រាជធានីភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅឆ្នាំនេះមានតែម្តង ហើយតឹងរ៉ឹងជាងឆ្នាំមុន ជាមួយនឹងការដាក់ទោសអ្នកប្រព្រឹត្តអំពើពុករលួយដោយមិនមានការលើកលែងណាមួយទៀតទេ ។
លោកប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានថ្លែងបែបនេះប្រាប់អ្នកសារព័ត៌មាន ក្រោយពីបញ្ចប់ជំនួបពិភាក្សាការងារជាមួយនឹងមន្ត្រីទើបទទួលការងារថ្មីមួយរួបដែលជាអនុព័ន្ធច្បាប់នៃការិយាល័យសហព័ន្ធស៊ើបអង្កេត(FBI)ប្រចាំកម្ពុជា នៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៥ ។
លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា «កន្លងមក ការប្រឡង បាក់ឌុបមានគេដាក់សំណួរតាមអ្នកសារព័ត៌មានថា ហេតុអ្វីACUចាប់ផ្តើមភ្លាមតឹងរ៉ឹងខ្លាំងម្ល៉េះ គឺ១៨០អង្សាតែម្តង ។ យើងសុំបញ្ជាក់ថា យើងបានធ្វើឡើងគឺStep by step (បន្តិចម្តង)ទេ ។ កន្លងមក តាមរយៈរាជរដ្ឋា ភិបាលបានឱ្យប្រឡង២ដង ប៉ុន្តែសម្រាប់ឆ្នាំនេះអត់មានលើកទី២ទេព្រោះថាត្រូវតឹងជាងឆ្នាំមុន ។
លោកទេសរដ្ឋមន្ត្រីបន្ថែមថា កន្លងមកអ្នកដែលបានប្រព្រឹត្តអំពើពុករលួយនៅក្នុងការប្រឡងបាក់ឌុប អង្គភាពប្រឆាំងអំពើពុករលួយបានសុំឱ្យតុលាការចោទប្រកាន់ ក្នុងបទដែលទាបបំផុតហើយមានការព្យួរទោសថែមទៀត ពោលគឺអត់មានការដាក់ឱ្យជាប់ទោសពៃរ៍នៅក្នុងពន្ធនាគារនោះទេ ។ ការធ្វើបែបនេះ គឺអង្គភាពប្រឆាំងអំពើពុករលួយបាន គិតគូរពីស្ថានភាពសង្គម ហើយនេះក៏មិនមែនធ្វើឡើងភ្លាមតឹងរ៉ឹងខ្លាំងក្លានោះដែរគឺធ្វើបណ្តើរៗរហូតទាល់តែទទួលជោគជ័យដែលជាការចង់បានរបស់ឪពុកម្តាយសិស្សទូទៅ ។ ទោះជាយ៉ាងណាក្តី ការប្រឡងបាក់ឌុបកន្លងមកនេះអង្គភាពប្រឆាំងអំពើពុករលួយក៏មិនមែនចេះតែចាប់ខ្លួនអ្នកប្រព្រឹត្តខុសនោះដែរ ពោលគឺពិនិត្យទៅលើមុខសញ្ញាដោយខ្លះត្រូវការត្រឹមតែអប់រំតែប៉ុណ្ណោះ ។
លោក ឱម យ៉ិនទៀង គូសបញ្ជាក់ថា «ការប្រឡងបាក់ឌុបនៅអំឡុងខែសីហា ឆ្នាំ២០១៥ខាងមុខនេះអាចតឹងជាងមុន ហើយបើចាប់បានអ្នកប្រព្រឹត្តនោះនឹងយកទោសអាទាប ប៉ុន្តែមិនមែនក្រោមអាទាបដូចកាលពីមុនទេ ដែលមានទោសពី៦ខែដល់២ឆ្នាំទេ ។ តុលាការដាក់ទោស៦ខែ ព្យួរ៦ខែទៀត អ៊ីចឹងសូន្យថ្ងៃ ប៉ុន្តែឥឡូវនេះអត់ទេណា ! តែ៦ខែគឺចូលគុក៦ខែហើយ» ។
ទាក់ទិននឹងការប្រឡងបាក់ឌុបនេះដែរ លោកប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងដោយក្រើនរំលឹកថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងការប្រឡងបាក់ឌុបចាប់ផ្តើមពីការដាក់ទោសកម្រិតទាបបំផុត ហើយនឹងកើនឡើងបន្តបន្ទាប់ក្នុងនោះអាចពី៦ខែឬ២ឆ្នាំឡើងទៅ ៩ខែឬច្រើនឆ្នាំជាងនេះ ។ លោកអះអាងថា ការធ្វើបែបនេះគឺធ្វើតាមលក្ខណៈកាំជណ្តើរបន្តិចម្តងៗ ដើម្បីសំដៅធ្វើយ៉ាងណាជួយឱ្យវិស័យអប់រំនៅកម្ពុជាកាន់តែមានគុណភាពនិងទទួលស្គាល់ពីអន្តរជាតិ ។
លោកទេសរដ្ឋមន្ត្រី បន្ថែមថា ការប្រឡងបាក់ឌុបបានបង្ហាញពីការប្រយុទ្ធប្រឆាំងពុករលួយមួយដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នាពេលកន្លងមក ហើយមានការប្រែប្រួលយ៉ាងខ្លាំងដោយគេមិនអាចប្រព្រឹត្តអំពើពុករលួយបានទៀតឡើយ ។ ក្រៅពីនេះ ការអប់រំលើវិស័យប្រឆាំងអំពើពុករលួយនៅតាមសាលារៀនក៏បានបញ្ចូលក្នុងកម្មវិធីសិក្សារបស់សិស្សជាបន្តបន្ទាប់ ក្នុងនោះកាលពីឆ្នាំមុនបានបញ្ចូលក្នុងកម្មវិធីសិក្សាបានបីថា្នក់គឺពីថ្នាក់ទី១០ដល់ថ្នាក់ទី១២ ។ ប៉ុន្តែឆ្នាំនេះមានការបញ្ចូលកម្មវិធីនេះចាប់ពីថ្នាក់ទី៧ដល់ថ្នាក់ទី៩ ហើយឆ្នាំក្រោយនឹងបញ្ចូលកម្មវិធីបីថ្នាក់បន្ថែមទៀតរហូតដល់ថ្នាក់បឋមសិក្សា ។ យ៉ាងណាក៏ដោយចំពោះថ្នាក់ក្រោមៗទុកលទ្ធភាពឱ្យក្រសួងអប់រំជាអ្នកធ្វើការកែប្រែ និងបញ្ចូលកម្មវិធីនេះ ។
ទាក់ទិននឹងបណ្ដឹងពីអំពើពុករលួយវិញលោកបានអះអាងថា ក្នុងឆ្នាំ២០១៤កន្លងមក អង្គភាពប្រឆាំងអំពើពុករលួយបានទទួលពាក្យបណ្តឹងច្រើន ហើយក្នុងចំណោមនេះពាក្យបណ្តឹងច្រើនបំផុតគឺគ្រូបង្រៀនពិសេសនាយកសាលាប្រព្រឹត្តអំពើពុករលួយ ។ ក្នុងនោះមានពាក្យបណ្តឹងមួយចំនួនមិនត្រូវបានចាត់វិធានការគឺដើម្បីទុកពេលវេលាឱ្យសាមីខ្លួនធ្វើការកែប្រែនិងក្រសួងអប់រំធ្វើកំណែទម្រង់ ។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានឱ្យដឹងទៀតថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅកម្ពុជាទទួលបានជោគជ័យដោយក្នុងនោះដូចជា ប្រទេសសិង្ហបុរីដែលមានការប្រឆាំងអំពើពុករលួយរយៈពេល២៥ឆ្នាំ ហើយកោះហុងកុងមានរយៈពេលជិត២០ឆ្នាំ ពួកគេទើបទទួលបានជោគជ័យដូចសព្វថ្ងៃ ។ សម្រាប់កម្ពុជាត្រឹមតែរយៈពេល៥ឆ្នាំ អាចទទួលបានជោគជ័យត្រឹមកម្រិតនេះចាត់ទុកថា ល្អប្រសើរហើយ ពីព្រោះថាមន្ត្រីរាជការមួយចំនួនដែលគេធ្លាប់តែប្រព្រឹត្តអំពើពុករលួយនឹងមានការញញើតនិងមើលមុខក្រោយដែរ ។ ទោះបីជាយ៉ាងណា នាពេលបច្ចុប្បន្នមនុស្សមួយចំនួនធំគេបានបោះបង់ចោលការប្រព្រឹត្តអំពើពុករលួយនេះ ចំពោះអ្នកដែលនៅនោះសុទ្ធតែអ្នកធំមួយចំនួន ហើយគេកំពុងធ្វើយ៉ាងប្រយ័ត្នប្រយែងនិងមើលមុខក្រោយមិនបានបើកចំហដូចលើកមុនឡើយ បើមិនដូចនេះពួកគេនឹងប្រឈមការត្រូវដាក់ទោសយ៉ាងធ្ងន់ធ្ងរពុំខាន ។
គួររំឭកថា ការប្រឡងបាក់ឌុបនាឆ្នាំកន្លងមក អង្គភាពប្រឆាំងអំពើពុករលួយបានចេញរបាយការណ៍បូកសរុបលទ្ធផលការងារសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងសម័យប្រឡងថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ថា បានដំណើការទៅដោយរលូននិងមានតម្លាភាពយុត្តិធម៌ត្រឹមត្រូវស្របតាមពាក្យស្លោក «អ្នកចេះ គឺជាប់» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបំផុសឡើង ។
អង្គភាពប្រឆាំងអំពើពុករលួយ បានចូលរួមធ្វើជាអ្នកសង្កេតការណ៍តាំងពីដំណើរការសំណេរ កំណែរហូតដល់ការប្រកាសលទ្ធផលដែលមានអ្នកសង្កេតការណ៍សរុបចំនួន២៧១៥នាក់មកពីសង្គមស៊ីវិល បុគ្គលឯកជន និងមន្ត្រី ACU ដោយបានដាក់ពង្រាយនៅតាមមណ្ឌលប្រឡងទាំង១៥៤ ទូទាំងប្រទេស ។
ជាលទ្ធផល ការប្រឡងបាក់ឌុបនៅឆ្នាំ២០១៤ លើកទីមួយមានបេក្ខជនសរុប ៩៣.៤៥៦នាក់ មាន១៥១មណ្ឌល ចែកជា ៣.៧៧៩បន្ទប់ ហើយការប្រឡងលើកទី១ មានសិស្សប្រឡងជាប់ជាង២៥ភាគរយ ។ ចំណែកឯការប្រឡងលើកទី២វិញ បេក្ខជនដែលប្រឡងជាប់មានចំនួន ១០.៨៧១នាក់ ស្មើនឹង១៧,៩៤%នៃបេក្ខជនដែលមានវត្តមានត្រូវចូលរួមប្រឡងចំនួន៦០.៦១១នាក់ ។ បេក្ខជនដែលទទួលបាន និទ្ទេសC មានម្នាក់ និទ្ទេសD មានចំនួន៥៥នាក់ និងនិទ្ទេសE មានចំនួន១០.៨១៥នាក់ ។
សាធារណជនបានរំពឹងថា ការប្រឡងបាក់ឌុបក្នុងឆ្នាំនេះនឹងមានការតឹងរ៉ឹងជាងហើយសិស្សក៏បានត្រៀមខ្លួនក្នុងការប្រឡងបានប្រសើរជាងឆ្នាំមុនៗដែរ ដោយលទ្ធផលនោះគេជឿជាក់ថា អត្រាសិស្សប្រឡងជាប់នឹងកើនជាងមុន ៕
ចែករំលែកព័តមាននេះ