ខេត្តកណ្តាល ៖ ផ្ទះទឹក បែ និងទូកជនជាតិវៀតណាមដែលរស់នៅលើផ្ទៃទឹកនៃដងទន្លេមេគង្គចំណុចកំពង់ចម្លងអរិយក្សត្រ ក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម ចំនួន៦៥គ្រួសារត្រូវបានរុះរើចាកចេញអស់ហើយ ស្របតាមសេចក្តីជូនដំណឹងលេខ៤២៤ សជណ របស់អាជ្ញាធរខេត្ត ចាប់ពីថ្ងៃទី១១ ឧសភា រហូតមកដល់ថ្ងៃទី២២
មិថុនា កន្លងមកនេះ ។
កម្លាំងដែលចូលរួមរុះរើផ្ទះទឹក បែ និងទូកជនជាតិវៀតណាមនាពេលនេះ ដឹកនាំដោយលោក នៃ ចារី អភិបាលរងខេត្ត លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកស្នងការរង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត អភិបាល អភិបាលរងស្រុក មេបញ្ជាការ មេបញ្ជាការរងទាំង៣ ក្នុងស្រុក និងប្រធានការិយាល័យជុំវិញស្រុកផងដែរ ។ នេះជាការប្រឹងប្រែងគួរឱ្យកត់សម្គាល់មួយសម្រាប់អាជ្ញាធរខេត្ត និងស្រុក ។
បន្ទាប់ពីពលរដ្ឋវៀតណាមចាកចេញទៅបានបន្សល់ទុកនូវកាកសំណល់សំរាមជាច្រើនតាមមាត់ទន្លេ ។ ទើបនៅព្រឹកថ្ងៃទី២៥ មិថុនា គណៈបញ្ជាការឯកភាពស្រុករួមមាន មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងទាំង៣អង្គភាពក្នុងស្រុក ប្រធានការិយាល័យ មេឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុប៤៧៥នាក់ដឹកនាំដោយលោក ប៊ុន ផេង អភិបាលស្រុក បានចុះសម្អាតបរិស្ថាននៅចំណុចនោះ ប្រៀបដូចបើកយុទ្ធនាការប្រមូលកាកសំណល់ ។
លោក ប៊ុន ផេង អភិបាលស្រុក ឱ្យដឹងថា មូលហេតុដែលអាជ្ញាធរខេត្តមិនឱ្យប្រជាជនវៀតណាមរស់នៅលើតំបន់នេះ គឺដើម្បីកែលម្អសោភ័ណភាពបរិស្ថាន ព្រោះថាចំណុចកំពង់ចម្លងអរិយក្សត្រនេះស្ថិតនៅចំពីមុខព្រះបរមរាជវាំង ដែលមានភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាច្រើន ។ ចំពោះប្រជាជនវៀតណាមទាំង៦៥គ្រួសារនោះ ត្រូវអាជ្ញាធរស្រុក-ខេត្តទាក់ទងជាមួយអាជ្ញាធររាជធានីភ្នំពេញ រៀបចំរកកន្លែងឱ្យស្នាក់នៅតាមតំបន់ដែលមានប្រជាជនវៀតណាមដូចគ្នារស់នៅ ដែលឆ្ងាយពីតំបន់ទេសចរណ៍ ។
តាមស្ថិតិបង្ហាញថា ពលរដ្ឋវៀតណាមដែលបានតម្រូវឱ្យចាកចេញនោះ មានចំនួន៦៥គ្រួសារ មានបែ៦២ ទូក២ ។ ចំណែកការរុះរើ គឺផ្ទះទឹកបានអូសចេញចំនួន៥៥ រុះរើឡើងគោក១០ នៅសល់បែ១ និងផែ៥ ។ ការចាកចេញទៅនោះត្រូវបានក្រុមមន្ត្រីឱ្យដឹងថា ផ្ទះទឹកចំនួន១៥ ឱ្យទៅនៅមុខវត្តខ្សាច់ក្នុងឃុំអរិយក្សត្រ ។ មុខវត្តចំប៉ា ឃុំក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញចំនួន១០ ។ នៅចំណុចកំពង់ដតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ២៣ និងនៅគីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ចំនួន៦ ។
កាលពីថ្ងៃទី១៥ មិថុនា អភិបាលស្រុកល្វាឯម បានចេញលិខិតតម្រូវឱ្យអ្នកដែលស្នាក់នៅខុសច្បាប់លើបែ ផែ និងទូកលើផ្ទៃទឹកចំណុចកំពង់ចម្លងអរិយក្សត្រ រើចេញជាបន្ទាន់ ដោយបានដាក់ឱសានវាទយ៉ាងយូរបំផុតត្រឹមល្ងាចថ្ងៃទី២២ មិថុនា ។ ខ្លឹមសារលិខិតព្រមានថា ក្នុងករណីអ្នកទាំងនោះមិនរើចេញទេ កម្លាំងចម្រុះនឹងចុះអនុវត្ត ហើយមិនទទួលខុសត្រូវចំពោះរាល់សម្ភារដែលខូចខាតឡើយ ។
អ្នកដែលកំពុងរស់នៅទីនោះបញ្ជាក់ថា មុនពេលមានចំណាត់ការរបស់អាជ្ញាធរនេះ មានផ្ទះជនជាតិវៀតណាមរស់នៅលើផ្ទៃទឹកប្រមាណ៨០ផ្ទះ ប៉ុន្តែក្រោយពីមានចំណាត់ការនេះ នៅសល់ផ្ទះតែប្រមាណ១០បុ៉ណ្ណោះ ព្រោះអ្នកផ្សេងទៀតបានរើចេញអស់ហើយ ។ ពួកគេអះអាងថា ផ្ទះដែលនៅសល់នឹងរើចេញទៅតាំងលំនៅថ្មីជាបន្តទៀតដោយគ្មានការតវ៉ាអ្វីឡើយ ។
តាមការសង្កេត ផ្ទះនៅលើទឹករបស់ជនជាតិវៀតណាមនេះបានបង្កឱ្យបរិស្ថានទឹកកាន់តែកខ្វក់ ដោយសារតែពួកគេធ្វើបង្គន់លើផ្ទះទឹកនោះតែម្តង ។ សាធារណមតិមានការចាប់អារម្មណ៍ថា បើសិនជាផ្ទះបណ្តែតទឹកនៅផ្សារក្រោម ជាយក្រុងកំពង់ឆ្នាំងត្រូវបានរើចេញដែរនោះប្រហែលជាដៃទន្លេសាបលែងតូចចង្អៀតទៀតហើយ ។ មិនទាន់ដឹងថា ចំណាត់ការឱ្យផ្ទះទឹកក្រុងកំពង់ឆ្នាំង ឡើងគោកនោះមានប្រសិទ្ធភាពពេលណាទេ ទំនងបែបយ៉ាប់ហើយ៕
ចែករំលែកព័តមាននេះ