ប្រទេសកូរ៉េខាងជើងបានបង្កើតការគំរាមកំហែងនុយក្លេអ៊ែរដោយអះអាងកាលពីថ្ងៃទី២០ ឧសភាថា ខ្លួនអាចបាញ់ក្បាលគ្រាប់នុយក្លេអ៊ែរតូចៗតាមរយៈកាំជ្រួចរយៈឆ្ងាយដែលអាចបាញ់ត្រង់ ដែលនោះពិតណាស់ជាការព្រមានមួយចំពោះសហរដ្ឋអាមេរិកតែម្តង ។
ទោះបីយ៉ាងណា នៅក្រុងវ៉ាស៊ីនតោន សេតវិមានបានបញ្ចេញប្រតិបត្តិកម្មថាគេពុំជឿដែលកូរ៉េខាងជើងអាចផលិតក្បាលគ្រាប់នុយក្លេអ៊ែរតូចៗ ដូចដែលក្រុងព្យុងយ៉ាងនិយាយ ។ អ្នកនាំពាក្យម្នាក់នៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកថ្លែងថា យើងពុំគិតថាកូរ៉េខាងជើងអាចផលិតគ្រាប់ទាំងនោះបានឡើយ ។
ម្យ៉ាងទៀតក្រុងព្យុងយ៉ាងបានរិះគន់យ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោកចន ឃ័ររី នៅក្រុងសេអ៊ូលនាសប្តាហ៍នេះហើយលុបចោលនៅនាទីចុងក្រោយការអញ្ជើញអគ្គលេខាធិការ អ.ស.ប លោកបានគីមូន ទៅបំពេញទស្សនកិច្ចនៅប្លុកឧស្សាហកម្មអន្តរកូរ៉េ កាអឺសុង ស្ថិតក្នុងដែនដីខ្លួន ។
គណៈកម្មាធិការការពារជាតិ CDN របស់កូរ៉េខាងជើងក្នុងសេចក្តីប្រកាសមួយចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA អះអាងថា ចាប់តាំងពីយូរមកហើយដែលយើងចាប់ផ្តើមធ្វើគ្រាប់បែកនុយក្លេអ៊ែរតូចៗ ហើយពង្រីកសមត្ថភាពរបស់យើងទាក់ទិនដល់ការវាយប្រហារនុយក្លេអ៊ែរ ។ យើងក៏សម្រេចបាននូវកម្រិតខ្ពស់នៃការបាញ់ត្រង់ពុំត្រឹមតែសម្រាប់បណ្តាមីស៊ីលរយៈខ្លីឬរយៈមធ្យមប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់បណ្តាមីស៊ីលរយៈឆ្ងាយផងដែរ ។ យើងពុំលាក់លៀមរឿងនោះទេ ។
CDN ជាស្ថាប័នយោធាជាន់ខ្ពស់បំផុតរបស់ប្រទេសដឹកនាំដោយជនលេខមួយលោកគីម ជុងអ៊ុន ក៏រិះគន់ផងដែរ ដល់សហរដ្ឋអាមេរិកដែលបានថ្កោលទោសការបាញ់សាកល្បងប្រកបដោយជោគជ័យនូវមីស៊ីល បាលីស្ទិក មួយពីនាវាមុជទឹកមួយគ្រឿងថាជាការរំលោភបំពានបណ្តាដំណោះស្រាយអ.ស.ប ។
បណ្តាអ្នកជំនាញការនិងបណ្តាមេដឹកនាំលោកខាងលិចចាប់តាំងពីយូរមកហើយ ដឹងថាក្រុងព្យុងយ៉ាង មានអាវុធនុយក្លេអ៊ែររវាងពី១០ទៅ១៦គ្រាប់ផលិតពីផ្លុយតូនីញ៉ូម ឬអ៊ុយរ៉ានីញ៉ូមចម្រាញ់ ក៏ប៉ុន្តែពុំច្បាស់ដែលគ្រាប់បែកនុយក្លេអ៊ែរទាំងនោះអាចយកទៅដាក់នៅក្បាលកាំជ្រួច ។ ប្រសិនបើរបបកូរ៉េខាងជើងអាចដាក់ក្បាលគ្រាប់នុយក្លេអ៊ែរលើមីស៊ីលហើយដាក់មីស៊ីលទាំងនោះតាមនាវាមុជទឹកនោះការគំរាមកំហែងរបស់របបនោះនឹងមានកាន់តែខ្ពស់ ។
លោក CHO HAN-BUM អ្នកវិភាគនៃវិទ្យាស្ថានកូរ៉េខាងត្បូងទទួលបន្ទុកការបង្រួបបង្រួមជាតិនិយាយថា កូរ៉េខាងជើងមានប្រាក់ពុំគ្រប់គ្រាន់ឡើយ រួចការអះអាងទាំងឡាយនាពេលចុងក្រោយនោះរបស់ប្រទេសនេះពិបាកធ្វើណាស់ ។
ចំណែកលោក EUAN GRAHAM នៃវិទ្យាស្ថាន LOWY INSTITUTE FOR INTERNATIONAL POLICY ក្រុងស៊ីដនីនិយាយថា នោះជាមធ្យោបាយមួយសម្រាប់កូរ៉េខាងជើងសាកល្បងទាក់ទាញការចាប់អារម្មណ៍របស់រដ្ឋាភិបាលអាមេរិក ដែលមានការជាប់រវល់ខ្លាំងក្នុងការដោះស្រាយបណ្តាវិបត្តិនៅកន្លែងផ្សេងៗ ។
ទោះបីយ៉ាងណា គេនៅតែមានការភ័យខ្លាចប្រឈមនឹងការពង្រឹងរបស់ក្រុងព្យុងយ៉ាងនូវកម្មវិធីទាំង២គឺកម្មវិធីមីស៊ីលបាលីស្ទីក និងកម្មវិធីនុយក្លេអ៊ែរ ។ កូរ៉េខាងជើងបានសាកល្បងនុយក្លេអ៊ែរកាលពីឆ្នាំ២០០៦ ២០០៩ និង២០១៣ រួចកម្មវិធីអភិវឌ្ឍមីស៊ីល បាលីស្ទីក កំពុងសកម្មបំផុត ៕
ចែករំលែកព័តមាននេះ