កូតទៅបុកម៉ូតូស្គូពីមួយគ្រឿង ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឱ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ ។
សមត្ថកិច្ចជំនាញបានបន្តថា យោងតាមការបំភ្លឺរបស់សាក្សីបានឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកឡិចស៊ីស ពណ៌ស្ករ បើកបរដោយបុរសម្នាក់ទំនងជាអ្នករាជការ ធ្វើដំណើរពីត្បូងទៅជើង ក្រោយមកដល់កន្លែងកើតហេតុជាផ្លូវអក្សតេ ស្រាប់តែមានរថយន្តតាកូម៉ាពណ៌ស្ករបើកចេញមកពីក្នុងភូមិបំរុងបត់ស្ដាំ ជាហេតុធ្វើឱ្យរថយន្តឡិចស៊ីសបុករថយន្តតាកូម៉ា រួចវេរចង្កូតទៅបុកម៉ូតូស្គូពីដែលបើកដោយបុរសចំណាស់ឈ្មោះឈាង ហ៊ីន អាយុ៦០ឆ្នាំ មានទីលំនៅភូមិទី៤ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខណៈកំពុងធ្វើដំណើរបញ្ច្រាសគ្នា បណ្ដាលឱ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗ ។
សមត្ថកិច្ចបន្តថា អ្នកបើករថយន្តម៉ាកតាកូម៉ាឈ្មោះណាម គឹមហ៊ន អាយុ៤៨ឆ្នាំ រស់នៅភូមិកំពង់ក្រប៉ៅ សង្កាត់កំពង់ក្រប៉ៅ ក្រុងស្ទឹងសែន ។ ដោយឡែក អ្នកបើករថយន្តឡិចស៊ីសបានគេចខ្លួន ។
ជុំវិញករណីខាងលើនេះ បើទោះជាសមត្ថកិច្ចមិនបង្ហាញអត្តសញ្ញាណអ្នកបើកបររថយន្តបង្កក្តី ប៉ុន្តែមហាជនបានស្គាល់គ្រប់គ្នាថា ជារថយន្តរបស់លោកនាគ ឆវ័ន្ត គឺជាប្រធានពន្ធនាគារខេត្តកំពង់ធំ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ