ខេត្តកំពត៖ មានទីតាំងបូមខ្សាច់មួយកន្លែង កំពុងធ្វើសកម្មភាពបូមខ្សាច់ចេញពីស្ទឹងមួយ ស្ថិតនៅក្នុងភូមិដូនស៊យ ឃុំថ្មី ស្រុកទឹកឈូ យ៉ាងអនាធិបតេយ្យដោយពុំបានគិតពីផលប៉ះពាល់បាក់ដីពោះស្ទឹង និងដីចំណីស្ទឹងនេះឡើយ ។
តាមប្រភពព័ត៌មានពីជម្ឈដ្ឋាននានាបានឱ្យដឹងថា មិនទាន់មានច្បាប់ពីមន្ទីរជំនាញ ហើយទីតាំងដែលក្រុមហ៊ុនឯកជនលួចបូមខ្សាច់មួយនេះ ជាដីមានទំនាស់រវាងអ្នកធ្វើអាជីវកម្ម និងម្ចាស់ដីកម្មសិទ្ធិ ដែលបានប្តឹងប្តល់គ្នាមិនទាន់ដាច់ស្រេចនៅឡើយ ។ ដីទីតាំងកំពុងបូមខ្សាច់ធ្វើអាជីវកម្មខាងលើ ជាដីមានទំនាស់ជាមួយម្ចាស់កម្មសិទ្ធិដែលមានប្លង់កាន់កាប់ត្រឹមត្រូវ ហើយសាលាដំបូងក៏បានចេញដីការក្សាការពារនាពេលកន្លងមកផងដែរ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងភូមិឃុំខាងលើ បានប្រាប់អ្នកយកព័ត៌មានថា មូលហេតុដែលក្រុមហ៊ុនឯកជនមួយនេះហ៊ានបូមខ្សាច់ធ្វើអាជីវកម្មស្ងាត់ៗនាពេលនេះ គឺដោយសារតែមានអំពើឃុបឃិតពីសំណាក់អាជ្ញាធរមូលដ្ឋានភូមិឃុំ ទើបក្រុមអាជីវករហ៊ានបូមបានយ៉ាងរលូនដូច្នេះ ។
ជុំវិញករណីខាងលើ ភ្នាក់ងារយើងមិនអាចសុំការបំភ្លឺពីម្ចាស់អាជីវកម្មនោះបានទេ ព្រោះគ្មានលេខទូរស័ព្ទ ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ