រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតរវាងម៉ូតូនិងម៉ូតូនៅលើស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង១០ និង៤៥នាទីយប់ ថ្ងៃទី០៦ កក្កដា ២០១៥ បណ្តាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់ និងម្នាក់រងរបួសស្រាល ។
ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ ពាក់ស្លាកលេខ កណ្តាល 1A-0698 ជិះគ្នា២នាក់ បើកពីលិចទៅកើត (បញ្ច្រាស់ទិសដៅស្ពាន)លើស្ពានព្រះមុនីវង្សចាស់ ស្រាប់តែមកដល់កន្លែងកើតហេតុក៏បុកគ្នាយ៉ាងពេញទំហឹងជាមួយម៉ូតូ១គ្រឿងទៀតម៉ាក ហុងដា សេ១២៥ ពាក់ស្លាកលេខ សៀមរាប 1D-7963 បើកបរតែម្នាក់ ក្នុងទិសដៅពីកើតទៅលិច(ស្របទិសដៅស្ពាន) ។
ប្រភពបានបន្តទៀតថា បុរស២នាក់ដែលបើកបរបញ្ច្រាស់ទិសដៅបានរងរបួសធ្ងន់ ឯបុរសម្នាក់ទៀតដែលបើកបរស្របទិសដៅស្ពានរងរបួសស្រាល ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះ ។ ចំណែកម៉ូតូខូចខាតធ្ងន់ធ្ងទាំងសងខាង ។
ព័ត៌មានលម្អិតនឹងផ្សាយនៅពេលក្រោយ និងនៅលើកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ