រាជធានីភ្នំពេញ ៖ រថយន្តដឹកកុងតឺន័រក្រុមហ៊ុនផែស្ងូតសូងួនបានបើកបុកស្ត្រីម្នាក់ បណ្ដាលឲ្យបាក់ជើងខាងស្ដាំ និងដាច់សាច់កំភួនជើងដូចគេកាប់ ខណៈពេលស្ត្រីរងគ្រោះកំពុងជិះម៉ូតូ១គ្រឿងធ្វើដំណើរតាមផ្លូវម្នាក់ឯង ។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋបានហៅរថយន្តពេទ្យឲ្យយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ដែរ ប៉ុន្តែរយៈពេលប្រមាណជាង១ម៉ោងហើយមិនមានរថយន្តពេទ្យរដ្ឋណាមួយទៅយកជនរងគ្រោះនោះឡើយ ទើបសាច់ញាតិជនរងគ្រោះបានដឹកយកទៅសង្គ្រោះបន្ទាន់ដោយខ្លួនឯង និងអស់ទំនុកចិត្តជាមួយរថយន្តពេទ្យទាំងនោះយ៉ាងខ្លាំង។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង២ និង៤៥នាទីរសៀល ថ្ងៃទី០៦ ឧសភា ២០១៥ នៅលើកំណាត់ផ្លូវចោមចៅ ហៅផ្លូវវេងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីរងគ្រោះឈ្មោះ ទូច កាន់ណារី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ន ជប៉ុន មានទីលំនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តបង្កម៉ាកហ៊ីណូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ៣A២០២០ អ្នកបើកបរស្រវឹងស្រា និងម៉ូតូរងគ្រោះម៉ាកស្គូពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ១BQ៣៣៧៤ បានធ្វើដំណើរស្របគ្នាលើកំណាត់ផ្លូវវេងស្រេងនោះ ក្នុងទិសដៅពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ រថយន្តបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តបែកម៉ាស៊ីនហូរប្រេងម៉ាស៊ីនពេញផ្លូវ ។
បន្ទាប់មករថយន្តខាងលើមិនបានឈប់ស្ងៀមនោះទេ បានជ្រុលទៅមុខយ៉ាងលឿនបុកស្ត្រីរងគ្រោះពីក្រោយក្នុងពេលដែលនាងកំពុងជិះម៉ូតូ និងអូសទៅមុខជាង២០ម៉ែត្រ បណ្ដាលឲ្យរងរបួសបាក់ជើងស្ដាំធ្ងន់ធ្ងរ ។ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបង្ក បានចុះរត់គេចខ្លួនបាត់ ហើយប្រជាពលរដ្ឋ និងប៉ូលិសបានហៅរថយន្តមន្ទីរពេទ្យរដ្ឋឲ្យយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ ប៉ុន្តែរយៈពេលជាង១ម៉ោងហើយ មិនមានរថយន្តពេទ្យណាមួយទៅយកជនរងគ្រោះឡើយ គឺរុញដាក់គ្នាពីមួយទៅមួយ ដោយឃើញជនរងគ្រោះមានសភាពកាន់តែធ្ងន់ធ្ងរឡើងៗ ទើបសាច់ញាតិបានយករថយន្តម៉ាកហាយឡិនឌ័រមកដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដោយខ្លួនឯង ចំណែករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ត្រូវបានប៉ូលិសនាំយកទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
ចែករំលែកព័តមាននេះ